
រាជធានីភ្នំពេញ៖ ឥស្សរជនរូបណា នឹងក្លាយជាអនុប្រធានទី១នៃព្រឹទ្ធសភា ជំនួសលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដែលវិលទៅកាន់តំណែងរដ្ឋមន្រ្តីការបរទេសវិញ? ចំណែក លោកឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា ដែលទើបនឹងចេញពីតំណែងរដ្ឋមន្រ្តីការបរទេស នឹងត្រូវកាន់តំណែងអ្វី? លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ជាគណបក្សកាន់អំណាច មិនទាន់អាចផ្តល់ចម្លើយជាផ្លូវការ ចំពោះសំណួរទាំង២នេះឡើយ។ ប៉ុន្តែ ចំពោះសំណួរទី១ លោកអាចផ្តល់តម្រុយថា គេនឹងដឹងច្បាស់ ឥស្សរជនរូបណា ត្រូវឡើងជាអនុប្រធានទី១ថ្មីនៃព្រឹទ្ធសភា ក្នុងពេលដ៏ខ្លីខាងមុខនេះ។

ក្នុងកិច្ចសម្ភាសជាមួយអង្គភាព SBM News តាមទូរសព្ទនាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក សុខ ឥសាន ដែលជាសមាជិក និងជាអ្នកនាំពាក្យព្រឹទ្ធសភាដែរនោះ បង្ហើបយ៉ាងដូច្នេះថា៖«ឥឡូវ យើងចាំមើលបន្តិចទៀត មួយថ្ងៃទៀត បាន [ដឹង] ឱ្យខ្ញុំថាមុន ម៉េចកើត!»។ លោកបញ្ជាក់ថា ការដាក់ឥស្សរជនរូបណាឱ្យឡើងធ្វើជាអនុប្រធានទី១ថ្មីនៃព្រឹទ្ធសភា គឺអាស្រ័យលើការរៀបចំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា។

ចំណែកសំណួរទី២វិញ លោក សុខ ឥសាន ប្រាប់ឱ្យរង់ចាំមើលដូចគ្នា។ លោក អះអាងថា លោក សុខ ចិន្តាសោភា នៅតែជាឧបនាយករដ្ឋមន្រ្តីដដែល ប៉ុន្តែលោកឧបនាយករដ្ឋមន្រ្តីរូបនេះ នឹងត្រូវទៅកាន់តំណែង ឬតួនាទីអ្វីនោះ គឺត្រូវរង់ចាំមើលពេលប្រមុខរាជរដ្ឋាភិបាលសម្រេចផ្តល់ជូន។ អ្នកនាំពាក្យរូបនេះ ថ្លែងដូច្នេះថា៖«ធម្មតា ពេលគាត់ចេញពីក្រសួងមួយ ហើយគាត់មកកាន់ការងារអី អាហ្នឹង គឺអាស្រ័យលើការរៀបចំរបស់រាជរដ្ឋាភិបាល»។

នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកានេះ រដ្ឋសភា បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យលោក ប្រាក់ សុខុន ធ្វើជារដ្ឋមន្រ្តីការបរទេសជាលើកទី២ ជំនួសលោក សុខ ចិន្តាសោភា ទៅតាមសំណើរបស់រាជរដ្ឋាភិបាល។ លោក ប្រាក់ សុខុន ធ្លាប់ធ្វើជារដ្ឋមន្រ្តីការបរទេសលើកទី១ ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៣។ លោក ប្រាក់ សុខុន វិលមកកាន់តំណែងរដ្ឋមន្រ្តីការបរទេសម្តងទៀត ក្រោយលោក សុខ ចិន្តាសោភា កាន់តំណែងនេះបានជាង១ឆ្នាំ។ អំឡុងពេលជាង១ឆ្នាំនៃការចាកចេញពីតំណែងរដ្ឋមន្រ្តីការបរទេស លោក ប្រាក់ សុខុន ទៅបំពេញការងារនៅស្ថាប័ននីតិបញ្ញត្តិទាំង២ គឺរដ្ឋសភា និងព្រឹទ្ធសភា។ លោកធ្វើជាតំណាងរាស្ត្រ ឬជាសមាជិករដ្ឋសភា បានមួយរយៈខ្លី ហើយក៏ទៅធ្វើជាអនុប្រធានទី១នៃព្រឹទ្ធសភា ខណៈសម្តេចតេជោ ហ៊ុន សែន ជាប្រធាននៃស្ថាប័ននីតិបញ្ញត្តិមួយនេះ៕



