
បាល់ទាត់៖ កម្ពុជា នឹងបើកទ្វារពហុកីឡដ្ឋានជាតិស្វាគមន៍ក្រុមជម្រើសជាតិម៉ាឡេស៊ី ក្នុងជំនួបបើកឆាកនៃពានរង្វាន់ ASEAN Mitsubishi Electric Cup ឆ្នាំ២០២៤ ខណៈក្រុមគោព្រៃកម្ពុជា នឹងត្រូវសម្ដែងមហិទ្ធិឫទ្ធិជាមួយក្រុមខ្លាដំបងម៉ាឡេស៊ីលើទីលានវាលស្មៅបៃតងខ្ចី នៃពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃអាទិត្យទី៨ ខែធ្នូខាងមុខនេះ...។

ក្រុមជម្រើសជាតិគោព្រៃកម្ពុជា បានត្រៀមកម្លាំងស្មារតីរួចជាស្រេចដើម្បីចូលនឹមប្រយុទ្ធជាមួយខ្លាកំណាចម៉ាឡេស៊ី ក្រោយល្បងឫទ្ធិកម្តៅសាច់ដុំលក្ខណៈមិត្តភាពចំនួន២ប្រកួត កាលពីពេលកន្លងទៅ និងបានទៅបោះជំរំហ្វឹកហាត់នៅកាតាថែមទៀតផង។ គេនៅចាំបានថា ជំនួបមិត្តភាពលើកទី១ គោព្រៃកម្ពុជាវ័ធខ្លាដំបងចិនតៃប៉ិឱ្យដើរអូសជើងត្រឡប់ទៅកោះតៃវ៉ាន់វិញក្នុងលទ្ធផល៣ទល់នឹង២ ខណៈជំនួបមិត្តភាពលើកទី២ ក្រុមគោព្រៃកម្ពុជាបានរងបរាជ័យយ៉ាងចាស់ដៃ ក្រោមថ្វីជើងក្រុមជម្រើសជាតិនាគរាជហុងកុង ក្នុងលទ្ធផល០ទល់នឹង៣។

ជាមួយនឹងការស្ពាយបង្វិចបទពិសោធចូលផ្ទះជាច្រើនហូរហែរកន្លងមក អ្នកគាំបាល់ទាត់កម្ពុជា សង្ឃឹមថា ក្រុមជម្រើសជាតិកម្ពុជា នឹងស្រាយបង្វិចបទពិសោធ រួចយកបទពិសោធទាំងនោះមកបំបាក់់ចង្កូមខ្លាកំណាចម៉ាឡេស៊ី ក្នុងរបងផ្ទះនៅថ្ងៃអាទិត្យសប្តាហ៍នេះ។ ចំណែកអ្នកគាំទ្រមួយចំនួនទៀតជឿជាក់ថា៖«គោព្រៃកម្ពុជា នឹងប្រើស្នែងដ៏មុតស្រួចដើម្បីវ័ធខ្លាដំបងម៉ាឡេស៊ីឱ្យដើរអូសជើងត្រឡប់ទៅផ្ទះវិញ ជាក់ជាមិនខាន»។ ទន្ទឹមគ្នានេះ អ្នកស្នេហាវិស័យកីឡាបាល់ទាត់ដាក់ក្ដីរំពឹងថា៖«កម្ពុជាប្រាកដជាទទួលបានជ័យជម្នះលើក្រុមជម្រើជាតិម៉ាឡេស៊ី ព្រោះយើងជាម្ចាស់ផ្ទះ។ ដូច្នេះ យើងមានប្រៀបជាងទាំងស្មារតី និងការគាំទ្រ»។

ទោះជាយ៉ាងនេះក្ដី យើងមិនអាចមើលស្រាលក្រុមជម្រើសជាតិម៉ាឡេស៊ីបានទេ ព្រោះថា កម្ពុជាមិនដែលស្គាល់ឡើយពាក្យឈ្នះលើក្រុមជម្រើជាតិម៉ាឡេស៊ី ក្នុងពានរង្វាន់ AFF Mitsubishi Cup 2024 ឬ ASEAN Championship។ ជាមួយបទពិសោធដ៏ជោគជាំ តើក្រុមជម្រើសជាតិកម្ពុជាអាច់បំបែកកំណត់ត្រាប្រវត្តិសាស្ត្រជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ីបានដែរឬទេ...? យ៉ាងណា អ្នកគាំទ្រកំពុងតែទន្ទឹងរង់ចាំយ៉ាងអន្ទះសាក្នុងការទស្សនានៃការសម្ដែងមហិទ្ធិឫទ្ធិដាក់គ្នារវាងគោព្រៃកម្ពុជា និងខ្លាដំបងម៉ាឡេស៊ីនៅលើវាលស្មៅបៃតងនាកីឡដ្ឋានជាតិអូឡាំពិក ខណៈកម្ពុជាទើបទទួលបានសមាជិកថ្មីពីការចូលសញ្ជាតិរបស់កីឡាករបរទេស៣នាក់ ដែលបានមកលេងនៅលីគកំពូលកម្ពុជាគម្រប់ចំនួន៥ឆ្នាំ។ គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជាស្ថិតនៅពូល A ជាមួយក្រុមជម្រើសជាតិថៃ ម៉ាឡេស៊ី សិង្ហបុរី និងទីម័រខាងកើត៕






