រុស្សីចោទអាម៉េរិកប្រើតៃវ៉ាន់ ជាឈ្នាន់បញ្ឆេះវិបត្តិនៅអាស៊ី
ហៀប ស៊ីថេត
25 វិច្ឆិកា 2024 05:00 AM

រដ្ឋធានីមូស្គូ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក អាន់ឌ្រេ រូដេនកូ (Andrei Rudenko) បានប្រាប់ទីភ្នាក់ងារព័ត៌មាន TASS នៅក្នុងការកត់សម្គាល់ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យទី ២៤ ខែវិច្ឆិកាថា សហរដ្ឋអាម៉េរិកបានប្រើប្រាស់តៃវ៉ាន់ជាឈ្នាន់បញ្ឆេះភ្លើងសង្គ្រាម និងវិបត្តិនៅអាស៊ី។ លោកបានរំលឹកឡើងវិញពីការគាំទ្ររបស់រដ្ឋធានីម៉ូស្គូ ចំពោះជំហររបស់ចិនចំពោះតៃវ៉ាន់។

លោក អាន់ឌ្រេ រូដេនកូ
លោក អាន់ឌ្រេ រូដេនកូ

លោក រូដេនកូ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋថា ៖«យើងមើលឃើញថា រដ្ឋធានីវ៉ាស៊ីនតោនរំលោភលើគោលការណ៍[ចិនតែមួយ] ខណៈសហរដ្ឋអាម៉េរិកកំពុងពង្រឹងទំនាក់ទំនងនយោបាយ និងយោធាជាមួយទីក្រុងតៃប៉ិ ក្រោមពាក្យស្លោកនៃការរក្សាស្ថានភាពបច្ចុប្បន្ន និងបង្កើនការផ្គត់ផ្គង់សព្វាវុធ»។ មន្ត្រីរុស្ស៊ីរូបនេះបានបន្ថែមថា ៖«គោលដៅនៃការជ្រៀតជ្រែកជាក់ស្តែងរបស់សហរដ្ឋអាម៉េរិកនៅក្នុងកិច្ចការក្នុងតំបន់គឺដើម្បីបង្កហេតុជាមួយសាធារណៈរដ្ឋប្រជាមានិតចិន និងបង្កើតវិបត្តិនៅអាស៊ីដើម្បីបំពេញផលប្រយោជន៍អាត្មានិយមរបស់ខ្លួន»។

ចិន​ចាត់ទុក​តៃវ៉ាន់​ជា​ទឹកដី​មិនអាចកាត់ផ្តាច់បានរបស់ខ្លួន ប៉ុន្តែ​រដ្ឋបាល​ក្រុងតៃប៉ិច្រានចោលការទាមទាររបស់ចិន។ គួរជម្រាបថា សហរដ្ឋអាម៉េរិក​គឺជា​អ្នក​គាំទ្រ​អន្តរជាតិ​ដ៏​សំខាន់ ​និង​ជាមេខ្លោងផ្គត់ផ្គង់​សព្វាវុធ​ធំ​បំផុតរបស់​កោះ​តៃវ៉ាន់ បើទោះបីជារដ្ឋធានីវ៉ាស៊ីនតោនមិនទទួលស្គាល់ក្រុងតៃប៉ិផ្នែកការទូតជា​ផ្លូវ​ការ​​ក៏ដោយ។ សូមរំឭកថា កាល​ពី​ខែ​កញ្ញា ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន បាន​អនុម័ត​ថវិកា​ចំនួន ៥៦៧លាន​ដុល្លារ​ជា​ជំនួយ​យោធា​សម្រាប់កោះ​តៃវ៉ាន់។ ការណ៍នេះនាំឱ្យរុស្ស៊ីអះអាងថា រដ្ឋធានីមូស្គូកំពុងឈរជាមួយចិនលើបញ្ហាអាស៊ី រួមទាំងរិះគន់របស់សហរដ្ឋអាម៉េរិកជំរុញឱ្យពង្រីកឥទ្ធិពលរបស់ខ្លួន និងការប៉ុនប៉ងដោយចេតនាដើម្បីធ្វើឱ្យស្ថានការណ៍ជុំវិញកោះតៃវ៉ាន់កាន់តែក្ដៅគគុក។

សូមជម្រាបជូនថា យក្សកុម្មុយនីស្ដទាំង២ [ចិន-រុស្ស៊ី] បានប្រកាសភាពជាដៃគូ«គ្មានដែនកំណត់» កាលក្នុងខែកុម្ភៈឆ្នាំ២០២២ នៅពេលដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានធ្វើទស្សនកិច្ចនៅរដ្ឋធានីប៉េកាំង មុនពេលចាប់ផ្តើមការលុកលុយពេញលេញលើអ៊ុយក្រែន ដែលបង្កឱ្យមានសង្រ្គាមឈ្លានពានទឹកដីដ៏សាហាវបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។ កាលពីខែឧសភាឆ្នាំ២០២៤នេះ បុរសដែលមានរហ័ស្សនាមខ្លាឃ្មុំទឹកក ពូទីន និងនាគរាជចិន លោក ស៊ី ជីនពីង ក៏បានសន្យាបង្កើត «សករាជថ្មី»នៃភាពជាដៃគូវាងគូប្រជែងដ៏មានឥទ្ធិពលបំផុតទាំងពីររបស់សហរដ្ឋអាម៉េរិក ដែលពួកគេចាត់ទុកជាអនុត្តរភាពនៃសង្រ្គាមត្រជាក់ដែលបានសាបព្រោះភាពវឹកវរជុំវិញពិភពលោក៕

លោក លោក វ្ល៉ាឌីមៀ ពូទីន(ឆ្វេង) និងលោក ស៊ី ជីនពីង<br />
លោក លោក វ្ល៉ាឌីមៀ ពូទីន(ឆ្វេង) និងលោក ស៊ី ជីនពីង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត