
ស្រាវជ្រាវ៖ តើបម្រែបម្រួលអាកាសធាតុជាអ្វី...? បម្រែបម្រួលអាកាសធាតុ សំដៅលើការផ្លាស់ប្ដូររយៈពេលវែងនៃសីតុណ្ហភាព និងលំនាំអាកាសធាតុ។ ការប្រែប្រួលអាកាសធាតុអាចបណ្តាលមកពីធម្មជាតិដោយសារតែការផ្លាស់ប្ដូរដំណើរគោចរនៃព្រះអាទិត្យ ឬការផ្ទុះភ្នំភ្លើងជាដើម...។

យ៉ាងណា ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៨០០មក សកម្មភាពរបស់មនុស្ស គឺជាកាតាលីករស្នូលនៃការជំរុញបម្រែបម្រួលអាកាសធាតុកាន់តែខ្លាំងឡើង ភាគច្រើនកើតឡើងដោយសារការទាញយក និងដុតកម្លោចឥន្ធនៈហ្វូស៊ីលដូចជា៖ ធ្យូងថ្ម ប្រេង និងឧស្ម័ន។ ក្រៅពីនេះ ការឈូសឆាយដី និងការកាប់បំផ្លាញព្រៃឈើ ក៏បានរួមចំណែកដល់ការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតផងដែរ ខណៈប្រតិបត្តិការកសិកម្ម ប្រេង និងឧស្ម័ន គឺជាបុព្វហេតុដ៏សំខាន់នៃការបំភាយឧស្ម័នមេតាន។ កត្តារួមផ្សំផ្សេងៗទៀតដូចជា៖ ថាមពល ឧស្សាហកម្ម ការដឹកជញ្ជូន អគារ និងកសិកម្ម ស្ថិតក្នុងចំណោមវិស័យសំខាន់ៗដែលបង្កឱ្យមានឧស្ម័នផ្ទះកញ្ចក់ផងដែរ។ តើបម្រែបម្រួលអាកាសធាតុកំពុងបំផ្លិចបំផ្លាញភពផែនដី មនុស្សជាតិ និងភាវរស់យ៉ាងដូចម្តេច..? តើភពផែនដីនឹងទៅជាយ៉ាងណា ប្រសិនបើរងនូវការគំរាមកំហែងបែបនេះ..? ថ្ងៃនេះ SBM News នឹងជម្រាបលម្អិតអំពីផលវិបាក និងវិនាសកម្មបង្កឡើងដោយការបម្រែបម្រួលអាកាសធាតុនេះ។

តាមពិតទៅមានផលវិបាកជាច្រើនដែលបង្កើតឡើង និងបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ។ ជាក់ស្តែង ការឡើងកម្តៅផែនដី(Global Warming) បង្កឡើងដោយកំហាប់ឧស្ម័នផ្ទះកញ្ចក់ខ្ពស់ បាននាំឱ្យមានការធ្លុះធ្លាយនៃស្រទាប់អូហ្ស៊ូនយ៉ាងធ្ងន់ធ្ងរ។ ជាទឡ្ហីករណ៍ នៅប៉ុន្មានឆ្នាំចុងក្រោយ ជាពិសេសនៅកំលុងឆ្នាំ២០២៤នេះ ផែនដីប្រៀបបាននឹងឡភ្លើងដែលក្ដៅបំផុតក្នុងកំណត់ត្រា ដោយបាននាំឱ្យមនុស្សម្នារស្លាប់ សត្វឈឺងាប់ រុក្ខជាតិក្រៀមស្វិតស្រពាប់ស្រពោន ហើយបណ្តាប្រទេសជាច្រើនបង្ខំចិត្តបិទទ្វារសាលា និងគ្រឹះស្ថានសិក្សានានា។ ក្រៅពីនេះ ខ្យល់ព្យុះជាច្រើនប្រភេទដូចជា៖ ខ្យល់ព្យុះសង្ឃរា ព្យុះកំបុតត្បូង និងព្យុះទីហ្វុង បានបំផ្លិចបំផ្លាញកាន់តែខ្លាំងឡើងនៅទូទាំងតំបន់។ ទន្ទឹមនឹងនេះ ខ្យល់ព្យុះទាំងនោះបានដឹកនាំភ្លៀងធ្លាក់ខ្លាំង និងបង្កជាគ្រោះទឹកជំនន់កាន់តែអាក្រក់ បណ្តាលឱ្យមានការបំផ្លិចបំផ្លាញកាន់តែខ្លាំងឡើង ខណៈខ្យល់ព្យុះកំណាចទាំងនោះតែងតែបំផ្លិចបំផ្លាញផ្ទះសម្បែង សហគមន៍ ផ្តាច់ជីវិតមនុស្សស្លាប់ និងខាតបង់សេដ្ឋកិច្ចយ៉ាងច្រើនអនេក។ ជាឧទាហរណ៍បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ស្រាប់ដូចជា៖ ប្រទេសហ្វីលីពីន វៀតណាម ថៃ ឡាវ និងមីយ៉ាន់ម៉ា បានរងគ្រោះយ៉ាងដំណំ ដោយសារឥទ្ធិពលព្យុះ និងគ្រោះទឹកជំនន់ ដែលនាំឱ្យប្រទេសក្បែរខាងកម្ពុជាទាំងនេះបាត់បង់ជីវិតមនុស្ស សត្វ បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផលដំណាំ និងសេដ្ឋកិច្ចរាប់សិបលានដុល្លារ។

