
បាល់ទាត់៖ អារ៉ាប៊ីសាអូឌីត នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់បុរសពិភពលោក នៅឆ្នាំ២០៣៤ ឬមនុស្សគ្រប់គ្នាស្គាល់ថា «World Cup 2034» ខណៈការប្រកួត World Cup ឆ្នាំ២០៣០ នឹងប្រារព្ធធ្វើឡើងនៅប្រទេសអេស្ប៉ាញ ព័រទុយហ្គាល់ និងម៉ារ៉ុក រួមជាមួយប្រទេសចំនួន៣ផ្សេងទៀតដូចជា៖ អ៊ុយរូហ្គាយ អាហ្សង់ទីន និងប៉ារ៉ាហ្គាយ។ ការប្រារព្ធធ្វើឡើងក្នុងប្រទេសជាច្រើនបែបនេះ គេហៅថា «សហម្ចាស់ផ្ទះ»។ យ៉ាងណា ទាំងការប្រកួត World Cup 2030 និង 2034 សុទ្ធតែទទួលរងនូវការរិះគន់ដូចៗគ្នា ប៉ុន្តែក្រោមហេតុផលផ្សេងៗគ្នា។

ការសម្រេចចិត្តនេះត្រូវបានប្រកាសដោយប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA លោក ហ្គៀននី អ៊ីនហ្វែនទីណូ បន្ទាប់ពីសមាជវិសាមញ្ញនិម្មិត។ លោក អ៊ីនហ្វែនទីណូ បានលើកឡើងអំពីការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០៣០ ថា៖«យើងកំពុងនាំយកកីឡាបាល់ទាត់ទៅកាន់ប្រទេសជាច្រើនទៀតនៅលើពិភពលោក ហើយសហម្ចាស់ផ្ទះមិនបានធ្វើឱ្យខូចគុណភាពបាល់ទាត់នោះទេ។ ផ្ទុយទៅវិញ វាពិតជាបានបង្កើនឱកាសកាន់តែច្រើន»។ លោកបានបន្ថែមថា៖«ការប្រារព្ធខួប១០០ឆ្នាំនៃការប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំ២០៣០ ពិតជាល្អម្ល៉េះទេ..! ដោយក្នុងនោះមានប្រទេសចំនួន៦ ក្នុងទ្វីបចំនួន៣ធ្វើជាសហម្ចាស់ផ្ទះ និងមាន៤៨ក្រុមចូលរួមប្រកួត និងមាន១០៤ប្រកួត។ សូមអបអរសាទរចំពោះអ្នកដេញថ្លៃទាំងអស់ ដែលបានលះបង់ដ៏ធំធេង[..]។ សូមអរគុណចំពោះប្រធានសហព័ន្ធទាំងប្រាំមួយ និងក្រុមរបស់ពួកគេ»។

ប្រទេសម៉ារ៉ុក អេស្ប៉ាញ និងព័រទុយហ្គាល់ ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះបាល់ទាត់ពិភពលោក ឆ្នាំ២០៣០ រួមជាមួយប្រទេសចំនួន៣ផ្សេងទៀតដូចជា៖ អ៊ុយរូហ្គាយ អាហ្សង់ទីន និងប៉ារ៉ាហ្គាយ ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតអបអរខួប១០០ឆ្នាំនៃការប្រកួត World Cup 2030។ គួររំឭកថា អ៊ុយរូហ្គាយធ្លាប់បានធ្វើជាម្ចាស់ផ្ទះការប្រកួត World Cup ជាលើកដំបូងក្នុងឆ្នាំ១៩៣០ ខណៈអាហ្សង់ទីន និងអេស្ប៉ាញក៏ធ្លាប់បានធ្វើជាម្ចាស់ផ្ទះ World Cup ផងដែរ ប៉ុន្តែ ព័រទុយហ្គាល់ ប៉ារ៉ាហ្គាយ និងម៉ារ៉ុក នឹងធ្វើជាម្ចាស់ផ្ទះ World Cup ជាលើកដំបូង។

បន្ទាប់ពីខួប១០០ឆ្នាំនៃការប្រកួត World Cup ២០៣០ បួនឆ្នាំក្រោយមក អារ៉ាប៊ីសាអូឌីតនឹងក្លាយទៅជាប្រទេសទីពីរនៅមជ្ឈិមបូព៌ា ដែលធ្វើជាម្ចាស់ផ្ទះនៃការប្រកួត World Cup បន្ទាប់ពីប្រទេសជិតខាងកាតា បានរៀបចំការប្រកួតកាលពីឆ្នាំ២០២២។ តាមពិតទៅ កាលពីឆ្នាំ២០២៣ FIFA បានបង្ហាញតម្រុយថា ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០៣៤ នឹងត្រូវធ្វើឡើងនៅក្នុងតំបន់អាស៊ី ឬតំបន់អូសេអានី។ ជាមួយគ្នានេះ អូស្ត្រាលី និងឥណ្ឌូណេស៊ី ក៏បានពិភាក្សាគ្នាជុំវិញការដេញថ្លៃរួមគ្នាដែរ ប៉ុន្តែបានធ្លាក់ចេញ។ ក្រោយមកត្រូវបានដេញថ្លៃបានដោយអារ៉ាប៊ីសាអូឌីត។

សូមជម្រាបថា ការសម្រេចចិត្តធ្វើជាសហម្ចាស់ផ្ទះ World Cup 2030 នៅទូទាំងទ្វីបចំនួន៣ ត្រូវបានក្រុមសកម្មជនអាកាសធាតុព្រួយបារម្ភជាខ្លាំង ដោយសារតែការកើនឡើងនៃការបំភាយឧស្ម័នទៅលើបរិកាសជុំវិញការធ្វើដំណើរនានា។ យ៉ាងណា FIFA បានធានាថា ខ្លួននឹងចាត់វិធានការដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន។ មិនខុសគ្នាប៉ុន្មានទេ ការដេញថ្លៃធ្វើជាម្ចាស់ផ្ទះនៃការប្រកួត World Cup 2034 ដោយអារ៉ាប៊ីសាអូឌីត ក៏ត្រូវបានគេរិះគន់យ៉ាងគំហុកផងដែរ ដោយសារតែកំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេស និងអាកាសធាតុមានលក្ខណៈដូចគ្នា ទៅនឹងការប្រកួតបាល់ទាត់ពិភពលោកនៅកាតា ខណៈអាកាសធាតុនៅអារ៉ាប៊ីសាអូឌីត ទំនងជានឹងបង្ខំ FIFA ឱ្យរៀបចំការប្រកួតនៅក្នុងរដូវរងា ដូចអ្វីដែលបានធ្វើនៅប្រទេសកាតា។ ក្រៅពីនេះ ក៏មានការជំរុញឱ្យមានការជជែកវែកញែកអំពីកំណត់ត្រា ស្តីពីសិទ្ធិមនុស្សនៅអារ៉ាប៊ីសាអូឌីតផងដែរ៕





