
រាជធានីភ្នំពេញ៖ ខណៈថ្ងៃបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននឹងត្រូវបិទបញ្ចប់នូវចុងខែវិច្ឆិកានេះ អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃចន្ទបានចេញសេចក្តីជូនដំណឹងសាជាថ្មី ដោយក្រើនរំឭកពលរដ្ឋជាម្ចាស់យានយន្តឱ្យទៅបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៤នេះ...។

អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ប៉ុន្តែរហូតមកទល់ពេលនេះ អគ្គនាយកដ្ឋានបានសង្កេតឃើញថា ម្ចាស់យានយន្តឯកជនមួយចំនួនបានប្រកាសបង់ពន្ធរួចរាល់ ខណៈម្ចាស់យានយន្តមួយចំនួនទៀត នៅមិនទាន់បានបង់ពន្ធប្រភេទនេះនៅឡើយ។ ហេតុនេះ ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារសូមក្រើនរំលឹកដល់ម្ចាស់យានយន្តទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ គួររួសរាន់ទៅបង់ពន្ធឱ្យបានទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅអគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកដ្ឋានពន្ធដារសាខាពន្ធដារខេត្ត ខណ្ឌ ឬតាមប្រព័ន្ធធនាគារ និងមធ្យោបាយមួយចំនួនផ្សេងទៀត។

យ៉ាងណា បើតាមអគ្គនាយកដ្ឋាន ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់យានយន្តនឹងត្រូវរងពិន័យរដ្ឋបាលដោយត្រូវបង់ពន្ធបន្ថែមចំពោះការយឺតយ៉ាវក្នុងការបង់ពន្ធដែលត្រូវស្មើនឹង១០០ភាគរយ នៃប្រាក់ពន្ធត្រូវបង់ ស្របទៅតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។ ជាមួយគ្នាអគ្គនាយកដ្ឋានពន្ធដារ នឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច នគរបាលចរាចរណ៍ និងកងរាជអាវុធហត្ថ ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះនៅតាមដងផ្លូវនានា បន្ទាប់ពីបិទបញ្ចប់ការប្រមូលពន្ធ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤៕



