ឡាវកើបលុយបានជាង១ពាន់លានដុល្លារ ពីភ្ញៀវទេសចរជាង៥លាននាក់ក្នុងឆ្នាំ២០២៤
N
Nary Vann
20 វិច្ឆិកា 2024 04:00 AM

រដ្ឋធានីវៀងចន្ទន៍៖ នាយករដ្ឋមន្ត្រីឡាវ លោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone) បានប្រកាសកាលថ្ងៃទី១៨វិច្ឆិកាកន្លងទៅថា ទទួលបានភ្ញៀវទេសចរជាង៥លាននាក់ក្នុងឆ្នាំនេះ លើសពីការរំពឹងទុក និងបង្កើតចំណូលបានជាង១ពាន់លានដុល្លារអាម៉េរិក...

យោងតាមនាយករដ្ឋមន្រ្តី ចំនួនភ្ញៀវទេសចរក្នុងស្រុក បានលើសពីគោលដៅ ២៧ភាគរយ ដែលឆ្លុះបញ្ចាំងពីភាពជោគជ័យនៃយុទ្ធនាការទស្សនាប្រទេសឡាវឆ្នាំ២០២៤។ លោក សនសៃ ក៏បានលើកសរសើរអំពីការកើនឡើងនៃចំនួនភ្ញៀវទេសចរធ្វើដំណើរតាមផ្លូវដែក ឡាវ-ចិន តភ្ជាប់គោលដៅសំខាន់ៗដូចជា ​ខេត្តវ៉ាងវៀង ហ្លួងព្រះបាង និងឧត្តុម្តសៃ។ ចាប់ពីសកម្មភាពផ្សងព្រេងទៅកាន់តំបន់បេតិកភណ្ឌ ដែលបានចុះបញ្ជីដោយអង្គការយូណេស្កូ តំបន់ទាំងនេះផ្តល់នូវភាពទាក់ទាញ ធ្វើឱ្យវាក្លាយជាគោលដៅទេសចរណ៍កំពូលរបស់ប្រទេស។ ដើម្បីបំពេញបន្ថែមនូវការវិវឌ្ឍទាំងនេះ អាជ្ញាធរទេសចរ បានខិតខំពង្រឹងសេវាកម្មនៅតាមសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន ទន្ទឹមនឹងការបន្ថែមគ្រឿងបរិក្ខារថ្មីៗនៅតាមតំបន់ទេសចរណ៍នានា។

សម្លឹងឆ្ពោះទៅមុខ នាយករដ្ឋមន្ត្រីឡាវ បានសង្កត់ធ្ងន់លើផែនការលើកកម្ពស់វិស័យទេសចរណ៍បន្ថែមទៀត ដោយកំណត់ក្រុមជាក់លាក់ និងពង្រឹងកិច្ចសហការរវាងវិស័យសាធារណៈ និងឯកជន។ កិច្ចខិតខំប្រឹងប្រែងនឹងផ្តោតលើការកែលម្អផ្លូវថ្នល់ កន្លែងទាក់ទាញអ្នកទេសចរបរទេស និងគ្រឿងបរិក្ខារនានា ទន្ទឹមនឹងការធ្វើទំនើបកម្មលើការគ្រប់គ្រងទេសចរណ៍។ លើសពីភាពងាយស្រួលនៃផ្លូវរថភ្លើង ធម្មជាតិ និងវប្បធម៌ប្លែកៗរបស់ប្រទេសឡាវ បានទាក់ទាញចំណាប់អារម្មណ៍មនុស្សម្នាទូទាំងពិភពលោក។ 

ការយកចិត្តទុកដាក់របស់ឡាវ ចំពោះវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព ក៏ទទួលបានការទទួលស្គាល់ជាអន្តរជាតិផងដែរ។ ជាក់ស្តែង ទីក្រុងហ្លួងព្រះបាង ដែលល្បីល្បាញដោយសារបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ខ្លួន បានទទួលពានរង្វាន់នៅក្នុងឆ្នាំ២០២៤ ពីបញ្ជីកំណត់គោលដៅបៃតងកំពូលទាំង១០០ (Green Destinations Top 100 Stories) សម្រាប់ការប្តេជ្ញាចិត្តចំពោះទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ និងការអភិរក្សវប្បធម៌៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត