កម្ពុជាឈានដល់ដំណាក់កាលអាចដំឡើងរថយន្ត និងត្រៀមនាំចេញទៅលក់ក្រៅប្រទេស
Mao Sopha
27 វិច្ឆិកា 2024 11:30 AM

រាជធានីភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បង្ហើបថា នៅកម្ពុជាបច្ចុប្បន្ន កំពុងមានការដំឡើងរថយន្ត ហើយនឹងអាចនាំយកទៅលក់នៅក្រៅប្រទេសក្នុងពេលខាងមុខឆាប់ៗនេះ។ ប្រមុខរាជរដ្ឋាភិបាល អាចត្រឹមបង្ហើបដំណឹងនេះតែបន្តិចប៉ុណ្ណោះ ដោយមិនទាន់ប្រកាសជាផ្លូវការ និងប្រាប់លម្អិតនោះទេ ក៏ព្រោះតែចង់ទុកឱ្យក្រសួងពាណិជ្ជកម្ម ធ្វើកិច្ចការពាក់ព័ន្ធនឹងការដំឡើងរថយន្តនេះឱ្យចេញជាលទ្ធផលជាក់ស្តែងជាមុនសិន។

ក្រុមហ៊ុតូយ៉ូតា ដាក់តាំងលក់រថយន្តនៅផ្សារអេអនមានជ័យកន្លងមក។ 
ក្រុមហ៊ុតូយ៉ូតា ដាក់តាំងលក់រថយន្តនៅផ្សារអេអនមានជ័យកន្លងមក។ 

ក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចូលរួមដែរនោះ សម្តេចធិបតី បានថ្លែងដោយសំដៅទៅលោកស្រីដូច្នេះថា៖«តិចទៀត [លោកជំទាវរដ្ឋមន្រ្តីពាណិជ្ជកម្ម] គាត់អត់នាំចេញតែផលិតផលកសិកម្មទេ គាត់នាំចេញគ្រឿង[រថ]យន្ត អាគ្រឿង[រថ]យន្តធំទៀត ចាំពេលចេញ ចាំខ្ញុំប្រកាស»។ សម្តេចលើកឡើងថា កម្ពុជាបានប្រែខ្លួនពីប្រទេសកសិកម្ម ទៅជាប្រទេសកសិឧស្សាហកម្ម និងបន្តប្រែខ្លួនពីប្រទេសកសិឧស្សាហកម្ម ទៅជាប្រទេសឧស្សាហកម្មកម្រិតស្រាល។ មានរោងចក្រផ្នែកវាយនភណ្ឌ និងរហូតដល់មានការដំឡើងរថយន្តត្រៀមនាំចេញទៅក្រៅប្រទេស គឺជាឧទាហរណ៍២ ដែលប្រមុខរាជរដ្ឋាភិបាលលើកឡើងដើម្បីបញ្ជាក់ថា កម្ពុជាកំពុងប្រែខ្លួនទៅជាប្រទេសឧស្សាហកម្មកម្រិតស្រាល។

សម្តេច ហ៊ុន ម៉ាណែត ធ្វើជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងរៀបចំដែនដី។
សម្តេច ហ៊ុន ម៉ាណែត ធ្វើជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងរៀបចំដែនដី។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បញ្ជាក់ក្នុងកិច្ចសម្ភាសជាមួយអង្គភាព SBM News នៅថ្ងៃទី២៧ ខែវិច្ឆិកានេះថា ភាគីដែលដំឡើងរថយន្តនៅកម្ពុជា គឺក្រុមហ៊ុនឯកជន។ លោកផ្តល់ព័ត៌មានថា មកដល់ពេលនេះ មានក្រុមហ៊ុនរថយន្តល្បីៗ២ហើយ ដែលបានដាក់ពាក្យទៅក្រសួងពាណិជ្ជកម្ម ដើម្បីសុំដំឡើងរថយន្តនៅកម្ពុជា និងត្រៀមនាំចេញទៅក្រៅ្រប្រទេស។ ក្រុមហ៊ុនរថយន្តទាំង២នោះ គឺក្រុមហ៊ុនតូយ៉ូតា (Toyota) និងក្រុមហ៊ុនហ្វត (Ford)។ លោកមានប្រសាសន៍បែបនេះថា៖«ជាគោលការណ៍នៃទីផ្សារសេរី ភាគច្រើនគឺឯកជនជាអ្នកធ្វើ ហើយមានការចូលរួម [ពីរាជរដ្ឋាភិបាល]ឬអត់ ទាល់តែសួរទៅខាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)»

លោកស្រី ចម និម្មល ស្ថិតក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងរៀបចំដែនដី។ 
លោកស្រី ចម និម្មល ស្ថិតក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងរៀបចំដែនដី។ 

លោក ប៉ែន សុវិជាតិ បានឱ្យដឹងទៀតថា ក្រុមហ៊ុនឯកជនខាងលើ អាចនឹងនាំចេញទាំងគ្រឿងរថយន្ត និងតួរថយន្តទាំងមូល។ លោកបន្តថា ទោះដំឡើងនៅកម្ពុជា និងនាំចេញពីកម្ពុជា តែរថយន្តនោះ នៅតែជាឈ្មោះ (ឬជាប្រែន) របស់ក្រុមហ៊ុនបរទេសដដែល ដោយកម្ពុជាពុំទាន់មានក្រុមហ៊ុនរថយន្ត និងប្រែនដែលមានម្ចាស់ជាជនជាតិខ្លួននោះទេ។ លោកមើលឃើញថា ការដំឡើងរថយន្តនៅកម្ពុជា អាចនឹងចំណាយតម្លៃទាបទៅលើកម្លាំងពលកម្មផង និងលើវត្ថុធាតុដើមផង។ បើតាមលោករដ្ឋលេខាធិការ កម្ពុជាក៏មានវត្ថុធាតុដើមខ្លះដែរក្នុងការដំឡើងរថយន្ត ដូចជា ជ័រកៅស៊ូ សម្រាប់ផលិតចេញជាកង់រថយន្តជាដើម ខណៈបច្ចុប្បន្ន នៅកម្ពុជា មានរោងចក្រមួយចំនួន កំពុងដំណើរការកែច្នៃកង់រថយន្តស្រាប់ទៅហើយ។

លោក ប៉ែន សុវិជាតិ ដឹកនាំកិច្ចប្រជុំមួយ កាលពីខែកុម្ភៈ ឆ្នាំ២០២៤។ 
លោក ប៉ែន សុវិជាតិ ដឹកនាំកិច្ចប្រជុំមួយ កាលពីខែកុម្ភៈ ឆ្នាំ២០២៤។ 

ដូចសម្តេចនាយករដ្ឋមន្រ្តីដែរ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម គ្រាន់តែអាចនិយាយថា នឹងមានការនាំចេញរថយន្តពីកម្ពុជាទៅក្រៅប្រទេស តែការនាំចេញនៅពេលណាឱ្យច្បាស់នោះ លោកមិនទាន់អាចប្រាប់បានឡើយ។ សូមបញ្ជាក់ថា សព្វថ្ងៃនេះ មានក្រុមហ៊ុនបរទេសជាច្រើន បានដំឡើងរថយន្ត និងលក់នៅកម្ពុជា ប៉ុន្តែការដំឡើងរថយន្ត និងការនាំចេញពីកម្ពុជាទៅកាន់ទីផ្សារបរទេស នៅមិនទាន់មាននោះទេ។ វាជាលើកទី១សម្រាប់កម្ពុជា បើមានរថយន្តត្រូវបានផលិតនៅកម្ពុជា ហើយត្រូវបាននាំចេញទៅក្រៅប្រទេសនាពេលខាងមុខពិតមែននោះ៕

ក្រុមហ៊ុនរថយន្តហ្វតនៅកម្ពុជា
ក្រុមហ៊ុនរថយន្តហ្វតនៅកម្ពុជា
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត