
រាជធានីភ្នំពេញ៖ ចាប់តាំងពីឆ្នាំ២០០៥ មក ថ្ងៃចន្ទទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះគឺជាខួបលើកទី១៩ ដែលកម្ពុជាបានដាក់បញ្ចូលល្ខោនស្រមោលស្បែកធំក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ...។

ល្ខោនស្រមោលស្បែកធំ ត្រូវបានសកលលោកទទួលស្គាល់ និងឱ្យតម្លៃថា ជាសម្បត្តិមនុស្សជាតិដ៏អស្ចារ្យ និងបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក ខាងបេតិកភណ្ឌបញ្ចេញសំឡេង និងអរូបីយ៍របស់មនុស្សជាតិ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ គិតមកដល់ឆ្នាំ២០២៤នេះ មានរយៈពេល១៩ឆ្នាំហើយ។ បើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សិល្បៈល្ខោនស្រមោលស្បែកធំដំបូងឡើយមាននៅប្រទេសឥណ្ឌាភាគខាងត្បូង ជាសិល្បៈធ្វើឡើងសម្រាប់ជាតង្វាយដល់ព្រះអាទិទេពដ៏មាន មហិទ្ធិឫទ្ធិរបស់ឥណ្ឌា ហើយតង្វាយសិល្បៈស្បែកនេះ ជាការបួងសួងសុំសេចក្តីសុខចម្រើន និងសិរីមង្គលសម្រាប់ប្រជាជនឥណ្ឌា។

បន្ទាប់មក ល្ខោនស្រមោលស្បែក មានកំណើតនៅកម្ពុជានាដើមសតវត្សរ៍ទី១ ជាការរំហូរចូលពីប្រភពប្រទេសឥណ្ឌាមក ។ នេះជាការបញ្ជាក់អំពីសតិប្រាជ្ញាដ៏ភ្លឺស្វាង និងគំនិតច្នៃប្រឌិតដ៏កំពូល ដែលបង្កើតសិល្បៈនេះឡើង ឱ្យក្លាយទៅជាទស្សនីយភាពមួយដ៏អស្ចារ្យ។ ល្ខោនស្រមោលស្បែកធំ គឺជាសិល្បៈស្រមោលមួយបែប ដែលប្រើប្រាស់ផ្ទាំងរូបឆ្លាក់ពីស្បែក មកសម្ដែងជាឈុតឆាកសាច់រឿង ហើយរូបឆ្លាក់ពីស្បែកទាំងនោះ ត្រូវគេដាប់ និងឆ្លាក់ជារូបអាទិទេព ភាគច្រើនជារឿងបែបព្រហ្មណ៍សាសនា។

ល្ខោននេះ តែងតែត្រូវបានរៀបចំសម្ដែងក្នុងពិធីបុណ្យធំៗ សម្ដែងនៅទីងងឹត ឬក្នុងពេលយប់នៅទីវាល ដែលមានបរិវេណធំទូលាយ ទីវត្តអារាម សម្ដែងលើផ្ទាំងក្រណាត់ធំដែលត្រូវគេលាតជាលក្ខណៈបញ្ឈរឡើងលើ។ ការសម្ដែងភាគច្រើនតែងតែត្រូវបានរៀបចំឡើងនៅទឹកដីខេត្តសៀមរាបអង្គរ ដូចជាក្នុងគោលបំណងសម្រាប់ការបួងសួងសុំសេចក្តីប្រាថ្នា ពិធីបុណ្យសពព្រះចៅអធិការវត្តដែលសុគត ពិធីបុណ្យសុំទឹកភ្លៀង និងបុណ្យចម្រើនព្រះជន្មាយុរបស់ព្រះមហាក្សត្រ៕