ទន្ទឹមគ្នា គ្រោះរាំងស្ងួត ក៏កំពុងក្លាយជាបញ្ហាស្នូលសម្រាប់មនុស្សជាតិនៅលើភពផែនដីផងដែរ នាំមានកង្វះទឹកប្រើប្រាស់នៅទូទាំងតំបន់ជាច្រើនលើពិភពលោក។ មែនទែនទៅ ការឡើងកម្តៅផែនដី ក៏រួមចំណែកយ៉ាងធំធេងដល់កង្វះទឹកកាន់តែធ្ងន់ធ្ងររ ខណៈដំណាំកសិកម្ម និងប្រព័ន្ធអេកូឡូស៊ីកំពុងស្ថិតហានិភ័យ ទន្ទឹមមនុស្សជាច្រើនលាននាក់បាននិងកំពុងស្ថិតក្នុងគ្រោះទុរ្ភឹក្ស។ តាមរយៈគ្រោះរាំងស្ងួត និងការឡើងកម្តៅផែនដី កំពុងបង្កឱ្យកម្ពស់នីវ៉ូទឹកមហាសមុទ្ទក្ដៅឡើងផងដែរ ដោយសារការកើនឡើងនៃការរលាយផ្ទាំងទឹកកកនៅតំបន់ប៉ូល។ បញ្ហានេះកំពុងតែក្លាយជាកាណុងកាំភ្លើងភ្ជង់គំរាមទៅដល់សហគមន៍ឆ្នេរ និងបណ្តាប្រទេសកោះនានា ជាពិសេសកោះតូចៗនៅមហាមុទ្ទប៉ាស៊ីហ្វិកដូចជា៖ កោះហ្វីជី សូឡូម៉ុន ម៉ាល់ឌីវ និងកោះផ្សេងៗមួយចំនួនទៀត...។

គួរជម្រាបថា ការបម្រែបម្រួលអាកាសធាតុកាន់តែអាក្រក់ទៅៗ ពិភពលោកកំពុងបាត់បង់ប្រភេទសត្វប្រមាណ១០០០ប្រភេទ ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ខណៈប្រភេទជីវចម្រុះជាង១លានប្រភេទ កំពុងប្រឈមនឹងការផុតពូជក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខ។ ទន្ទឹមនឹងភ្លើងឆេះព្រៃ អាកាសធាតុក្ដៅខ្លាំង សត្វល្អិត និងជំងឺរាតត្បាត ក៏កំពុងស្ថិតក្នុងចំណោមការគំរាមកំហែងជាច្រើនទាក់ទងនឹងការប្រែប្រួលអាកាសធាតុផងដែរ។ ការបម្រែបម្រួលអាកាសធាតុ និងការកើនឡើងនៃព្រឹត្តិការណ៍អាកាសធាតុខ្លាំងកំពុងក្លាយជាបុព្វហេតុនៅពីក្រោយការកើនឡើងនៃភាពអត់ឃ្លាន និងអាហារូបត្ថម្ភជាសកល ស្របពេលជលផល ដំណាំ និងបសុសត្វត្រូវបានបំផ្លាញ ប៉ះពាល់ ឬទទួលបានទិន្នផលកាន់តែទាបទៅៗ ចំពេលប្រជាសាស្ត្រពិភពលោក ក៏ដូចជាមនុស្សជាតិកំពុងកើនឡើងជារៀងរាល់ថ្ងៃ។

ជាងនេះទៅទៀត បម្រែបម្រួលអាកាសធាតុកំពុងគំរាមកំហែងដល់សុខភាពមនុស្សជាតិដ៏ធំបំផុត តាមរយៈការបំពុលបរិយាកាស ជំងឺ ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ ការផ្លាស់ទីលំនៅដោយបង្ខំ សម្ពាធលើសុខភាពផ្លូវចិត្ត ការកើនឡើងនៃភាពអត់ឃ្លាន និងអាហាររូបត្ថម្ភមិនល្អ ឬមិនគ្រប់គ្រាន់។ ជាសក្ខីកម្ម កត្តាបរិស្ថានបានឆក់យកជីវិតមនុស្សប្រហែល១៣លាននាក់ជារៀងរាល់ឆ្នាំ និងបណ្តាលឱ្យប្រជាជនច្រើនឥតគណនាស្ថិតក្នុងបន្ទាត់នៃភាពក្រីក្រ។ ជាប្រត្យក្ស ការបម្រែបម្រួលអាកាសធាតុកំពុងបង្កផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ទៅលើទិដ្ឋភាពផ្សេងៗនៃសង្គម សេដ្ឋកិច្ច និងបរិស្ថានរបស់យើង និងបានបង្កឱ្យមានការបាត់បង់ជីវិត ជីវចម្រុះ និងផលវិបាកជាច្រើនរាប់សិបជំពូក។ ដូច្នេះ ក្នុងនាមជាមនុស្សជាតិដែលផ្ញើជីវិត និងដង្ហើមនៅលើភពផែនដីត្រូវតែចូលរួមកាត់បន្ថយផលប៉ះពាល់បរិស្ថាន ការពារការខូចខាត និងភាពសឹករិករឹលនៃភពផែនដី៕





