មន្ត្រីវប្បធម៌៖ ពិព័រណ៍សៀវភៅកម្ពុជា ​ធ្វើទ្បើងក្នុងគោលបំណងសំខាន់ៗចំនួន៥
S
Sreyleak Yith
20 ធ្នូ 2024 09:00 AM

រាជធានីភ្នំពេញ៖​ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: កាលពីថ្ងៃទី១៩ធ្នូ​ ឆ្នាំ២០២៤​ បានឱ្យដឹងថា ពិព័រណ៍សៀវភៅកម្ពុជាលើកទី១១​​ ធ្វើរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ គឺក្នុងគោលបំណង​​សំខាន់ៗមួយចំនួន…។

ក្រសួងវប្បធម៌ គូសបញ្ជាក់ថា​ គោលបំណងទាំង៥រួមមាន៖ ទី១-ជួយផ្សព្វផ្សាយការបោះពុម្ពសៀវភៅគ្រប់ប្រភេទ (ទាំងស្នាដៃអ្នកនិពន្ធចាស់ថ្មី) ដើម្បីឱ្យមានទីផ្សារទាំងក្នុងនិងក្រៅប្រទេស។​​ ទី២-ជំរុញឱ្យប្រជាជនខ្មែរមានទម្លាប់ក្នុងការអានសៀវភៅហើយជាសារមួយបញ្ជូនទៅដល់យុវជនឱ្យស្គាល់ពីគុណតម្លៃនៃការអាន ដើម្បីអភិវឌ្ឍន៍ចំណេះដឹង និងបង្កើនគំនិតសម្រាប់ ការសិក្សានិងការងារ។​​ ទី៣-បង្កើនកម្មវិធីនិទានរឿង និងគូរគំនូររូបភាពផ្សេងៗដល់កុមារ ដើម្បីបណ្តុះទឹកចិត្តកុមារឱ្យស្រឡាញ់ និងចូលចិត្តសៀវភៅតាំងពីនៅតូចៗ។​​ ទី៤-គាំទ្រឧស្សាហកម្មបោះពុម្ពផ្សាយ នៅកម្ពុជានិងនៅក្នុងពិភពលោក។​ ទី៥-លើកទឹកចិត្តកវីនិពន្ធ អ្នកនិពន្ធ អ្នកស្រាវជ្រាវ វិចិត្រករខ្មែរ ដើម្បីបង្កើតស្នាដៃថ្មីៗបន្ថែមទៀត។

លោកស្រី ភឿង សកុណា ជារដ្ឋមន្រ្តីវប្បធម៌ 
លោកស្រី ភឿង សកុណា ជារដ្ឋមន្រ្តីវប្បធម៌ 

ក្រសួងបន្ថែមថា​​ សកម្មភាពនៃការរៀបចំពិព័រណ៍សៀវភៅកម្ពុជា មានការដាក់តាំងសៀវភៅដែលចូលរួមពីអ្នកនិពន្ធ គ្រឹះស្ថានបោះពុម្ពផ្សាយ និងបណ្ណាគារនានាក្នុងព្រះរាជាណាចក្រកម្ពុជា (សៀវភៅមួយចំនួនដាក់លក់ក្នុងតម្លៃពិសេស), វេទិកាស្តីពីការបោះពុម្ពផ្សាយតាមប្រព័ន្ធអេឡិចត្រូនិក, ការធ្វើបទបង្ហាញនានាទាក់ទងទៅនឹងអក្សរសាស្ត្រ អក្សរសិល្ប៍ខ្មែរ និងវិទ្យាសាស្រ្ត ការនិពន្ធសៀវភៅទៅជាខ្សែភាពយន្ត, ការអភិវឌ្ឍជំនាញការអាន, ការជួបពិភាក្សា, និងទទួលយកបទពិសោធពីអ្នកនិពន្ធល្បីៗ និងមានចុះហត្ថលេខាពីអ្នកនិពន្ធព្រមទាំងវិចិត្រករ, កម្មវិធីនិទានរឿង, និងល្បែងសិក្សាសម្រាប់កុមារ, ការប្រគំតន្ត្រី, និងសំណួរចម្លើយចាប់យករង្វាន់ផ្សេងៗ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត