សំណេរចាក់ដោត! រិទ្ធី អេមម៉ា បង្ហាញភាពអស់សង្ឃឹម ក្រោយគ្មានឱកាសឡើងសង្វៀនប្រកួត
អាន ប៊ុនរ័ត្ននៈ
18 ធ្នូ 2024 04:30 AM

គុនខ្មែរ៖ កីឡាការិនី រិទ្ធី អេមម៉ា បានចាកឆ្ងាយពីប្រទេសកំណើត ឆ្លងដែនមកហ្វឹកហាត់ក្បាច់គុនខ្មែរនៅប្រទេសកម្ពុជា និងបានក្លាយជាកីឡាការិនីលេចធ្លោម្នាក់ក្នុងវិស័យប្រដាល់គុនខ្មែរ។ ប៉ុន្តែ..ជារឿងគួរឱ្យសោកស្ដាយ ដែលកីឡាការិនីរូបនេះ ពុំសូវមានឱកាសឡើងសង្វៀនប្រកួត ដើម្បីរកចំណូលចិញ្ចឹមជីវិត ខណៈអត្តពលិកនារីលើវិស័យប្រដាល់គុនខ្មែរនៅមានកម្រិតតិចតួចនៅឡើយបើធៀបនឹងអត្តពលិកបុរស...។

កត្តាកង្វះដៃគូឡើងប្រកួតនៅលើសង្វៀន បាននិងកំពុងរុញច្រានកីឡាការិនី រិទ្ធី អេមម៉ា ចាកឆ្ងាយពីសង្វៀនប្រដាល់គុនខ្មែរ ស្ទើរតែគ្រប់បណ្តាស្ថានីយទូរទស្សន៍ក្នុងស្រុក ដែលភាពអសកម្មទាំងនេះ ធ្វើឱ្យស្មារតីកីឡាការិនី រិទ្ធី អេមម៉ា ជួបនូវការប៉ះទង្គិចជាខ្លាំង។ នាងបានពោលពាក្យនៅលើគណនីផ្ទាល់ខ្លួនយ៉ាងដូច្នេះថា៖«គិតច្រើន។ ហេតុអ្វីបានជាពួកគេអត់ផ្តល់ឱកាសឱ្យខ្ញុំប្រកួតប្រជែង? ខ្ញុំអាចវ៉ៃអំបោះឆៅ ដៃទទេ! ខ្ញុំអត់ខ្វល់មានស្លាកស្នាមទេ។ ខ្ញុំ​ចង់​ជួយ​លើក​កម្ពស់​គុន​ខ្មែរ​អន្តរជាតិ ប៉ុន្តែ​គុន​ខ្មែរ​មិន​បាន​ផ្តល់​ឱកាស​ឱ្យ​ខ្ញុំ​វ៉ៃ​ទេ។» សារខ្លីតែបង្កប់ន័យជ្រៅ បានបង្ហាញយ៉ាងច្បាស់ថា កីឡាការិនី រិទ្ធី អេមម៉ា កំពុងបាក់ទឹកចិត្តជាបណ្តើរៗហើយ ជុំវិញការគ្មានឱកាសឡើងសង្វៀនប្រកួតរបស់នាង ដែលធ្វើឱ្យជីវភាពរស់នៅប្រឈមនឹងការលំបាក ព្រោះនាងជាកីឡាការិនីបរទេស ដែលមានតម្រូវការច្រើនលើការចំណាយក្នុងការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ជាពិសេសការបំប៉នកម្លាំងកាយឱ្យបានរឹងមាំ តាមរយៈការទទួលទានម្ហូបអាហារមានគុណភាព គុណប្រយោជន៍ និងថាមពល ក្នុងអាជីពកីឡាឈឺសាច់របស់នាង។

