ក្រសួងប្រកាសអនុវត្តច្បាប់គ្មានការលើកលែង ខណៈចាប់បានរថយន្តខ្លះដឹកលើសទម្ងន់សឹង «ទ្វេដង»
អុន សម្ផស្ស
01 ធ្នូ 2024 10:00 AM

រាជធានីភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីល្ងាចថ្ងៃសៅរ៍បានអះអាងថា នឹងចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹងគ្មានការលើកលែងចំពោះយានយន្តដឹកលើសទម្ងន់កំណត់ ខណៈមួយរយៈចុងក្រោយនេះ មន្ត្រីជំនាញឃាត់បានជាបន្តបន្ទាប់។ 

រូបភាពមន្ត្រីជំនាញចុះពិនិត្យយាយន្តដឹកលើសទម្ងន់។ ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
រូបភាពមន្ត្រីជំនាញចុះពិនិត្យយាយន្តដឹកលើសទម្ងន់។ ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

ជាក់ស្តែងកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្ត្រីជំនាញ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់នៅទីតាំងចំនួន៣ ក្នុងខេត្តព្រៃវែង ខេត្តស្វាយរៀង និងខេត្តកណ្តាល។ ជាលទ្ធផលក្រុមការងារបានត្រួតពិនិត្យយានយន្តចំនួន៦គ្រឿង រកឃើញលើសទម្ងន់កំណត់ទាំងអស់ ដោយរថយន្តទាំងនោះ ដឹកចន្លោះពី៣៨ ដល់ ៦៥តោន។ ក្នុងនោះលើសទម្ងន់ចន្លោះពី៨ ដល់២៥តោន គិតជាភាគរយគឺលើសចន្លោះពី២៦ ដល់៩២ភាគរយ (ការដឹកលើសទម្ងន់ដល់ទៅ៩២ភាគរយនេះ គឺលើសសឹងតែទ្វេដង)។ 

រូបភាពមន្ត្រីជំនាញចុះពិនិត្យយាយន្តដឹកលើសទម្ងន់។ ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
រូបភាពមន្ត្រីជំនាញចុះពិនិត្យយាយន្តដឹកលើសទម្ងន់។ ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

ជុំវិញករណីនេះ ក្រសួងអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ដែលប្រកបរបរដឹកជញ្ជូនទំនិញ ត្រូវចូលរួមបញ្ឈប់ការប្រើប្រាស់ឡូហ្គោផ្សេងៗបិទជាប់ឡាន និងកុំដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់។ ក្រសួងនឹងបន្តយុទ្ធនាការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កំណត់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ និងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែង។ 

រូបភាពមន្ត្រីជំនាញចុះពិនិត្យយាយន្តដឹកលើសទម្ងន់។ ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
រូបភាពមន្ត្រីជំនាញចុះពិនិត្យយាយន្តដឹកលើសទម្ងន់។ ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

ការចូលរួមគោរពច្បាប់ ដោយផ្ទុកទម្ងន់ត្រឹមត្រូវតាមច្បាប់កំណត់របស់ប្រជាពលរដ្ឋ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារផ្លូវថ្នល់មិនឱ្យមានការខូចខាតមុនអាយុកាលកំណត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលនាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិតអ្នករួមដំណើរតាមដងផ្លូវជាមួយគ្នាផងដែរ។ សូមរំឭកថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤ មន្ត្រីជំនាញបានត្រួតពិនិត្យយានយន្តជាង២លាន៥៦ម៉ឺនគ្រឿង។ ក្នុងនោះរកឃើញផ្ទុកមិនលើសទម្ងន់ជាង១លាន៧៤ម៉ឺនគ្រឿង ខណៈយានយន្តជាង៨២ម៉ឺនគ្រឿង ផ្ទុកលើសកម្រិត។ បន្ថែមលើនោះ មានរថយន្ត ផ្ទុកលើសទម្ងន់​កម្រិតកំណត់ និងពិន័យចំនួន១៦០៦គ្រឿង ហើយមាន៩៨គ្រឿង ត្រូវរក្សាទុក​១ឆ្នាំ​៕

រូបភាពមន្ត្រីជំនាញចុះពិនិត្យយាយន្តដឹកលើសទម្ងន់។ ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
រូបភាពមន្ត្រីជំនាញចុះពិនិត្យយាយន្តដឹកលើសទម្ងន់។ ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
រូបភាពមន្ត្រីជំនាញចុះពិនិត្យយាយន្តដឹកលើសទម្ងន់។ ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
រូបភាពមន្ត្រីជំនាញចុះពិនិត្យយាយន្តដឹកលើសទម្ងន់។ ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន


អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត