
បាល់ទាត់ពិភពលោក៖ ក្លឹបបាល់ទាត់អេវើតុន (Everton) បានប្រកាសកាលពីថ្ងៃអាទិត្យ ទី៣១ ខែមីនា ជុំវិញការខាតបង់ប្រាក់ចំនួន ៨៩,១លានផោន ឬស្មើនឹង ១១២,៥២លានដុល្លារសម្រាប់រដូវកាលឆ្នាំ២០២២-២០២៣ ដែលស្ទើរតែច្រើនទ្វេដងធៀបនឹងឆ្នាំមុន ខណៈដែលពួកគេកំពុងរង់ចាំលទ្ធផលនៃបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងការចោទប្រកាន់លើកទីពីរនៃការរំលោភលើប្រាក់ចំណេញ និងច្បាប់និរន្តរភាព។

នៅក្នុងរបាយការណ៍ចុងក្រោយរបស់ក្លឹបដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យទី៣១ខែមីនាបានបង្ហាញថា ក្លឹបបាល់ទាត់ Everton បានចាត់ទុកចំនួននៃការខាតបង់ចំពោះការផ្អាករាល់ការរៀបចំឧបត្ថម្ភពាណិជ្ជកម្មជាមួយក្រុមហ៊ុនរុស្ស៊ី USM Holdings, MegaFon និង Yota បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ មែនទែនទៅ នេះជាការខាតបង់លើកទី៦ជាប់ៗគ្នាសម្រាប់ក្លឹបនៅចក្រភពអង់គ្លេសមួយនេះ ដោយបានបាត់បង់ប្រាក់ចំនួន ៤៤,៧លានផោនសម្រាប់២០២១-២០២២ ជាមួយនឹងការខាតបង់របស់ពួកគេសម្រាប់រយៈពេល ៣រដូវកាលកន្លងមកមានចំនួន ២៥៥លានផោន។

យោងតាមគោលការណ៍ណែនាំរបស់ Premier League បានបង្ហាញថា ក្លឹបជាច្រើនមានហានិភ័យក្នុងការបំពាន PSR ប្រសិនបើពួកគេទទួលរងការខាតបង់ច្រើនជាង ១០៥លានផោនក្នុងរយៈពេល ៣រដូវកាល ឬ ៣៥លានផោនក្នុងមួយឆ្នាំ។ យ៉ាងណា ក្លឹបអេវើតុនត្រូវបានចោទប្រកាន់ម្ដងទៀតនៅក្នុងខែមករាសម្រាប់ការរំលោភបំពានលើ PSR នៅក្នុងកំណត់ត្រាហិរញ្ញវត្ថុរបស់ពួកគេសម្រាប់រយៈពេលចាប់ផ្តើមនៅឆ្នាំ២០១៩-២០២០ និងបញ្ចប់នៅឆ្នាំ២០២២-២០២៣ ដោយសវនាការសម្រាប់ការចោទប្រកាន់នោះធ្វើឡើងកាលពីសប្តាហ៍មុន។ គួរបញ្ជាក់ថា ក្លឹបបាល់ទាត់អេវើតុនក៏កំពុងស្ថិតក្នុងកិច្ចចរចាទិញយកបន្តជាមួយមូលនិធិវិនិយោគរបស់សហរដ្ឋអាម៉េរិក 777 Partners ហើយមានបំណងផ្លាស់ប្ដូរទៅកាន់កីឡដ្ឋានថ្មីរបស់ពួកគេមុនរដូវកាលឆ្នាំ២០២៥-២០២៦៕