មែនទែនទៅ កីឡាការិនី រិទ្ធី អេមម៉ា ស្ថិតក្នុងការសិក្សានៅឡើយទេ ប៉ុន្តែដោយសារតែការស្រឡាញ់ក្បាច់គុនខ្មែរ និងចង់សាងកេរ្តិ៍ឈ្មោះខ្លួនឱ្យត្រដែតលើវិស័យប្រដាល់គុនខ្មែរផងនោះ នាងបានសម្រេចចិត្តចាកចេញពីក្រុមគ្រួសារ ស្រុកកំណើតនៅប្រទេសបារាំង ហោះឆ្លងទ្វីបមកហ្វឹកហាត់ ក៏ដូចជាឡើងសង្វៀនប្រកួតប្រដាល់គុនខ្មែរដើម្បីបង្ហាញដល់ជនបរទេសផ្សេងទៀតថា ប្រទេសកម្ពុជាមានក្បាច់គុនដ៏ល្អមួយដែលបាននិងកំពុងទាក់ទាញអារម្មណ៍អត្តពលិកអន្តរជាតិមកពីគ្រប់តំបន់ និងគ្រប់ទិសទី ហើយក្នុងនោះក៏មានរូបនាងម្នាក់ផងដែរ។ កីឡាការិនី រិទ្ធី អេមម៉ា គូសបញ្ជាក់យ៉ាងដូច្នេះថា៖«ខ្ញុំផ្តោតលើការប្រឡងរបស់ខ្ញុំ ហើយព្យាយាមគិតអំពីអនាគតរបស់ខ្ញុំ! ខ្ញុំ​ពិត​ជា​ចង់​បន្ត​គុន​ខ្មែរ ប៉ុន្តែ​អត្តពលិក​នារី​មិន​មាន​ឱកាស​ដូច​អត្តពលិក​បុរស​ទេ-គ្មាន​ឈ្មោះ​វ៉ៃ និង​លុយ​តូច!»

បញ្ហាកត្តាជីវភាពនេះ គឺពិតជាមានសារសំខាន់ណាស់សម្រាប់កីឡាករបរទេសមកហ្វឹកហាត់គុនខ្មែរ ពួកគេពឹងអាស្រ័យលើការឡើងសង្វៀនប្រកួត ដើម្បីទទួលបានថវិកាយកមកចំណាយលើការផ្តក់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ យ៉ាងណា កីឡាការិនី រិទ្ធី អេមម៉ា បានស្នើសុំឱ្យមានការប្រកួតត្រឹមតែ២ដងប៉ុណ្ណោះក្នុងមួយខែ ដើម្បីឱ្យរូបនាងមានថវិកាទ្រទ្រង់លើការចំណាយ។ នាងបានបញ្ជាក់បែបនេះថា៖«អរគុណអ្នកគាំទ្រដែលតែងតែគាំទ្រខ្ញុំ! ខ្ញុំ​សង្ឃឹម​ថា​[..]ខ្ញុំ​អាច​ឡើង​សង្វៀន​បាន​ពីរ​ដង​ក្នុង​មួយ​ខែ ប៉ុន្តែ​វា​អត់​ទាន់​កើត​ឡើង​នៅ​ឡើយ​ទេ។» ទោះជាយ៉ាងណា មហាជនជាច្រើនបាននាំគ្នាចូលទៅខម្មិនក្នុងប្រអប់សារដើម្បីលើកទឹកចិត្តនាង និងស្នើឱ្យខាងសហព័ន្ធប្រដាល់គុនខ្មែរ យកចិត្តទុកដាក់ខ្ពស់លើកីឡាករ-កីឡាការិនីបរទេសទាំងហ្លាយណា ដែលមានសមត្ថភាពខ្ពស់អាចជួយពង្រីកកេរ្តិ៍ឈ្មោះ «គុនខ្មែរ» ទៅកាន់ឆាកអន្តរជាតិ គួរណាស់តែមានទីផ្សារឱ្យពួកគេ បានឡើងប្រកួតនៅតាមបណ្តាសង្វៀនក្នុងស្រុកធំៗ ទើប «គុនខ្មែរ» យើងរីកចម្រើនឆាប់រហ័ស តែបើបណ្តោយឱ្យពួកគេបាក់ទឹកចិត្តបែបនេះ វានឹងធ្វើឱ្យអត្តពលិកបរទេសលែងចង់មកហ្វឹកហាត់ក្បាច់គុនខ្មែរតទៅទៀតមិនខាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត