រយៈពេល៨ឆ្នាំហើយដែល«ចាប៉ីដងវែង»បានចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ
អុន សម្ផស្ស
មួយឆ្នាំមុន

រាជធានីភ្នំពេញ៖ ថ្ងៃនេះកាលពី៨ឆ្នាំមុន«ចាប៉ីដងវែង»របស់កម្ពុជាត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅទីក្រុងអាឌីស អាបាបា ប្រទេសអេត្យូពី។ មេដឹកនាំ និងប្រជាជនកម្ពុជាតែងតែរំឭកខួបនេះដោយភ្ជាប់ជាមួយសារអបអរសាទរ..។

«ចាប៉ីដងវែង» ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ ហាក់មិនខុសពីឆ្នាំមុនៗក្នុងឱកាលរំឭកខួបនៃការដាក់បញ្ចូលសម្បត្តិវប្បធម៌អរូបីរបស់ជាតិនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា រួមទាំង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានផ្ញើសារអបអរខួប៨ឆ្នាំ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤។ ចាប៉ីដងវែង ជាឧបករណ៍តន្ត្រីវ័យចំណាស់មួយរបស់កម្ពុជា ដែលជាឧបករណ៍ដែលមានឆ្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្តផងដែរ។ ចាប៉ីអាចលេងបានមានអមជាមួយបទចម្រៀង ព្រមទាំងអាចច្នៃប្រឌិត និងបង្កើតបទថ្មីៗដោយខ្លួនឯងទៀតផង។ បទចម្រៀងចាប៉ីជាទូទៅរៀបរាប់អំពីរឿងបុរាណ ឬរឿងអប់រំខ្លីៗ ដល់ប្រជាជនពីគុណធម៌ និងវប្បធម៌ជាដើម។

សូមជម្រាបថា គិតត្រឹមឆ្នាំ២០២៣ កម្ពុជាមានសម្បត្តិបេតិកភណ្ឌពិភពលោកដែលបានចុះបញ្ជីដោយអង្គការយូណេស្កូចំនួន១០ ក្នុងនោះចែកជាសម្បត្តិវប្បធម៌រូបីចំនួន៤ និងសម្បត្តិវប្បធម៌អរូបីចំនួន៦ រួមមាន៖ តំបន់អង្គរ ប្រាសាទព្រះវិហារ តំបន់ប្រាសាទសម្បូរព្រៃគុក រមណីយដ្ឋានបុរាណវិទ្យាកោះកេរ របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង ល្ខោនខោលវត្តស្វាយអណ្ដែត និងគុនល្បុក្កតោ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត