
រាជធានីភ្នំពេញ៖ ក្រោយមានការចុះផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ដូចជា បាងកកប៉ុស្តិ៍ និងរ៉យទ័រ ជាដើម ថា ដំណើរការសាងសង់ «ព្រែកជីកហ្វូណនតេជោជាប់គាំងព្រោះខ្វះថវិកា» ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ចេញមកបដិសេធតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។ មិនត្រឹមតែបដិសេធទេ ក្រសួងសាធារណការ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការមើលការខុសត្រូវលើគម្រោងសាងសង់ព្រែកជីកហ្វូណន បានចាត់ទុកការចុះផ្សាយរបស់សារព័ត៌មានទាំងនោះថា «បំភាន់ បំភ្លៃ បំផ្លើស បំពុល លាបពណ៌ និងញុះញង់»។

ក្រសួងសាធារណការគូសបញ្ជាក់ថា៖«[..]ខ្លឹមសារដែលសារព័ត៌មាននោះ កំពុងប្រើប្រាស់ និងផ្សព្វផ្សាយ គឺមានភាពមិនពិត និងគ្មានមូលដ្ឋានច្បាស់លាស់ក្នុងគោលបំណង បំភាន់ បំភ្លៃ បំផ្លើស បំពុល លាបពណ៌ និងញុះញង់ ពាក់ព័ន្ធទៅនឹងកិច្ចដំណើរការសាងសង់ [ព្រែកជីកហ្វូណនតេជោ] ដែលមានខ្លឹមសារផ្ទុយពីការពិតទាំងស្រុង ហើយបាននិងកំពុងបន្តចែកចាយព័ត៌មានមិនពិតទាំងនោះក្នុងបណ្តាញសង្គមជាបន្តបន្ទាប់»។

បន្ថែមលើនោះ ក្រសួងសាធារណការ បំភ្លឺជូនសាធារណជនថា រាជរដ្ឋាភិបាលកម្ពុជា កំពុងអនុវត្តគម្រោងព្រែកជីកហ្វូនតេជោយ៉ាងសកម្ម ហើយក្រុមការងារបច្ចេកទេស របស់ក្រសួង បានបញ្ចប់ការសិក្សា និងកំពុងចុះវាយតម្លៃយ៉ាងស៊ីជម្រៅអំពីផលប៉ះពាល់ជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ បើតាមក្រសួងដដែល ក្រុមការងារបច្ចេកទេស ក៏កំពុងតម្រាយផ្លូវទឹកមួយចំនួនបន្ថែម និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា ដែលត្រូវ កំណត់ និងដោះស្រាយចំពោះមុខ។ ក្រសួង ថែមទាំងអះអាងថា ក្រុមការងារអនុវត្តគម្រោង កំពុងបន្តអនុវត្តយ៉ាងសស្រាក់សស្រាំ ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធទាំងក្នុងក្របខណ្ឌជាតិ និងដៃគូអន្តរជាតិ មិនដូចការលើកឡើងមិនពិតម្ដងហើយម្ដងទៀតរបស់សារព័ត៌មានទាំងនោះឡើយ។

សូមរំឭកថា រាជរដ្ឋាភិបាលកម្ពុជា បានបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។ ព្រែកជីកនេះ មានប្រវែងបណ្តោយ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ស្ថិតក្នុងខេត្តកណ្តាល រហូតដល់សមុទ្ទខេត្តកែប ដោយឆ្លងកាត់ខេត្ត៤ គឺកណ្តាល តាកែវ កំពត និងកែប។ ចំណែកទទឹងវិញ មានប្រវែងពី៨០ទៅ១០០ម៉ែត្រ និងជម្រៅមាន៥,៤ម៉ែត្រ។ គម្រោងជីកព្រែកនេះ នឹងត្រូវប្រើពេល៤ឆ្នាំ ដើម្បីអាចបញ្ចប់ ដោយចាប់ផ្តើមពីចុងឆ្នាំ២០២៤នេះទៅ ហើយថវិកាដែលត្រូវចំណាយ មានប្រមាណ១,៧ពាន់លានដុល្លារឯណោះ។ ព្រែកជីកនេះ ត្រូវគេមើលឃើញថា នឹងផ្តល់ភាពងាយស្រួលក្នុងការនាំទំនិញទៅមករវាងកម្ពុជានិងប្រទេសដទៃតាមផ្លូវទឹក ហើយនឹងជួយបន្ថយតម្លៃបានច្រើនក្នុងការដឹកជញ្ជូន។ រាជរដ្ឋាភិបាល ប្រកាសកន្លងមកថា ព្រែកជីកនេះ នឹងអាចធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានដង្ហើមដកខ្លួនឯង ដោយលែងផ្អែកលើដង្ហើមគេទៀតហើយ៕





