កូនខ្មែរ២រូប សាងប្រវត្តិសាស្ត្រគួរឱ្យភ្ញាក់ផ្អើលសម្រាប់ប្រទេសក្នុងរយៈពេលពីរឆ្នាំចុងក្រោយ
អុន សម្ផស្ស
07 ធ្នូ 2024 01:30 AM

រាជធានីភ្នំពេញ៖ ​ប្រឡូកក្នុងវិស័យពីរដាច់ដោយឡែកពីគ្នា តារារ៉េប ម៉ាន់ វណ្ណដា (Vann Da) និងលោក ធឿន ធារ៉ា អត្តពលិកគុនខ្មែរ ត្រូវបានទស្សនាវដ្ដីលំដាប់ពិភពលោក Forbes ចុះផ្សាយថា ជាបុគ្កលវ័យក្រោម៣0ឆ្នាំមានឥទ្ធិពលបំផុត នៅក្នុងតំបន់អាស៊ី...។

វណ្ណដា(Vann Da)
វណ្ណដា(Vann Da)

មានឈ្មោះពិតថា ម៉ាន់ វណ្ណដា កើតនៅថ្ងៃទី២២ ខែមករា ឆ្នាំ១៩៩៧ លើទឹកដីខេត្តព្រះសីហនុ ជាកូនពៅក្នុងចំណោមបងប្អូនប្រុសពីរនាក់។ ព្រោះតែក្ដីស្រមៃកាលពីតូចចង់ក្លាយជា «តារា» វណ្ណដា ចាប់ផ្តើមរៀនបង្កើតចង្វាក់ភ្លេង និងចូលប្រឡូកក្នុងវិស័យចម្រៀងតាំងតែពីឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០១៦ ទើបបញ្ចេញស្នាដៃបទចម្រៀងដំបូងគេ ដែលមានចំណងជើងថា «គេជាអ្នកណា»។ ឆ្លងកាត់ការតស៊ូជាច្រើនលុះដល់ឆ្នាំ២០១៩ វណ្ណដា បានជាប់ជាសិល្បករឆ្នើមប្រចាំឆ្នាំពី Pleng Music by Smart និងជាប់ជាសិល្បករមានបទចម្រៀងល្អបំផុតប្រចាំឆ្នាំ តាមរយៈបទ«Hot boy»។   

វណ្ណដា(Vann Da)
វណ្ណដា(Vann Da)

លុះដល់អំឡុងឆ្នាំ២០២០ ម្ចាស់បទ​ «Queen bee» បានជាប់ជា Best Male Artist of the Year 2020 និងពាន Best Music Performance 2020 ពីកម្មវិធី Cambodian Music Award។ ឈានចូលដល់ ឆ្នាំ២០២១ ម៉ាន់ វណ្ណដា ធ្វើឱ្យប្រជាជនទូទាំងប្រទេសកម្ពុជាស្រឡាំងកាំង ពេលបានស្តាប់បទ «Time To Rise» ជាចម្រៀងហ៊ីបហបបែបសម័យទំនើប តែមានដាក់បញ្ចូលតន្ត្រីបុរាណ(ចាប៉ីដងវែង) ដែលនេះជាគំនិតច្នៃប្រឌិតថ្មីបំផុតមិនធ្លាប់មានពីមុនមក ដោយមានរួបបញ្ចូលជាមួយព្រឹទ្ធាចារ្យចាប៉ី​ដងវែង គង់ ណៃ។ រសជាតិថ្មីរវាងតន្ត្រីបុរាណ និងចង្វាក់ហ៊ីបហបសម័យទំនើបដែល វណ្ណដា ដាក់បញ្ចូលគ្នា មិនត្រឹមអន្ទងចិត្តអ្នកស្តាប់ក្នុងស្រុកប៉ុណ្ណោះទេ តែបទនេះបានល្បីរន្ទឺដល់ឆាកអន្តរជាតិ រហូតពិភពលោកងាកមកសម្លឹងមើលសិល្បករវ័យក្មេង វណ្ណដា និងសមត្ថភាពដ៏អស្ចារ្យមួយនេះ។

វណ្ណដា(Vann Da)
វណ្ណដា(Vann Da)

ជាកំពូលតារាចម្រៀងកម្ពុជា មិនត្រឹមតែមានកេរ្តិ៍ឈ្មោះបោះសំឡេងនៅក្នុងប្រទេសប៉ុណ្ណោះទេ តែតារាចម្រៀងរ៉េបវ័យក្មេងរូបនេះ ក៏កំពុងតែមានប្រជាប្រិយភាពនៅក្នុងបណ្តាប្រទេសនានា ទាំងក្នុងតំបន់ និងពិភពលោក។ ជាក់ស្តែង តាមរយៈបទចម្រៀង «Time to Rise» លោកបាន បង្ហាញខ្លួនលើឆាក នៃកម្មវិធីបិទការប្រកួតកីឡាអូឡាំពិករដូវក្ដៅរដ្ឋធានីប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤។ ចំពោះតំបន់អាស៊ី កាលពីខែឧសភា ឆ្នាំ២០២៣ ទស្សនាវដ្តីដ៏ល្បីរបស់អាម៉េរិក Forbes បានរាប់បញ្ចូលរូបលោក ទៅក្នុងបញ្ជីយុវជនមានឥទ្ធិពលបំផុតទាំង៣០នាក់ មានអាយុក្រោមអាយុ៣០ឆ្នាំនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ឬហៅថា «FORBES 30 UNDER 30 ASIA 2023»។  

វណ្ណដា(Vann Da)
វណ្ណដា(Vann Da)

ហាក់មិនខុសគ្នាពីតារាចម្រៀងរ៉េបវណ្ណដាទេ កីឡាករ ធឿន ធារ៉ា កើតនៅឆ្នាំ១៩៩៨ ជាអ្នកស្រុកពាមរក៍ ខេត្តព្រៃវែង មានរហស្សនាមថា អ្នកលេងពូថៅដៃពិឃាដ បានប្រឡូកក្នុងវិស័យប្រដាល់គុនខ្មែរ និងបង្ហាញខ្លួនជាលើកដំបូងនៅលើសង្វៀនឯកជនក្នុងប្រទេសថៃ កាលពីឆ្នាំ២០១៧។ ធឿន ធារ៉ា តស៊ូណាស់ រហូតដល់ទទួលបានជោគជ័យជាបន្តបន្ទាប់។ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​យ៉ាងខ្លាំង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ កូនអ្នកខេត្តព្រៃវែងរូបនេះ បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​គុន​ខ្មែរ​ទៅ​លើ​ឆាក​អន្តរជាតិ។ ក្នុងឆ្នាំ២០២៤ ធឿន ធារ៉ា ត្រូវបានប្រព័ន្ធ​ផ្សព្វផ្សាយដ៏​ល្បី​ រាប់បញ្ចូលក្នុងបញ្ជីយុវជនមានឥទ្ធិពលបំផុតទាំង៣០នាក់ដែលមានអាយុក្រោមអាយុ៣០ឆ្នាំនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ឬហៅថា «FORBES 30 UNDER 30 ASIA 2024»Forbes ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាទស្សនាវដ្តីដ៏ល្បីមួយសម្រាប់កត់ត្រាបញ្ជីចំណាត់ថ្នាក់បុគ្គលល្បីៗនានា ក្នុងនោះរួមមាន៖ បញ្ជីមហាសេដ្ឋីមានប្រាក់ច្រើនបំផុត, បញ្ជីក្រុមហ៊ុនកំពូលៗ រួមទាំងបញ្ជីនៃអ្នកមានអំណាចបំផុតរបស់ពិភពលោកជាដើម។

ធឿន ធារ៉ា អត្តពលិកគុនខ្មែរ
ធឿន ធារ៉ា អត្តពលិកគុនខ្មែរ

តាម​រយៈ​សមត្ថភាព កេរ្តិ៍ឈ្មោះ និង​សមិទ្ធផល​​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ អ្នកលេងពូថៅដៃពិឃាដ ត្រូវបានគេកត់សម្គាល់ និងចាត់ទុក​ថា ជា​កំពូល​កីឡាករ​ឈាន​មុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ តាមរយៈការបង្កើត​ភាព​អស្ចារ្យ​​ជា​ច្រើន​សម្រាប់​«កេរ្តិ៍​ឈ្មោះ​គុន​ខ្មែរ»ធឿន ធារ៉ា បានក្លាយជាជើងឯកគុនខ្មែរពិភពលោកក្នុងព្រឹត្តិការណ៍ប្រកួតបេក្ខភាព៨រូបមកពី៨ប្រទេសផ្សេងគ្នា (8 Men Tournament) ២ដង បន្ទាប់ពីផ្តួលដៃគូ៣រូបក្នុងមួយរាត្រី នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ និងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ ជ័យជម្នះ៣លើកជាប់គ្នាក្នុងរាត្រីតែមួយ ធឿន ធារ៉ា បានក្លាយជាម្ចាស់ខ្សែក្រវាត់គុនខ្មែរពិភពលោកកម្រិតជើងឯក៨ប្រទេស២លើក ដែលមិនទាន់មានកីឡាករកម្ពុជារូបណាធ្វើបានដូចរូបគេឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត