រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីសរសើរវណ្ណដាមិនដាច់ពីមាត់ ក្រោយសិល្បកររូបនេះទទួលបានឱកាសមាសច្រៀងក្នុងពិធីបិទកីឡាអូឡាំពិក
អុន សម្ផស្ស
12 សីហា 2024 03:51 AM

រាជធានីភ្នំពេញ៖ អ្នកគាំទ្របង្ហាញការចាប់អារម្មណ៍និងចាត់ទុកថានេះជាមោទនភាពជាតិខ្មែរ ក្រោយឃើញវត្តមានកំពូលតារាចម្រៀង Rap របស់ប្រទេសកម្ពុជា លោក វណ្ណដា( Vann Da) បង្ហាញខ្លួនលើឆាក នៃកម្មវិធីបិទការប្រកួតកីឡាអូឡាំពិករដូវក្ដៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ រំលេចនៅឈុតច្នៃពីហូលខ្មែរ។

ទន្ទឹមគ្នានោះក៏មានសារព័ត៌មានបរទេសជាច្រើនបានចុះផ្សាយពីការបង្ហាញខ្លួនរបស់កំពូលតារាចម្រៀងកម្ពុជារូបនេះ។ ក្រោយកាសែតបារាំង Le Parisien បានចុះផ្សាយអត្ថបទមួយដោយចោទសួរថា «តើវណ្ណដាជានរណា?» ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការ​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅមិនសុខក៏បានទម្លាយពាក្យក្នុងចិត្តតាមសំណេររបស់ខ្លួនលើបណ្ដាញសង្គមហេ្វសប៊ុក នាព្រឹកទី១២សីហានេះ ដោយមានខ្លឹមសារថា៖ «ជារឿងធម្មតា កម្ពុជាជាប្រទេសសម្បូរយុវជននិងយុវនារី។ ម្ល៉ោះហើយ ដើម្បីព្យាករមើលអនាគតនៃប្រទេសមួយនេះ គេតែងចាប់អារម្មណ៍ជាពិសេសទៅលើ ទំពាំងស្នងឫស្សី។ គុណភាពនៃយុវវ័យ អាចស្តែងឡើងលើគ្រប់វិស័យ, ដូចជាចំណេះដឹងនិងជំនាញ ពិសេសផ្នែកវិទ្យាសាស្រ្ត និងសេដ្ឋកិច្ចហិរញ្ញវត្ថុ, ព្រមទាំងសិល្ប:ដែលជាព្រលឹងជាតិនិងដែលត្រូវតែរស់រវើក សម្បូរបែប ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់។ វណ្ណដាជាសិល្បករដែលមានគុណសម្បត្តិអស់ទាំងនេះ»។  

បើតាមវីដេអូបង្ហាញពីសកម្មភាពចូលរួមបិទព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤នេះ លោក វណ្ណដា បានច្រៀងបទ «Time to Rise»។ ការបង្ហាញខ្លួនរបស់តារាកម្ពុជាលើឆាកកម្មវិធីលំដាប់ពិភពលោកនេះ គឺជាកិត្តិយសដ៏ធំធេងមួយសម្រាប់កម្ពុជា ជំរុញឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកចូលរួមទស្សនា ក៏ដូចជាប្រជាជនកម្ពុជា។ 

គួរជម្រាបថា ការប្រកួតកីឡាអូឡាំពិករដូវក្ដៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ ត្រូវបានចាប់ផ្តើមកាលពីថ្ងៃទី២៦ ខែកក្កដា ហើយត្រូវបិទបញ្ចប់នៅយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។ ក្នុងព្រឹត្តិការណ៍ដ៏ធំនោះសហរដ្ឋអាម៉េរិកទទួលបានមេដាយច្រើនជាងគេ ១២៦មេដាយ (មាស៤០ ប្រាក់៤៤ និងសំរិទ្ធ ៤២) តាមពីក្រោយដោយប្រទេសចិន ៩១មេដាយ (មាស ៤០ ប្រាក់២៧ និងសំរិទ្ធ២៤) និងជប៉ុន ៤៥មេដាយ (មាស២០ ប្រាក់១៣ និងសំរិទ្ធ១៣) ខណៈម្ចាស់ផ្ទះបារាំង ឈរនៅលេខ៥ មាន៦៤មេដាយ (មាស ១៦ ប្រាក់ ២៦ និងសំរិទ្ធ២២)៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត