ប្រមុខការទូតអាម៉េរិកធ្វើ​ដំណើរ​ទស្សនកិច្ច​​ដោយ​មិន​បាន​ប្រកាស​មុនទៅ​អ៊ីរ៉ាក់ រកដំណោះស្រាយវិបត្តិស៊ីរី
ម៉េងហុង
14 ធ្នូ 2024 05:00 AM

រដ្ឋធានីបាកដាដ៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខេន បានធ្វើទស្សនកិច្ចដោយមិនប្រកាសជាមុន ទៅកាន់ប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃសុក្រទី១៣ធ្នូ ដើម្បីជួបជាមួយនាយករដ្ឋមន្ត្រី ម៉ូហាម៉េដ ស៊ីអា អាល់-ស៊ូដានី (Mohammed Shia al-Sudani) សម្រាប់កិច្ចពិភាក្សាអំពីអនាគតនៃប្រទេសជិតខាងស៊ីរី...។

លោក ប្លីងខេន បានជួបជាមួយលោក ស៊ូដានី អស់រយៈពេលជាងមួយម៉ោងនៅរដ្ឋធានីបាកដាដ ជាកិច្ចប្រជុំចុងក្រោយបង្អស់បន្ទាប់ពីលោកបំពេញទស្សនកិច្ចក្នុងប្រទេសតួកគី និងហ្ស៊កដានី ចំពេលមានកិច្ចខិតខំប្រឹងប្រែងជាបន្ទាន់មួយ ដើម្បីសម្របសម្រួលវិធីសាស្ដ្រមួយទៅកាន់ប្រទេសស៊ីរីបន្ទាប់ពីការដួលរលំភ្លាមៗ នៃរបបរបស់លោក បាសា អាល់អាសាដ (Bashar al-Assad) កាលពីចុងសប្តាហ៍មុន។ លោក ប្លីងខេន បានជួបជាមួយរដ្ឋមន្ត្រីការបរទេសតួកគី លោក ហាកាន ហ្វីដាន (Hakan Fidan) កាលពីថ្ងៃសុក្រ ពិភាក្សាអំពីតម្រូវការសម្រាប់ការបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងការកើតឡើងវិញ នៃក្រុមរដ្ឋអ៊ិស្លាមនៅក្នុងប្រទេសស៊ីរី។ 

លោក ហាកាន ហ្វីដាន (ស្តាំ) និងលោក អាន់តូនី ប្លីងខេន
លោក ហាកាន ហ្វីដាន (ស្តាំ) និងលោក អាន់តូនី ប្លីងខេន

បន្ទាប់​មក លោក ប្លីងខេន ​បាន​ហោះ​ទៅរដ្ឋធានី​បាកដាដ ដើម្បី​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់។ លោកបានបរិយាយបន្ទាប់ពីកិច្ចប្រជុំថា៖«នៅពេលសហរដ្ឋអាម៉េរិកធ្វើការជាមួយដៃគូក្នុងតំបន់សំខាន់ៗដូចជាអ៊ីរ៉ាក់ មានការផ្តោតជាពិសេសលើការធានា រដ្ឋាភិបាលបណ្តោះអាសន្នណាមួយ ក៏ធ្វើឱ្យប្រាកដថា ស៊ីរីមិនត្រូវបានប្រើប្រាស់ជាមូលដ្ឋានសម្រាប់ភេរវកម្ម ភាពជ្រុលនិយម និងបង្កការគំរាមកំហែងដល់ប្រទេសជិតខាង ឬសម្ព័ន្ធមិត្តជាមួយក្រុមដូចជា ISIS»។ យោងតាមការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុករបស់ក្រសួងការបរទេសអាម៉េរិក សហរដ្ឋអាម៉េរិកប្តេជ្ញាចំពោះភាពជាដៃគូយុទ្ធសាស្ត្រជាមួយអ៊ីរ៉ាក់ និងចំពោះសន្តិសុខ ស្ថិរភាព និងអធិបតេយ្យភាពរបស់ខ្លួន។  នេះជាការលើកឡើងរបស់លោក ប្លីងខេន ដែលបាននិយាយទៅកាន់អ្នកសារព័ត៌មានមុនពេលចាកចេញពីរដ្ឋធានីបាកដាដ។

លោកបានរំលឹកឡើងវិញថា សហរដ្ឋអាម៉េរិកប្តេជ្ញាធ្វើការជាមួយប្រទេសអ៊ីរ៉ាក់ លើសន្តិសុខ និងអធិបតេយ្យភាពរបស់ខ្លួន ចំពេលមានផលប៉ះពាល់ដែលព្រឹត្តិការណ៍នៅក្នុងប្រទេសស៊ីរីនឹងមាន។ លោក​បាន​សង្កត់​ធ្ងន់​ថា៖«វា​ជា​ការ​សំខាន់​ដែល​យើង​ទាំង​អស់​គ្នា​គាំទ្រ​ប្រជាជន​ស៊ីរី​នៅ​ពេល​ដែល​ពួកគេ​រលាស់ខ្លួនចេញ​ពី​របប​ផ្តាច់ការ​របស់​លោក ​អាសាដ​»។ អ្នកការទូតកំពូលរបស់រដ្ឋធានីវ៉ាស៊ីនតោន បញ្ជាក់បន្ថែមថា សហរដ្ឋអាម៉េរិកសង្ឃឹមថា នឹងបង្កើតរណសិរ្សរួបរួមជាមួយសម្ព័ន្ធមិត្តអារ៉ាប់ និងតួកគី លើសំណុំនៃគោលការណ៍ដែលរដ្ឋធានីវ៉ាស៊ីនតោនសង្ឃឹមថា នឹងដឹកនាំការផ្លាស់ប្ដូរនយោបាយប្រទេសស៊ីរី ដូចជាការរួមបញ្ចូល និងការគោរពចំពោះជនជាតិភាគតិច។ លោកបានលើកឡើងកាលពីថ្ងៃចន្ទថា ក្រុមរដ្ឋអ៊ិស្លាមនឹងព្យាយាមប្រើប្រាស់រយៈពេលនេះ ដើម្បីបង្កើនសមត្ថភាពឡើងវិញនៅក្នុងប្រទេសស៊ីរី ប៉ុន្តែសហរដ្ឋអាម៉េរិកបានប្តេជ្ញាចិត្តថា នឹងមិនអនុញ្ញាតឱ្យមានរឿងនោះកើតឡើងទេ។

មន្ត្រីអាម៉េរិកម្នាក់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា រដ្ឋធានីវ៉ាស៊ីនតោនមើលឃើញថា ពេលនេះ..ជាឱកាសមួយដើម្បីបន្តរុញច្រានប្រឆាំងឥទ្ធិពលរបស់អ៊ីរ៉ង់ នៅក្នុងតំបន់។ អ៊ីរ៉ាក់ ត្រូវបានដឹកនាំដោយសម្ព័ន្ធនៃគណបក្សនយោបាយនិកាយស៊ីអ៊ីតភាគច្រើន និងក្រុមប្រដាប់អាវុធដែលជិតស្និទ្ធនឹងប្រទេសអ៊ីរ៉ង់ គឺជាតួអង្គសំខាន់មួយនៅក្នុងអ្វីដែលហៅថា អ័ក្សនៃការតស៊ូរបស់រដ្ឋធានីតេហេរ៉ង់ រួមមាន៖ ក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា និងក្រុមហេស្សបូឡាហ៍៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត