កៀកថ្ងៃទៅច្រៀងនៅទីក្រុងTokyo ក្លឹប RAISE បង្ហាញរូបភាពតារារ៉េប វណ្ណដា ប៉ុន្មានសន្លឹក ធ្វើឱ្យអ្នកគាំទ្រជ្រួលច្រាលចិត្ត
អុន សម្ផស្ស
13 កក្កដា 2023 06:30 AM

សិល្បៈ៖ ដឹងតែកក្រើកហើយនៅចុងសប្តាហ៍នេះ វណ្ណដា នឹងមានការច្រៀងសម្តែងនៅ RAISE Club ក្នុងទីក្រុង Tokyo ប្រទេសជប៉ុន រួមជាមួយតារាចម្រៀងរ៉េបប្រទេសជប៉ុន Awich ផងដែរ។ ខណៈដែលអ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេសជប៉ុន កំពុងតែជ្រួលច្រាលចង់ទៅជួបអាយដលរបស់ខ្លួនដោយផ្ទាល់ ក្រោយបានឃើញការផុសរូបភាពប៉ុន្មានសន្លឹកពីក្លឹប RAISE ដែលកំពុងត្រៀមទទួលកំពូលតារាចម្រៀងរ៉េបទាំងពីរ នឹងត្រូវបង្ហាញខ្លួននាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣...។

យោងតាមការផុសរបស់ RAISE Club នាថ្ងៃទី១២ កក្កដាម្សិលមិញ បានឱ្យអ្នកគាំទ្រដឹងបន្ថែមទៀតថា ទីតាំងរៀបចំប្រគំតន្ត្រីបើកទ្វារស្វាគមន៍អ្នកគាំទ្រចូលទស្សនានៅវេលាម៉ោង២២:០០ ហើយក្នុងនោះ លោក វណ្ណដា នឹងត្រូវឡើងច្រៀងនៅវេលាម៉ោង២៣:៣០នាទី។ រីឯ Awich នឹងត្រូវចេញសម្តែងនៅម៉ោង២:០០នាទី ពេលវេលានៅប្រទេសជប៉ុន។ គួររំលឹកដែរថា កន្លងទៅលោក វណ្ណដា ក៏ធ្លាប់បានឱ្យអ្នកគាំទ្រខ្លួនដឹងថា នេះជាលើកដំបូងដែលខ្លួនចេញទៅសម្តែងនៅកម្មវិធីនៅប្រទេសជប៉ុន ហើយលោកពិតជាមានអារម្មណ៍រំភើបសប្បាយរីករាយជាខ្លាំង ដែលត្រូវបានគេអញ្ជើញឱ្យទៅចូលរួមច្រៀងសម្តែង និងមានឱកាសបានជួបអ្នកគាំទ្រនៅក្រៅប្រទេស ក៏ដូចជាបងប្អូនខ្មែរយើងដែលរស់នៅទីនោះ។

គួរបញ្ជាក់ថា កំពូលតារ៉េប វណ្ណដា បានធ្វើឱ្យប្រទេសជាច្រើនស្គាល់ពីឧស្សាហកម្មតន្ត្រីនៅកម្ពុជា ក្នុងយុគសម័យថ្មី ដោយលោកតែងនាំយកវប្បធម៌អរិយធម៌ខ្មែរ ទៅបង្ហាញនៅលើឆាក អន្តរជាតិឱ្យពិភពលោកបានដឹងនឹងទទួលស្គាល់ជាបន្តបន្ទាប់។ ហើយនេះ ក៏មិនមែនជាលើកទីមួយទេ ដែលលោកចេញទៅច្រៀង និងសម្តែងនៅក្រៅប្រទេស។ ជាក់ស្តែងម្ចាស់បទTimeTo Rise រូបនេះ ក៏ធ្លាប់បានចេញទៅច្រៀងសម្តែងក្នុងការប្រគំតន្ត្រីលំដាប់ពិភពលោក « ROLLING LOUD 2023» នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ កាលពីខែមេសាកន្លងទៅផងដែរ៕

សូមទស្សនាវីដេអូព័ត៌មាន៖

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត