ក្រុមហ៊ុនយក្សរបស់ជប៉ុន Honda និង Nissan កំពុងជជែកពិភាក្សាអំពីលទ្ធភាពច្របាច់បញ្ចូលគ្នា
N
Nary Vann
18 ធ្នូ 2024 11:30 AM

រាជធានីតូក្យូ៖ ក្រុមហ៊ុនជប៉ុនទាំង២ Honda និង Nissan កំពុងពិភាក្សាគ្នាដើម្បីពង្រឹងទំនាក់ទំនង រួមទាំងការរួមបញ្ចូលគ្នាជាក្រុមហ៊ុនតែមួយ ខណៈឧស្សាហកម្មរថយន្តរបស់ប្រទេសជប៉ុន ប្រឈមមុខនឹងការប្រកួតប្រជែងពីក្រុមហ៊ុនតេស្លា និងគូប្រជែងចិន។

ក្រុមហ៊ុន Honda និង Nissan រួមបញ្ចូលគ្នាបង្កើតក្រុមហ៊ុនតម្លៃ៥៤ពាន់លានដុល្លារ ជាមួយនឹងទិន្នផលរថយន្តប្រចាំឆ្នាំ៧,៤លានគ្រឿង ដែលធ្វើឱ្យវាក្លាយជាក្រុមរថយន្តធំជាងគេទីបីរបស់ពិភពលោក ដោយការលក់រថយន្តបន្ទាប់ពីក្រុមហ៊ុន Toyota និង Volkswagen។ ក្រុមហ៊ុនទាំងពីរ បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្ររួចហើយនៅក្នុងខែមីនា ដើម្បីសហការក្នុងការអភិវឌ្ឍរថយន្តអគ្គិសនី ប៉ុន្តែបញ្ហាហិរញ្ញវត្ថុ និងយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Nissan បានបន្ថែមភាពបន្ទាន់បន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយក្រុមហ៊ុន Honda ដែលជាគូប្រជែងធំរបស់ខ្លួន។ ក្រុមហ៊ុន Nissan បានប្រកាសពីផែនការសន្សំប្រាក់ចំនួន២,៦ពាន់លានដុល្លារ កាលពីខែមុន ដែលរួមបញ្ចូលទាំងការកាត់បន្ថយការងារចំនួន៩០០០ និង២០ភាគរយនៃសមត្ថភាពផលិតកម្មសកលរបស់ខ្លួន ខណៈការលក់ធ្លាក់ចុះនៅក្នុងប្រទេសចិន និងសហរដ្ឋអាម៉េរិក បាននាំឱ្យប្រាក់ចំណេញនៅត្រីមាសទីពីរធ្លាក់ចុះ៨៥ភាគរយ។ 

ភាគហ៊ុនរបស់ក្រុមហ៊ុន Nissan ដែលជាក្រុមហ៊ុនផលិតរថយន្តធំទី៣របស់ប្រទេសជប៉ុន បានកើនឡើងជាង២២ភាគរយនៅក្នុងការជួញដូរនៅរាជធានីតូក្យូ ខណៈភាគហ៊ុនរបស់ក្រុមហ៊ុន Honda ដែលជាក្រុមហ៊ុនធំទីពីរបានធ្លាក់ចុះ២,៣ភាគរយ។ ភាគហ៊ុនរបស់ក្រុមហ៊ុនជប៉ុនមួយផ្សេងទៀត Mitsubishi បានកើនឡើង១៣ភាគរយ។ ក្រុមហ៊ុនផលិតរថយន្តនានា បាននឹងកំពុងប្រឈមមុខនឹងបញ្ហាប្រឈមពីក្រុមហ៊ុនផលិតរថយន្តអគ្គសនី ជាពិសេសនៅក្នុងប្រទេសចិន ដែលក្រុមហ៊ុន BYD និងក្រុមហ៊ុនផ្សេងទៀតបានបោះពួយយ៉ាងលឿន។

កិច្ចពិភាក្សារវាងក្រុមហ៊ុន Honda និង Nissan នឹងអនុញ្ញាតឱ្យក្រុមហ៊ុនសហការគ្នាបន្ថែមទៀតលើបច្ចេកវិទ្យា និងជួយពួកគេបង្កើតគូប្រជែងក្នុងស្រុកដ៏រឹងមាំមួយជាមួយក្រុមហ៊ុន Toyota។ ការពិភាក្សា គឺផ្តោតលើការស្វែងរកមធ្យោបាយ ដើម្បីជំរុញកិច្ចសហការ និងរួមបញ្ចូលលទ្ធភាពនៃការបង្កើតក្រុមហ៊ុនមេមួយ។ ក្រុមហ៊ុនក៏កំពុងពិភាក្សាអំពីលទ្ធភាពនៃការរួមបញ្ចូលគ្នាពេញលេញផងដែរ ក៏ដូចជាការសម្លឹងមើលមធ្យោបាយក្នុងការសហការជាមួយក្រុមហ៊ុន Mitsubishi Motors ដែល Nissan គឺជាម្ចាស់ភាគហ៊ុនកំពូលជាមួយនឹងភាគហ៊ុន២៤ភាគរយ។ 

ក្រុមហ៊ុន Honda, Nissan និង Mitsubishi បានប្រកាសថា គ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានប្រកាសដោយក្រុមហ៊ុនណាមួយនោះទេ តែក្រុមហ៊ុន Nissan បានកត់សម្គាល់ក្រុមហ៊ុនផលិតរថយន្តទាំងបី បានឱ្យដឹងកាលពីមុនថា ពួកគេកំពុងពិចារណាឱកាសសម្រាប់ការសហការនាពេលអនាគត។ មូលធននីយកម្មទីផ្សាររបស់ Honda គឺប្រហែល៤៤ពាន់លានដុល្លារ ខណៈ Nissan មានប្រហែល១០ពាន់លានដុល្លារ បន្ទាប់ពីការកើនឡើងតម្លៃ ដែលនេះមានន័យថា ការរួមបញ្ចូលគ្នាពេញលេញនឹងធំជាងកិច្ចព្រមព្រៀងដ៏ធំ៥២ពាន់លានដុល្លាររវាងក្រុមហ៊ុន Fiat Chrysler និង PSA ក្នុងឆ្នាំ២០២១ ដើម្បីបង្កើតក្រុមហ៊ុន Stellantis៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត