
ខេត្តបន្ទាយមានជ័យ៖ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាប់បញ្ជូនជនជាតិថៃប្រុស-ស្រី១០នាក់ រួមជាមួយវត្ថុតាងថ្នាំគ្រាប់ចម្រុះជាសារធាតុញៀនជាង១ម៉ឺនគ្រាប់ ទៅកាន់តុលាការខេត្តបន្ទាយមានជ័យ។

ការចុះផ្សាយរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កាលពីចុងខែវិច្ឆិកាកន្លងទៅ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនប្រចាំតំបន់ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ ចុះល្បាតក្នុងភូមិសាស្ត្រចំណុចអគារថ្មី ស្ថិតនៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ។ ក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញបានឃាត់ខ្លួនជនជាតិថៃប្រុស-ស្រីចំនួន១០នាក់ ពីបទរក្សាទុក ចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ទន្ទឹមនឹងការឃាត់ខ្លួនជនជាតិថៃទាំងនោះ អាជ្ញាធរ បានរកឃើញវត្ថុតាងសារធាតុញៀនជាច្រើនប្រភេទរួមមាន៖ ថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ(WY)ចំនួន ៩៥៨០គ្រាប់ ថ្នាំគ្រាប់ពណ៌ទឹកក្រូចមានអក្សរ (WY) ចំនួន១១៣០គ្រាប់ ថ្នាំគ្រាប់ពណ៌បៃតងមានអក្សរ(WY)ចំនួន៣៨គ្រាប់ និងម្សៅក្រាមស ដែលសង្ស័យជាសារធាតុញៀនចំនួន២៦ថង់។ សម្ភារផ្សេងទៀតដែលអាជ្ញាធររកឃើញ រួមមាន លិខិតឆ្លងដែនចំនួន២ក្បាល អត្តសញ្ញាណសញ្ជាតិថៃចំនួន២សន្លឹក ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន៣គ្រឿង និងទូរសព្ទដៃចំនួន៦គ្រឿង។ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបន្ទាយមានជ័យ បញ្ជាក់ថា ជនសង្ស័យទាំង១០នាក់ និងវត្ថុតាងត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕




