ប្រាសាទកោះកេរជាមរតកតែមួយគត់នៅអាស៊ីអាគ្នេយ៍ ជាប់ឈ្មោះក្នុងបញ្ជីគេហទំព័រទេសចរណ៍ពិភពលោក Fodor's Travel
ហៀប ស៊ីថេត
28 វិច្ឆិកា 2024 09:30 AM

រាជធានីភ្នំពេញ៖ គេហទំព័រទេសចរណ៍ដ៏ល្បីល្បាញមួយរបស់ពិភពលោកឈ្មោះថា Fodor's Travel បានចារឈ្មោះប្រាសាទកោះកេរក្នុងទំព័រដំបូង ជាទីកន្លែងមួយក្នុងចំណោមទីកន្លែងចំនួន២៥ ដែលភ្ញៀវទេសចរពិភពលោកមិនគួរមើលរំលងក្នុងដំណើរកម្សាន្តលម្ហែកាយនាឆ្នាំ២០២៥ខាងមុខ ខណៈប្រាសាទកោះកេរ គឺជាមរតកតែមួយគតនៅអាស៊ីអាគ្នេយ៍ជាប់ឈ្មោះក្នុងបញ្ជីគេហទំព័រដ៏ល្បីនេះ។ ទន្ទឹមនឹងការសាទរព្រោងព្រាត សូម្បីតែឯកអគ្គរដ្ឋចិនប្រចាំប្រទេសកម្ពុជា ក៏មិនអាចទប់ចិត្តចែករំលែក និងអបអរសាទរដំណឹងមួយនេះបានដែរ...។

គេហទំព័រទេសចរណ៍ Fodor's Travel បានចុះផ្សាយថា៖«[..] កោះកេរ ជាកន្លែងបុរាណវត្ថុដ៏ធំទូលាយ ដែលផ្តល់នូវការយល់ដឹងដ៏គួរឱ្យចាប់អារម្មណ៍ទៅលើទិដ្ឋភាព និងប្រវត្តិនៃអាណាចក្រខ្មែរ ដែលពិភពលោកមិនសូវបានដឹង។ ប្រាសាទដ៏អស្ចារ្យនេះបានចុះបញ្ជីរជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅចុងឆ្នាំ២០២៣»។ គេហទំព័រដដែលបានចុះផ្សាយដោយផ្សារភ្ជាប់ជាមួយប្រវត្តិសាស្ត្រខ្មែរទៅកាន់ពិភពលោកបែបនេះថា៖«រមណីដ្ឋានប្រាសាទកោះកេរនេះ ជាអតីតរាជធានីនៃអាណាចក្រខ្មែរក្នុងចន្លោះឆ្នាំ៩២៨ដល់៩៤៤ នៃគ.ស ហើយមានប្រាសាទចំនួន ៨០ស្ថិតនៅជុំវិញ ហ៊ុមព័ទ្ធទៅដោយដើមឈើ និងព្រៃក្រាស់[..]»។ មិនត្រឹមតែប៉ុណ្ណោះ គេហទំព័របរទេសមួយនេះ ក៏បានចារឈ្មោះប្រាសាទកោះកេរជាទីកន្លែងមួយក្នុងចំណោមទីកន្លែងចំនួន២៥ ដែលភ្ញៀវទេសចរគួរតែទៅទស្សនាក្នុងឆ្នាំ២០២៥។

ជុំវិញការចុះផ្សាយយ៉ាងកក្រើកដោយគេហទំព័រដ៏ល្បីរបស់បរទេស ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា លោក វ៉ាង វិនពីន ក៏បានបង្ហោះសារអបអរលើគណនីហ្វេសប៊ុកផ្លូវការថា៖«ប្រាសាទកោះកេររបស់កម្ពុជា ត្រូវបានទស្សនាវដ្តី Fodor’s Travel កំណត់ជាទីតាំងមួយក្នុងចំណោមទីតាំងដទៃទៀត នៃបញ្ជីកន្លែងដែលអ្នកទេសចរគួរតែទៅលេងកម្សាន្តទាំង២៥ក្នុងឆ្នាំ២០២៥។ សូមចូលរួមអបអរសាទរ!»។

សូមរំឭកថា កោះកេរជាអតីតរាជធានីរបស់ខ្មែរក្នុងសតវត្សរ៍ទី១០ មានអាយុកាលជាង១សហវត្សរ៍មកហើយ ដែលត្រូវបានកសាងដោយព្រះបាទជ័យវរ្ម័នទី៤ នៅពេលផ្លាស់ប្ដូររាជធានីពីយសោធរបុរៈ(ក្រុងអង្គរ)មកតំបន់កោះកេរ ឬឆោកគគីរ(ឆោកគគ្យ៌រ)។ គួរបញ្ជាក់ផងដែរថា រមណីយដ្ឋានប្រាសាទកោះកេរ រួមជាមួយប្រសាទដែលមានរាងពីរ៉ាមីតនៅកម្ពុជានេះ ត្រូវបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២៣៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត