មនុស្ស១៥នាក់ស្លា.ប់ និងជាង១០០នាក់បាត់ខ្លួន នៅក្នុងការបាក់ដីនៅភាគខាងកើតអ៊ូហ្គង់ដា
ម៉េងហុង
29 វិច្ឆិកា 2024 05:00 AM

រដ្ឋធានីកំប៉ាឡា៖ យ៉ាងហោចណាស់មនុស្ស១១៣នាក់កំពុងបាត់ខ្លួន ខណៈមនុស្ស១៥នាក់បានបាត់បង់ជីវិត បន្ទាប់ពីការរអិលបាក់ដីនៅភាគខាងកើតប្រទេសអ៊ូហ្គង់ដា...។

ការបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានប៉ះពាល់ដល់ភូមិជាច្រើននៅក្នុងស្រុក Bulambuli ចម្ងាយប្រហែល២៨០គីឡូម៉ែត្រពីរដ្ឋធានីកំប៉ាឡា។ ប្រតិបត្តិការជួយសង្គ្រោះកំពុងដំណើរការ។ ប៉ូលិសអ៊ូហ្គង់ដា បង្ហាញថា មនុស្ស១៥នាក់បានស្លាប់ ខណៈអ្នករបួស១៥នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះ និងបញ្ជូនទៅកាន់មន្ទីរពេទ្យ។ សាកសពចំនួន៦ត្រូវបានរកឃើញ គឺជាកុមារ។

ភ្លៀងធ្លាក់ខ្លាំង បានជន់លិចប្រទេសអាហ្វ្រិកខាងកើតមួយនេះរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ កាលពីថ្ងៃពុធ លោកស្រីនាយករដ្ឋមន្ត្រី រ៉ូប៊ីណា ណាបបានចា (Robinah Nabbanja) បានចេញការព្រមានអំពីគ្រោះមហន្តរាយនៅលើបណ្តាញសង្គម X។ ទឹកទន្លេបានវាយបំបាក់ច្រាំង និងបង្កឱ្យមានការជន់លិចសាលារៀន និងព្រះវិហារ បំផ្លាញស្ពាន និងកាត់ផ្តាច់ទំនាក់ទំនងរបស់ពលរដ្ឋក្នុងសហគមន៍។ យោធា​ត្រូវ​បាន​គេ​ដាក់​ពង្រាយ​ ដើម្បី​ខិតខំ​ប្រឹងប្រែង​ស្វែងរកការជួយសង្គ្រោះ​។

ប្រទេសអ៊ូហ្គង់ដា រងនូវការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា ចាប់តាំងពីខែតុលា បានបង្កឱ្យមានទឹកជំនន់ និងការរអិលបាក់ដីនៅតំបន់មួយចំនួន។ នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ ដែល​ភាគ​ខាង​កើត​ប្រទេស​អ៊ូហ្គង់ដា​រង​គ្រោះ​ដោយ​ទឹក​ជំនន់ និង​ការ​បាក់​ដី។ កាលពីឆ្នាំ២០១០ ការបាក់ដីនៅតំបន់ប៊ូប៊ូដា Bududa បានសម្លាប់មនុស្សប្រហែល៣០០នាក់។ តំបន់ភាគខាងកើត គឺជាតំបន់ភ្នំដែលមានដីបង្កបង្កើនផលល្អសម្រាប់ធ្វើកសិកម្ម ជាហេតុផលមួយដែលមនុស្សមានការស្ទាក់ស្ទើរក្នុងការចាកចេញ។ ប៉ុន្តែនៅឆ្នាំនេះ ភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងការបាក់ដី បានបង្ខំឱ្យមនុស្សរាប់ពាន់នាក់ចាកចេញពីលំនៅដ្ឋានរបស់ពួកគេ។ នេះបើយោងតាមសហព័ន្ធអន្តរជាតិ នៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហមតម្លាយចេញ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត