
រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីមហាផ្ទៃ បានឆ្លៀតពេលជួបសំណេះសំណាលជាមួយស្រ្តីវ័យក្មេងម្នាក់ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីត្រូវបានជួយសង្គ្រោះពីប្រទេសចិន និងទើបបានវិលត្រឡប់មកដល់កម្ពុជាវិញ។ នាង ជាស្រ្តីខ្មែរម្នាក់ ដែលចាញ់បោកមេខ្យល់នាំយកទៅប្រទេសចិននាពេលកន្លងមក។ លោក ស សុខា សរសេរលើហ្វេសប៊ុកថា លោកចង់ជួបនាង ដើម្បីសួរសុខទុក្ខ និងលើកទឹកចិត្តនាង។

លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បង្ហោះសារលើហ្វេសប៊ុកថា ស្រ្តីខ្មែររងគ្រោះនៅប្រទេសចិនរូបនេះ ក៏ស្នើសុំជួបលោករដ្ឋមន្រ្តីដែរ ដើម្បីអរគុណលោករដ្ឋមន្រ្តី ដែលបានខ្នះខ្នែងជួយនាងរហូតបានជោគជ័យ។ លោកឧបនាយករដ្ឋមន្រ្តី ស សុខា លើកឡើងថា លោក រីករាយបំផុត ក្រោយស្រ្តីខ្មែររូបនេះ ត្រូវបានជួយសង្គ្រោះ និងបានវិលមកដល់មាតុភូមិវិញដោយសុវត្ថិភាព។

លោក ស សុខា បានឧបត្ថម្ភថវិកា២លានរៀល ដើម្បីជាការលើកទឹកចិត្តដល់នាង ដែលត្រូវតស៊ូសម្រាប់អនាគតទៅមុខទៀត។ តាមរយៈសាររបស់ខ្លួន រដ្ឋមន្រ្តីមហាផ្ទៃ បានអរគុណដល់ភាគីពាក់ព័ន្ធ ដែលបានខ្នះខ្នែងជួយស្រ្តីខ្មែរខាងលើ រួមមាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកអគ្គរាជទូតកម្ពុជានៅចិន សមត្ថកិច្ចប្រទេសទាំង២ រួមទាំងអង្គការរតនៈអន្តរជាតិ (Ratanak International)៕



