ល្បែងជល់មាន់អនឡាញរីកដូចផ្សិតនៅស្រុកក្រូចឆ្មារ ខណៈអាជ្ញាធរហាក់ត្រូវថ្នាំសណ្តំ ទើបស្តាប់មិនឮបទបញ្ជាប្រមុខរាជរដ្ឋាភិបាល
អាន ប៊ុនរ័ត្ននៈ
05 ធ្នូ 2024 09:30 AM

ខេត្តត្បូងឃ្មុំ៖ ល្បែងជល់មាន់តាមប្រព័ន្ធអនឡាញ កំពុងក្លាយជាទីពេញនិយមសម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងភូមិសាស្ត្រ ភូមិពីរ និងភូមិបី ក្នុងឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយអាជ្ញាធរហាក់ធ្វើមិនដឹងមិនឮ និងមើលមិនឃើញពីបទល្មើសដែលកើតឡើងក្នុងមូលដ្ឋានរបស់ខ្លួន ហើយបានប្រព្រឹត្តផ្ទុយពីបទបញ្ជាប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាអនុសាសន៍ណែនាំរបស់លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានជំរុញឱ្យមានការចុះបង្ក្រាបបិទទីតាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅទូទាំងប្រទេសនាពេលកន្លងមក...។

ជាក់ស្តែង កាលពីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ មានប្រជាពលរដ្ឋរស់នៅភូមិខាងលើ រាយការណ៍ថា នៅផ្ទះបើកបនល្បែងមួយដែលមានម្ចាស់ឈ្មោះ តាក្រេន និងផ្ទះយាយក្រក់ កំពុងបើកឱ្យមានការលេងល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញយ៉ាងសកម្មជារៀងរាល់ថ្ងៃ ប៉ុន្តែគេមិនដែលឃើញមានអាជ្ញាធរសមត្ថកិច្ចជំនាញណាចុះមកទប់ស្កាត់ ឬបង្ក្រាបទីតាំងខាងលើនេះឡើយ។ ប្រភពពីប្រជាពលរដ្ឋ បានទម្លាយឱ្យដឹងថា ម្ចាស់ផ្ទះបើកបនល្បែងស៊ីសងទាំងពីរខាងលើធ្លាប់បានបង្ហើបឱ្យដឹងថា ពួកគេបានបង់ប្រាក់ប្រចាំខែដល់មន្ត្រីប៉ុស្តិ៍នគរបាលឃុំរកាខ្នុរ និងលោកអធិការនគរបាលស្រុកក្រូចឆ្មារ ជាកញ្ចប់ពិសេសប្រចាំខែរួចហើយ ទើបសមត្ថកិច្ចជំនាញទាំងនោះមើលមិនឃើញបទល្មើសល្បែងស៊ីសងអនឡាញខុសច្បាប់របស់ពួកគេឡើយ។ 

ប្រភពបានឱ្យដឹងបន្តថា ក្នុងមួយថ្ងៃៗ ម្ចាស់ផ្ទះបើកល្បែងស៊ីសងខុសច្បាប់ទាំងនោះប្រមូលប្រាក់រាប់សិបលានរៀល ពីក្រុមអ្នកវក់វីនឹងល្បែងភ្នាល់ ដោយមានអ្នកខ្លះខ្ចីបុលធនាគារយកប្រាក់មកលេងល្បែងអនឡាញ ឯអ្នកខ្លះទៀតលក់ដីស្រែចម្ការក៏ព្រោះតែផ្សងសំណាងជាមួយឆ្នោតកន្ទុយលេខវៀតណាម និងចាក់ភ្នាល់មាន់ជល់អនឡាញខុសច្បាប់ទាំងនោះ។ ប្រភពបន្ថែមថា មានគ្រួសារខ្លះកើតមានអំពើហិង្សាឈ្លោះវាយដំបែកបាក់ប្រពន្ធកូន ព្រោះតែវក់នឹងល្បែងភ្នាល់ជល់មាន់ និងចាក់កន្ទុយលេខវៀតណាមនេះ ធ្វើឱ្យស្រុកភូមិដែលធ្លាប់តែសុខសាន្ត ឥឡូវកើតមានហេតុការណ៍អសន្តិសុខញឹកញាប់ ដូចជា៖ ចោរកម្ម, ពលរដ្ឋរត់ចោលផ្ទះសម្បែងព្រោះគ្មានប្រាក់បង់ឱ្យគ្រឹះស្ថានកម្ចីឥណទាន, ប្ដីប្រពន្ធឈ្លោះប្រកែកគ្នារហូតឈានដល់ការប្រើប្រាស់អំពើហិង្សា ជាដើម។ល។ 

លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ

ទោះយ៉ាងណា ក្រោយមានពាក្យបណ្តឹងតាមប្រព័ន្ធតេឡេក្រាមមកកាន់អង្គភាពសារព័ត៌មាន SBM News ភ្លាមៗអង្គភាពយើងបានចាត់ភ្នាក់ងារចុះទៅសើបអង្កេតតបតាមសេចក្តីរាយការណ៍ និងបានឃើញពិតជាក់ស្តែង គឺមានករណីបើកល្បែងស៊ីសងដូចការលើកឡើងរបស់ប្រជាពលរដ្ឋរាយការណ៍ប្រាកដមែន។ ជាមួយគ្នានេះ ភ្នាក់ងារអង្គភាពសារព័ត៌មាន SBM News ក៏បានធ្វើសេចក្តីរាយការណ៍បន្តជូនទៅ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ តាមរយៈគ្រុបតេឡេក្រាមរបស់ខេត្តត្បូងឃ្មុំ ប៉ុន្តែហាក់ដូចជាមិនមានសកម្មភាពចុះទប់ស្កាត់ ឬចុះបង្ក្រាបផ្ទះបនល្បែងអនឡាញខុសច្បាប់ទាំងនោះឡើយ។ សកម្មភាពព្រងើយកន្តើយបែបនេះ ធ្វើឱ្យមហាជនមានចម្ងល់កាន់តែខ្លាំង ជុំវិញការលើកឡើងរបស់ពលរដ្ឋមួយចំនួនដែលបានទម្លាយពីរឿងកញ្ចប់ពិសេសថា តើជាការពិតដែរឬទេ ដែលសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរកាខ្នុរ និងអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ ពិតជាទទួលបានសំណូកក្រោមតុ? ហើយតើលោកស្នងការមានបានដឹងរឿងនេះដែរឬទេ ទើបមានសេចក្តីរាយការណ៍ពីកន្លែងប្រព្រឹត្តបទល្មើសហើយ បែរជាគ្មានចំណាត់ការអ្វីទាំងអស់នោះ?...៕
រាយការណ៍ដោយ៖ SN

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត