អបអរសាទរខួប៧ឆ្នាំនៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ
យិត​​ ស្រីល័ក្ខ
30 វិច្ឆិកា 2023 07:00 AM

រាជធានីភ្នំពេញ៖​ ​​នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ជាខួប៧ឆ្នាំនៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦...។

ចាប៉ីដងវែង ជាឧបករណ៍តន្ត្រីវ័យចំណាស់មួយរបស់កម្ពុជា ដែលមានឆ្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្ត។ ចាប៉ីដងវែង អាចលេងបានមានអមជាមួយបទចម្រៀង ព្រមទាំងអាចច្នៃប្រឌិត និងបង្កើតបទថ្មីៗដោយខ្លួនឯងទៀតផង។ បទចម្រៀងចាប៉ីជាទូទៅរៀបរាប់អំពីរឿងបុរាណ ឬរឿងអប់រំខ្លីៗ ដល់ប្រជាជនពីគុណធម៌ និងវប្បធម៌ជាដើម។ ​ចាប៉ីដងវែងរបស់កម្ពុជា ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងអាឌីស អាបាបា ប្រទេសអេត្យូពី។​​ គួរដឹងដែរថា គិតមកដល់ពេលនេះ កម្ពុជាមានសម្បត្តិបេតិកភណ្ឌពិភពលោក ដែលបានចុះបញ្ជីដោយអង្គការយូណេស្កូចំនួន១០ ក្នុងនោះចែកជាសម្បត្តិវប្បធម៌រូបីចំនួន៤ និងសម្បត្តិវប្បធម៌អរូបីចំនួន៦ រួមមាន៖ តំបន់អង្គរ ប្រាសាទព្រះវិហារ តំបន់ប្រាសាទសម្បូរព្រៃគុក រមណីយដ្ឋានបុរាណវិទ្យាកោះកេរ របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង ល្ខោនខោលវត្តស្វាយអណ្ដែត និងគុនល្បុក្កតោ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត