អ៊ូហ្គង់ដាដាក់ពង្រាយទាហានបន្ថែមទៀត ដើម្បីតាមប្រមាញ់ក្រុមអ្នកវាយប្រហារសម្លា.ប់សិស្ស៣៧នាក់
ម៉េងហុង
19 មិថុនា 2023 09:30 AM

ប្រធានាធិបតីអ៊ូហ្គង់ដា លោក យូវើរី មូសេវេនី (Yoweri Museveni) កាលពីថ្ងៃអាទិត្យទី១៨ មិថុនា បានបញ្ជាកងទ័ពបន្ថែមទៀតទៅកាន់ភាគខាងលិចប្រទេសអ៊ូហ្គង់ដា ជាកន្លែងដែលអ្នកវាយប្រហារមកពីក្រុមដែលមានទំនាក់ទំនងជាមួយរដ្ឋអ៊ីស្លាម បានសម្លាប់សិស្សវិទ្យាល័យយ៉ាងហោចណាស់៣៧នាក់។

លោក យូវើរី មូសេវេនី 
លោក យូវើរី មូសេវេនី 

សមាជិកនៃកងកម្លាំងសម្ព័ន្ធមិត្តប្រជាធិបតេយ្យ (ADF) បានសម្លាប់សិស្សកាលពីល្ងាចថ្ងៃសុក្រនៅសាលាអនុវិទ្យាល័យឡហ៊ូប៊ីរីរ៉ា Lhubirira ក្នុងទីក្រុងអ៊ែមប៉ុនវ៉េ Mpondwe ជិតព្រំដែនជាមួយសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ យោធា និងប៉ូលិស បានបញ្ជាក់ថា អ្នកវាយប្រហារក៏បានចាប់ សិស្សចំនួន៦នាក់ផងដែរ ហើយបានរត់ឆ្ពោះទៅឧទ្យានជាតិវីរ៉ាន់ហ្កា Virunga ឆ្លងព្រំដែន។ ជោគវាសនារបស់ពួកគេមិនដឹងថា ជាទៅជាយ៉ាងណានៅឡើយទេ។ លោក មូសេវេនី បាននិយាយថា ទាហានកាន់តែច្រើនបានចូលរួមក្នុងតាមប្រមាញ់នៅក្នុងតំបន់ដែលរួមមានភ្នំ រ៉វ៉ាន់ហ្សូរី Rwenzori ពីកន្លែងដែល ADF បានចាប់ផ្តើមការបះបោររបស់ពួកគេប្រឆាំងនឹងមេដឹកនាំរូបនេះក្នុងទសវត្សរ៍ឆ្នាំ១៩៩០។ លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ឥឡូវនេះ យើងកំពុងបញ្ជូនកងទ័ពបន្ថែមទៀតចូលទៅក្នុងតំបន់ភាគខាងត្បូងនៃភ្នំ រ៉វ៉ាន់ហ្សូរីRwenzori»។  កាលពីថ្ងៃសៅរ៍ ទូរទស្សន៍ NTV អ៊ូហ្កង់ដាUganda បានរាយការណ៍ថា ចំនួនអ្នកស្លាប់មានចំនួន៤១នាក់ ខណៈដែលកាសែតរដ្ឋ New Vision បានរាយការណ៍ថាមាន៤២។ New Vision បានបញ្ជាក់ថា ជនរងគ្រោះ៣៧នាក់ ក្នុងចំណោមអ្នកស្លាប់ គឺជាសិស្ស។

ការវាយប្រហារនេះបានទាក់ទាញការថ្កោលទោសយ៉ាងខ្លាំងពីអន្តរជាតិ រួមទាំងពីអង្គការសហប្រជាជាតិ សហភាពអាហ្រ្វិក និងអាជ្ញាធរអន្តររដ្ឋាភិបាលនៃការអភិវឌ្ឍអាហ្វ្រិកខាងកើត។ ប្រជាជនអ៊ូហ្គង់ដា មានការភ្ញាក់ផ្អើលចំពោះការវាយប្រហារនេះ។ លោកស្រី ចាណេត មូសេវេនី (Janet Museveni) ដែលជាជំទាវទីមួយ និងជារដ្ឋមន្ត្រីក្រសួងអប់រំ បានលើកឡើងថា៖ «ឪពុកម្តាយទូទាំងប្រទេស សូមកុំភ័យស្លន់ស្លោ កូនរបស់យើងមានសុវត្ថិភាព ហើយពួកគេនឹងមានសុវត្ថិភាព។ ជនកំណាចទាំងនោះជាបិសាច ហើយពួកគេកំពុងព្យាយាមធ្វើបាបកូនរបស់យើង ប៉ុន្តែពួកគេនឹងមិនអាចធ្វើបាបក្មេងៗបាននោះទេ»

លោកប្រធានាធិបតី មូសេវេនី អះអាងថា រដ្ឋាភិបាលក៏នឹងស៊ើបអង្កេតថា តើមានការធ្វេសប្រហែសណាមួយដែលអាចឱ្យការវាយប្រហារកើតឡើង។ គួររំឭកថា ADF ត្រូវបានបរាជ័យយ៉ាងធំដោយយោធាអ៊ូហ្គង់ដា ប៉ុន្តែជនដែលនៅសល់ពីក្រុមនេះបានភៀសខ្លួនចូលទៅក្នុងព្រៃដ៏ធំនៃភាគខាងកើតកុងហ្គោ ពីកន្លែងដែលពួកគេបានរក្សាការបះបោររបស់ពួកគេចាប់តាំងពីពេលនោះមក ដោយវាយប្រហារទៅលើគោលដៅជនស៊ីវិល និងយោធានៅក្នុងប្រទេសកុងហ្គោ និងអ៊ូហ្គង់ដា។ កាល​ពី​ខែ​មេសា ADF បាន​វាយ​ប្រហារ​ភូមិ​មួយ​នៅ​ភាគ​ខាង​កើត​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច២០​នាក់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត