រដ្ឋមន្រ្តីការងារ៖ សន្និសីទស្តីពី«សេដ្ឋកិច្ចការងារ ឆ្នាំ២០២៤» ផ្តល់ធាតុចូល ធានាកម្ពុជានឹងមានលក្ខខណ្ឌការងារល្អនៅឆ្នាំ២០២៩
L
Linda Sorn
•
12 ធ្នូ 2024 01:00 PM

រាជធានីភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ លើកឡើងថា សន្និសីទថ្នាក់ជាតិស្តីពី«សេដ្ឋកិច្ចការងារ ឆ្នាំ២០២៤» បានផ្តល់ធាតុចូលយ៉ាងសំខាន់ ដើម្បីធានាថា កម្ពុជានឹងមានលក្ខខណ្ឌការងារល្អ ក្រោយចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួចក្នុងឆ្នាំ២០២៩…។

ថ្លែងក្នុងសន្និសីទថ្នាក់ជាតិស្តីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការងើបឡើងវិញនៃសេដ្ឋកិច្ច និងការងារ និងដំណើរឆ្ពោះទៅកាន់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច» កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ លោក ហេង សួរ បានលើកឡើងថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងធ្វើការជាមួយដៃគូពាក់ព័ន្ធ និងគ្រប់ក្រសួងស្ថាប័នទាំងអស់ សម្រាប់ធ្វើតារាងសកម្មភាពរួមគ្នា ដើម្បីធានាថានៅឆ្នាំ២០២៩ នៅពេលដែលកម្ពុជាចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួច កម្ពុជាមានលក្ខខណ្ឌការងារល្អ។

យ៉ាងណា បើតាម លោក ហេង សួរ សន្និសីទថ្នាក់ជាតិ នឹងផ្តល់ធាតុចូលយ៉ាងសំខាន់អាចឱ្យកម្ពុជាចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច និងទទួលបាននូវភាពរីកចម្រើន ដូចជាការប្រមូលផ្តុំអ្នកជំនាញក្នុងវិស័យការងារសន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ មកពីស្ថាប័នផ្សេងៗគ្នា ដើម្បីចែករំលែកការយល់ឃើញ និងផ្តល់មតិយោបល់ដើម្បីជំរុញទីផ្សារការងារនៅកម្ពុជាឱ្យកាន់តែមានសន្ទុះ ក្រោយកម្ពុជាចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួច។ ចែករំលែកការយល់ដឹង និងការអនុវត្តល្អៗពាក់ព័ន្ធនឹងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ពីតំណាងវិស័យឯកជន អ្នកតាក់តែងគោលនយោបាយ អ្នកសិក្សាស្រាវជ្រាវ និងជំរុញការពិភាក្សា ផ្តល់ធាតុចូលជាយុទ្ធសាស្ត្រដើម្បីធានាថា កម្លាំងពលកម្មកម្ពុជាត្រូវបានបំពេញតាមតម្រូវការនៃយុគសម័យឌីជីថល។

រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ឆ្នាំ២០២៩ ជាឆ្នាំដែលកម្ពុជានឹងចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួច។ ទន្ទឹមនេះ ការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួចក៏ជាឱកាសផងដែរ ដើម្បីធ្វើពិពិធកម្មឧស្សាហកម្មរួមគ្នាជាមួយដៃគូពាក់ព័ន្ធទាំងក្នុង​ និងក្រៅប្រទេស ហើយក៏ជាឱកាសសម្រាប់ឧស្សាហកម្មផ្សេងទៀតអាចនឹងពិចារណាមកកាន់កម្ពុជាផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត