
រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាស់ស្មារតីមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ឋានុក្រម ដែលស្ថិតក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ «កុំចាប់អារម្មណ៍» «កុំយកចិត្តទុកដាក់» និង «កុំលង់ជឿតាមអន្ទាក់នយោបាយអូសទាញ» របស់ក្រុមប្រឆាំងនៅក្រៅស្រុក។ ការដាស់តឿនរបស់លោកឧបនាយករដ្ឋមន្រ្តីមហាផ្ទៃ ធ្វើឡើងតាមរយៈសារលិខិត ដែលទើបនឹងចេញនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នេះ។

លោក ស សុខា រំលេចក្នុងសារដែលផ្ញើទៅកាន់មន្រ្តី និងនគរបាលទាំងអស់ថា អន្ទាក់នយោបាយរបស់ក្រុមជំទាស់នៅក្រៅប្រទេស «អាចទាញទម្លាក់កម្ពុជាចូលទៅក្នុងអន្លង់សង្គ្រាម»។ ដូចថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងមន្រ្តីនានាដែរ រដ្ឋមន្រ្តីមហាផ្ទៃ បានហៅក្រុមប្រឆាំងនៅឯនាយសមុទ្ទ ថាជាក្រុមជ្រុលនិយម។ រដ្ឋមន្រ្តីមហាផ្ទៃ ប្រញាប់ចេញសារនេះជូនទៅបណ្តាអស់មន្រ្តី និងកងកម្លាំងក្រោមការគ្រប់គ្រង់របស់លោក បន្ទាប់បានឃើញបានឮឡើងវិញ ពីការប្រឌិតព័ត៌មានក្លែងក្លាយនានា ដែលលោកចាត់ទុកថា មានលក្ខណៈបំបែកបំបាក់[លោក ជាមួយថ្នាក់ដឹកនាំកំពូល]។

គួរបង្ហាញឱ្យដឹងបរិបទត្រង់កន្លែងនេះបន្តិចថា កាលពីរាជរដ្ឋាភិបាលជំនាន់មុន ក្រុមអ្នកជំទាស់នៅក្រៅប្រទេស ចូលចិត្តផ្គូផ្គង សម្តេច ស ខេង ទៅនឹងសម្តេចតេជោ ហ៊ុន សែន ហើយមកដល់រាជរដ្ឋាភិបាលជំនាន់ថ្មីនេះ ពួកគេ ក៏បន្តផ្គូផ្គងលោក ស សុខា ទៅនឹងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្រ្តីទៀត។ ការផ្គូផ្គងបែបនេះ មិនថាក្នុងជំនាន់មុន ឬក្នុងជំនាន់នេះ សុទ្ធតែត្រូវមន្រ្តីរាជរដ្ឋាភិបាលចេញមកបដិសេធជាញឹកញាប់។ ជាមួយគ្នានេះដែរ នាពេលថ្មីៗមានការផ្សាយព័ត៌មានពីក្រៅប្រទេសមកទៀតថា លោក ស សុខា និងសម្តេច ស ខេង ជាឪពុក ត្រូវឃុំខ្លួន។ ព័ត៌មាននេះ ត្រូវបានលោក ស សុខា ចេញមុខបដិសេធខ្លួនឯងផ្ទាល់តែម្ដង ក្នុងពិធីមួយកាលពីថ្ងៃ២១សីហាកន្លងទៅ។

ក្នុងសារលិខិតខាងលើ លោក ស សុខា បានស្នើឱ្យកម្លាំងនគរបាល និងមន្រ្តីស៊ីវិលក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ដោយរាប់ចាប់តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ បន្តរក្សាស្មារតីសាមគ្គី និងជឿជាក់ខ្ពស់លើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៕


