អ្នកនាំពាក្យ៖ មិនយូរទេ ច្បាប់ដាក់ក្រុមមនុស្សខ្លះចូលក្នុងបញ្ជីភេរវករ​ នឹងចេញរូបរាង
Mao Sopha
28 វិច្ឆិកា 2024 09:00 AM

រាជធានីភ្នំពេញ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ជឿថា ប្រហែលជាមិនយូរនោះទេ ច្បាប់ថ្មី ដែលដាក់ក្រុមមនុស្សមួយចំនួន ទៅជាក្រុមភេរវករ អាចនឹងត្រូវបានតាក់តែងឡើង។ លោកបង្ហាញការជឿជាក់បែបនេះ ក៏ព្រោះតែលោក បានឮ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងម្ដងហើយម្ដងទៀតអំពីបំណងចង់បង្កើតច្បាប់ថ្មីនេះ។

លោក សុខ ឥសាន ថ្លែងនៅរាជបណ្ឌិត្យសភាកម្ពុជា។ 
លោក សុខ ឥសាន ថ្លែងនៅរាជបណ្ឌិត្យសភាកម្ពុជា។ 

«ឱ្យតែប្រធានគណបក្សប្រជាជន លើកឡើងហើយ គឺអាចនឹងមានប្រសិទ្ធភាពហើយ» នេះជាការអះអាងរបស់លោក សុខ ឥសាន នៅក្នុងវេទិកាស្ដីពីបដិវត្តន៍ពណ៌ និងសណ្ដាប់ធ្នាប់ពិភពលោក រៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ បើតាមអ្នកនាំពាក្យរូបនេះ ប្រមុខគណបក្សកាន់អំណាចកម្ពុជា ទើបនឹងបានលើកឡើងសាជាថ្មី ក្នុងមហាសន្និបាតអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) អំពីបំណងចង់ឱ្យកម្ពុជាមានច្បាប់មួយ ដាក់ក្រុមមនុស្សមួយចំនួនចូលក្នុងក្រុមភេរវករ។ មហាសន្និបាត ICAPP ប្រព្រឹត្តនៅកម្ពុជា ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា។

សម្តេច ហ៊ុន សែន ថ្លែងក្នុងអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេស។ 
សម្តេច ហ៊ុន សែន ថ្លែងក្នុងអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេស។ 

មុនលើកឡើងក្នុងមហាសន្និបាត ICAPP សម្តេចប្រមុខគណបក្សកាន់អំណាចកម្ពុជា បានលើកឡើងពីរឿងនេះពីរដងរួចមកហើយ។ លើកទីមួយ សម្តេចលើកឡើងនៅប្រទេសកូរ៉េខាងត្បូង កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៤ ដោយលើកហេតុផលថា ការចង់បង្កើតច្បាប់ថ្មីនេះឡើង គឺដោយសារតែនៅមានអ្នកប៉ុនប៉ងបំផ្លាញសន្តិភាពនៅកម្ពុជា។ លើកទីពីរ សម្តេចលើកឡើងក្នុងអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេស កាលពីថ្ងៃទី២១ ខែវិច្ឆិកា ហើយការលើកឡើងជាលើកទីពីរនេះ គឺបន្ទាប់ពីបញ្ហាកោះគុត បានផ្ទុះឡើង។ សម្តេចបានហៅការអត្ថាធិប្បាយរបស់ក្រុមប្រឆាំងនៅក្រៅប្រទេសអំពីបញ្ហាកោះគុត ថា អាចនាំឱ្យមានការផ្ទុះអាវុធរវាងកម្ពុជា-ថៃ។ សម្តេចចោទសួរថា តើដល់ពេលដែលត្រូវបង្កើតច្បាប់ដាក់ក្រុមមនុស្សខ្លះចូលជាក្រុមភេរវករហើយឬនៅ?

រូបតំណាងអំពីអ្នកជាប់ឃុំ 
រូបតំណាងអំពីអ្នកជាប់ឃុំ 

ក្រុមប្រឆាំងនៅក្រៅប្រទេស បកស្រាយថា កម្ពុជា ក៏មានសិទ្ធិកាន់កាប់កោះគុតដែរ ដោយសំអាងលើសិទ្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ហេតុដូច្នេះហើយ ទើបបានជាជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា ប្តឹងទៅតុលាការអន្តរជាតិ ដើម្បីទាមទារសិទ្ធិកាន់កាប់កោះនេះជាមួយថៃ។ ទាំងសម្តេចតេជោ ទាំងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត សុទ្ធតែអះអាងថា បញ្ហាដែនសមុទ្ទរវាងកម្ពុជា-ថៃ កំពុងស្ថិតក្នុងការចរចា។ ទោះយ៉ាងណា បច្ចុប្បន្ន ថៃកំពុងកាន់កាប់កោះគុតទាំងស្រុង៕  

កោះគុត
កោះគុត
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត