
រាជធានីភ្នំពេញ៖ Authentication ឬ(ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ) គឺសំដៅទៅលើការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់បុគ្គល ឧបករណ៍អេឡិចត្រូនិច ប្រព័ន្ធ និងបណ្តាញសង្គមជាដើម ដើម្បីធានាសុវត្ថិភាពមុនចូលប្រើប្រាស់ ឬទាញយកទិន្នន័យតាមរយៈបណ្តាញអ៊ីនធឺណិត។ នេះបើតាមការឱ្យដឹងពីអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤...។

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល គូសបញ្ជាក់ថា វីធីសាស្ត្រនៃការផ្ទៀងផ្ទាត់សំខាន់ៗមានដូចជា៖ ១.Two-Factor Authentication (2FA) ពាក្យសម្ងាត់ ឬលេខកូដសម្ងាត់ផ្ញើសារទៅទូរសព្ទដៃរបស់អ្នកប្រើប្រាស់, ២.Multi-Factor Authentication (MFA) ការផ្ទៀងផ្ទាត់ពហុ ឬច្រើនកត្តាដើម្បីបង្កើនសុវត្ថិភាព, ៣.Biometric Authentication ការផ្ទៀងផ្ទាត់ជីវមាត្រ មានដូចជា ប្រើក្រយ៉ៅដៃ ការស្កេនផ្ទៃមុខ ឬការប្រើប្រាស់សំឡេងសម្គាល់ជាដើម(voice recognize), ៤.Certificate-Based Authentication ការផ្ទៀងផ្ទាត់ប្រើវិញ្ញាបនបត្រ ឬកាតឌីជីថល ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណបុគ្គល។

Authorization ឬប្រែជាខេមរភាសាថា (ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ)៖ គឺជាដំណើរការនៃការកំណត់ ឬអនុញ្ញាតឱ្យចូលប្រើប្រព័ន្ធ ឬឧបករណ៍អេឡិចត្រូនិច បន្ទាប់ពីអត្តសញ្ញាណរបស់បុគ្គលត្រូវបានផ្ទៀងផ្ទាត់។ ការអនុញ្ញាតឱ្យចូលប្រើប្រាស់ដែលបានកំណត់ជាក់លាក់មានដូចជា អនុញ្ញាតអាន កែ ឬលុបឯកសារ ទាញយកទិន្នន័យ ប្រតិបត្តិការលើកម្មវិធី ឬឧបករណ៍អេឡិចត្រូនិចជាដើម។ បន្ថែមលើនេះ ការរួមផ្សំគ្នារវាងការផ្ទៀងផ្ទាត់អត្តសញ្ញាណ (Authentication) និងការអនុញ្ញាត (Authorization) ជាមូលដ្ឋានគ្រឹះនៃសុវត្ថិភាពលើបណ្តាញអ៊ីនធឺណិត និងមានសារសំខាន់ដល់ស្ថាប័ន ឬអង្គភាពអស់លោកអ្នកដូចជា៖ ទី១.ការពារការចូលលួចយកទិន្នន័យ ប្រើប្រាស់កម្មវិធី ឬឧបករណ៍អេឡិចត្រូនិចដោយគ្មានការអនុញ្ញាត។ ទី២.បង្កើតទំនុកចិត្តលើភាពសុចរិតនៃប្រព័ន្ធ និងអ្នកប្រើប្រាស់។ និងទី៣.កាត់បន្ថយការក្លែងបន្លំ តាមរយៈការផ្ទៀងផ្ទាត់អត្តសញ្ញាណ វាជួយការពារការលួចអត្តសញ្ញាណ ឬការក្លែង៕







