
រាជធានីភ្នំពេញ៖ តារាចម្រៀង លោក ព្រាប សុវត្ថិ ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចបញ្ចប់មុខតំណែងជា«វរសេនីយ៍ឯក» ក្នុងក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ។ ការបញ្ចប់តំណែងនេះ ត្រូវបានគេកត់សម្គាល់ថា ចួនចំពេលកំពូលតារាចម្រៀងប្រុសរូបនេះ ទើបតែទម្លាក់MVថ្មីមានចំណងជើងថា «សែកមន្ត» ដែលទទួលរងនូវការរិះគន់ពីមហាជនយ៉ាងចាស់ដៃ..។

យោងតាមអនុក្រឹត្យការលាលែងចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ត្រូវបានសម្ដេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ឯកភាព កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ គូសរំលេចថា៖«ត្រូវបានលាលែងចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ដោយសុំរក្សាទុកគោរមងារ ជា ឧកញ៉ា ដល់ វរសេនីយ៍ឯក ព្រាប សុវត្ថិ អត្តលេខ ០៤៨៦៩៤ នាយរង ការិយាល័យទី៥ កងទ័ពជើងគោក»។ លោក ព្រាប សុវត្ថិ ត្រូវបានគេដឹងថា បានដាក់ពាក្យបម្រើកងទ័ពតាំងតែពីឆ្នាំ១៩៩១ អំឡុងពេលកំពុងសិក្សាថ្នាក់បរិញ្ញាតបត្រ។ ក្រោយមកនៅឆ្នាំ១៩៩២ លោកបានចូលធ្វើទាហាននៅអគ្គស្នងការនយោបាយ ក្នុងអំឡុងពេលបម្រើការងារនោះ លោកតែងឧស្សាហ៍ឡើងច្រៀងក្នុងកម្មវិធីជប់លៀងផ្សេងៗ។

ដោយសារសំឡេងមានទឹកដម លោក ព្រាប សុវត្ថិ ក៏ត្រូវបានមិត្តភក្ដិណែនាំឱ្យទៅចេញច្រៀងតាមរង្គសាល ភោជនីយដ្ឋានផ្សេងៗជាច្រើន បាន១ឆ្នាំលោកក៏បានទៅច្រៀងឱ្យផលិតកម្ម ក្នុងស្រុកមួយនាឆ្នាំ១៩៩៥ ពេលនោះហើយ ដែលលោកបានបោះជំហានឈានចូលក្នុងវិស័យសិល្បៈយ៉ាងពេញលេញ។ ក្រោយប្រកបអាជីពជាច្រើនឆ្នាំ និងបានចូលរួមឧបត្ថម្ភថវិកាដល់សង្គមជាតិ តារាចម្រៀងរូបនេះ ក៏ត្រូវបានព្រះមហាក្សត្រផ្ដល់គោរមងារជា ឧកញ៉ា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។

ជាការកត់សម្គាល់ ក្រោយមានងារជា ឧកញ៉ា និងប្ដូរទ្រនំថ្មី តារាប្រុសរូបនេះតែងត្រូវបានមហាជនរិះគន់ជាញឹកញាប់ តាមរយៈការលេងស្ទីលសម្លៀកបំពាក់ ក៏ដូចជាការចេញបទចម្រៀងមួយចំនួន។ ជាក់ស្តែង កាលពីពេលថ្មីៗ កំពូលតារាចម្រៀងប្រុសរូបនេះ បានទម្លាក់ MV បទថ្មីមានចំណងជើងថា «សែកមន្ត»។ តាមរយៈបទនោះ ធ្វើឱ្យមហាជនជាច្រើនសម្ដែងការមិនពេញចិត្ត និងរិះគន់ទៅលើលោកឥសំចៃមាត់។ បន្ទាប់ពីរងការិះគន់ ក្រោយមកបទចម្រៀងនោះ ក៏ត្រូវបានលុបចោល ហើយផ្សព្វផ្សាយសាជាថ្មីបន្ទាប់ពីមានការកែសម្រួលឡើងវិញ៕



