ក្រសួងវប្បធម៌នឹងរៀបចំមហោស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ២០២៣ ក្រោមប្រធានបទ «វប្បធម៌សន្តិភាព»
K
Kimhuoy Klaing
22 កក្កដា 2023 09:00 AM

រាជធានីភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងរៀបចំមហោស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ២០២៣ ដែលនឹងប្រារព្ធឡើងចំនួន៣ថ្ងៃ នាថ្ងៃទី០២-០៤ ខែតុលា ឆ្នាំ២០២៣ នៅសាល មហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព និងមានការផ្សាយផ្ទាល់តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ផេកផ្លូវការរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ក្រសួងបានឱ្យដឹងថា ការរៀបចំព្រឹត្តិការណ៍វប្បធម៌នេះក្នុងគោលបំណងចូលរួមថែរក្សាលើកស្ទួយ អភិរក្ស តម្លៃសិល្បៈវប្បធម៌ប្រពៃណីជាតិ និងអត្តសញ្ញាណជាតិ សំដៅរួមចំណែកអភិវឌ្ឍសង្គម និងលើកកម្ពស់កិត្យានុភាពជាតិ ជាពិសេសចាប៉ីដងវែងដែលបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។

ជាមួយគ្នានេះ ក្រសួងបានផ្តល់ឱកាសដល់សិល្បករ សិល្បការិនី ដែលមានជំនាញ និងទេពកោសល្យលើទម្រង់សិល្បៈចាប៉ីដងវែងបានចូលរួមប្រឡងក្នុងមហោស្រពដ៏មានសារសំខាន់នេះ ក្នុងបុព្វហេតុថែរក្សា ការពារ និងលើកស្ទួយទម្រង់សិល្បៈចាប៉ីដងវែង ឱ្យកាន់តែរីកដុះដាលថែមទៀតផង។ ចំពោះរង្វាន់ជ័យលាភី បេក្ខជនដែលឈ្នះការប្រឡងប្រជែងក្នុងមហោស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ២០២៣នឹងទទួលបាន៖ ជ័យលាភីលេខ១ ៖ ទទួលបានពានមាស១ ទឹកប្រាក់ ៦លានរៀល, ជ័យលាភីលេខ២ ៖ ទទួលបានពានប្រាក់១ ទឹកប្រាក់ ៤លានរៀល, ជ័យលាភីលេខ៣ ៖ ទទួលបានពានសំរិទ្ធ១ ទឹកប្រាក់ ២លានរៀល និងជ័យលាភីលេខ៤ និង៥ ៖ ទទួលបានបណ្ណសរសើរ១ ទឹកប្រាក់ ១លានរៀល។

ក្រសួងនឹងដំណើរការប្រឡងជ្រើសរើសបេក្ខជនចូលរួមប្រកួតនៅក្នុងមហោស្រពចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២៣ តាមលក្ខខណ្ឌនិងកាលបរិច្ឆេទដូចខាងក្រោម៖

ក. លក្ខខណ្ឌនៃការជ្រើសរើស

១. បេក្ខជនជាមន្ត្រីរាជការ ឬមហាជន ដែលពុំមែនជាបេក្ខជនជ័យលាភី នៃមហោស្រពចាប៉ីដងវែងទូទាំងប្រទេសក្នុងឆ្នាំកន្លងៗមក

២. ចំពោះបេក្ខជនជានារី និងជនមានពិការភាពដែលមានសមត្ថភាពសមស្របត្រូវបានលើកទឹកចិត្ត

៣. បេក្ខជនត្រូវបំពេញពាក្យសុំប្រឡង និងប្រវត្តិរូបសង្ខេបចំនួន០១ច្បាប់ (តាមគំរូដែលមានស្រាប់) 

៤. ក្នុងករណីក្រុមការងាររៀបចំមហោស្រព ពិនិត្យឃើញវីដេអូរបស់បេក្ខជនណាមួយខុសលក្ខខណ្ឌ នោះក្រុមការងារ មិនបញ្ជូនឯកសារឱ្យគណៈកម្មការមេប្រយោគពិនិត្យវាយតម្លៃឡើយ។

ខ. កាលបរិច្ឆេទចុះឈ្មោះ និងដាក់ពាក្យ

-កាលបរិច្ឆេទចុះឈ្មោះ និងដាក់ពាក្យប្រឡងចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១៧:០០ នាទីរសៀលជាកំហិត។ 

-សូមដាក់ពាក្យស្នើសុំប្រឡង និងវីដេអូប្រកួតតាមរយៈមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ រាជធានី-ខេត្ត ប្រធានអង្គការ សមាគម និងសិល្បៈមហាជនជាសាមី ឬផ្ញើមកគណៈកម្មការរៀបចំមហោស្រពដែលមានទីស្នាក់ការនៅនាយកដ្ឋានសិល្បៈ ទស្សនីយភាព អាសយដ្ឋាន ផ្លូវ១៧៣ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ (ខាងក្រោយអតីតភោជនីយដ្ឋាន ស្ប៉ាក និងតាវ៉ាន់ឌេង) ឬទំនាក់ទំនងតាមទូរសព្ទ និងលេខតេឡេក្រាម៖ លោក គង់ ផល្លីនដា ០៨៩ ៥៧០ ៧៧៧

កញ្ញា ចិន្តា ពៅអាទិត្យទេវី ០៧០ ៨៨២ ៤៩៨ និងលោក ថេង គឹមស ០៦៦ ៩៨៦ ៦៧៦ ឬតាមរយៈអ៊ីម៉ែលរបស់លោក គង់ ផល្លីនដា korgpda@gmalcomត្រឹមថ្ងៃទី២៥ ខែសីហាឆ្នាំ២០២៣ វេលាម៉ោង ១៧:០០ នាទីរសៀលជាកំហិត។

គ. វិញ្ញាសា និងកាលបរិច្ឆេទប្រឡង

១- វិញ្ញាសាប្រឡងលើកទី១៖ បេក្ខជនត្រូវថតវីដេអូ នៃការច្រៀងសម្តែងចាប៉ីដងវែងរបស់ខ្លួនថ្មី (មិនមានការ ថតសំឡេងកាត់ត) លើប្រធានបទផ្សេងៗទៅតាមតម្រូវចិត្តជ្រើសរើសរបស់បេក្ខជន ដោយបង្កប់ខ្លឹមសារអប់រំ រយៈ ពេល១៥នាទី រួចផ្ញើតាមរយៈមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ឬប្រធានអង្គការសមាគមសិល្បៈ ឬផ្ញើមកកាន់គណៈ កម្មការរៀបចំមហោស្រពចាប៉ីដងវែងដោយផ្ទាល់។ ទទួលពាក្យ និងវីដេអូប្រកួត ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូត ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១៧:០០ នាទីរសៀលជាកំហិត។ ចំពោះបេក្ខជន ដែលជាប់ទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមការងាររៀបចំមហោស្រពនឹងទាក់ទងទៅសាមីខ្លួនផ្ទាល់។ ម្យ៉ាង មានតែបេក្ខជនដែលប្រឡងជាប់វិញ្ញាសាលើកទី១ប៉ុណ្ណោះ ទើបមានសិទ្ធិប្រឡងវិញ្ញាសាលើកទី២។

២- វិញ្ញាសាប្រឡងលើកទី២ ៖ 

-បេក្ខជនត្រូវថតវីដេអូ នៃការច្រៀងសម្ដែងចាប៉ីដងវែងរបស់ខ្លួនថ្មី (មិនមានការថតសំឡេងកាត់ត) លើប្រធានបទ «វប្បធម៌សន្តិភាព» រយៈពេល១៥នាទី រួចផ្ញើតាមរយៈមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ឬប្រធានអង្គការសមាគមសិល្បៈ ឬផ្ញើមកកាន់គណៈកម្មការរៀបចំមហោស្រពចាប៉ីដងវែងដោយផ្ទាល់។ ទទួលវីដេអូប្រកួត ចាប់ពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៧:០០ នាទីរសៀលជាកំហិត។

៣- វិញ្ញាសាប្រឡងលើកទី៣ ៖

-បេក្ខជនដែលជាប់ទៅកាន់វគ្គផ្តាច់ព្រ័ត្រតម្រូវឱ្យឡើងមកប្រឡងផ្ទាល់នៅរាជធានីភ្នំពេញ។ សម្រាប់ការប្រឡងវគ្គផ្ដាច់ព្រ័ត្រនេះគឺចែកចេញជាពីរវគ្គលើវិញ្ញាសាដែលគណៈកម្មការមេប្រយោគដាក់ជូនភ្លាមៗពេលប្រឡង រយៈពេល១៥នាទី នៅថ្ងៃទី០២-០៣-០៤ ខែតុលា ឆ្នាំ២០២៣៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត