UN ដង្ហោយរកជំនួយ៤៧ ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៥ ខណៈជំនួយធ្លាក់ចុះតែបញ្ហាកើនឡើង
N
Nary Vann
04 ធ្នូ 2024 12:30 PM

ហ្សឺណែវ៖ អង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី៤ ខែធ្នូ បានស្វែងរកជំនួយចំនួន ៤៧ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៥ ដើម្បីជួយមនុស្សប្រហែល១៩០ លាននាក់ដែលរត់គេចពីជម្លោះ និងភាពអត់ឃ្លាន នៅពេលការអំពាវនាវនៅឆ្នាំនេះទទួលបានថវិកាត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ ហើយមន្ត្រីបង្ហាញក្ដីបារម្ភចំពោះការកាត់បន្ថយជំនួយពីបណ្តាប្រទេសលោកខាងលិច ជាពិសេសម្ចាស់ជំនួយកំពូលគឺសហរដ្ឋអាម៉េរិក។

អង្គការសហប្រជាជាតិសង្ឃឹមថានឹងផ្តល់ជំនួយប្រជាជនក្នុង៣២ ប្រទេសនៅឆ្នាំក្រោយ រួមទាំងប្រទេសដែលហែកហួរដោយសង្រ្គាម ដូចជាស៊ូដង់ ស៊ីរី អ៊ុយក្រែន និងតំបន់ហ្គាហ្សា។ លោក Tom Fletcher ប្រធានជំនួយថ្មីរបស់អង្គការសហប្រជាជាតិ ដែលជាប្រធានការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ ហៅកាត់ថា OCHA បានលើកឡើងថា៖ «នេះជារបៀបដែលយើងពន្លត់អណ្តាតភ្លើងដែលកំពុងឆេះរាលដាលលើពិភពលោក។ យើងត្រូវតែបង្កើតទំនាក់ទំនងឡើងវិញជាមួយមនុស្សដែលងាយរងគ្រោះបំផុត ហើយយើងត្រូវយកចិត្តទុកដាក់ទាំងស្រុងក្នុងការជួយអ្នកដែលខ្វះខាតបំផុត»។ នេះគឺជាការអំពាវនាវរកជំនួយធំជាងគេទី៤ នៅក្នុងប្រវត្តិសាស្ត្ររបស់ OCHA ប៉ុន្តែលោក Fletcher បានអះអាង វាមិនគ្រប់គ្រាន់សម្រាប់ជួយដល់មនុស្សប្រហែល១១៥ លាននាក់ ដែលកំពុងត្រូវការជំនួយខ្លាំងនោះទេ។

លោក Tom Fletcher 
លោក Tom Fletcher 

អង្គការសហប្រជាជាតិបានកាត់បន្ថយការអំពាវនាវរកជំនួយរបស់ខ្លួននៅឆ្នាំ២០២៤ ពី៥៦ពាន់លានដុល្លារមកនៅត្រឹម៤៦ពាន់លានដុល្លារ កាលពីឆ្នាំមុន ដោយសារការធ្លាក់ចុះនៃម្ចាស់ជំនួយ ប៉ុន្តែវាទទួលបានមូលនិធិត្រឹមតែ៤៣ភាគរយប៉ុណ្ណោះ ដែលជាអត្រាទាបបំផុតមួយក្នុងប្រវត្តិសាស្ត្រ។ រដ្ឋធានីវ៉ាស៊ីនតោនបានផ្តល់ជាង១០ ពាន់លានដុល្លារអាម៉េរិក ដែលស្មើរនឹងប្រហែលពាក់កណ្តាលនៃមូលនិធិដែលទទួលបានសរុប៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត