
រាជធានីភ្នំពេញ៖ កិច្ចប្រជុំពេញអង្គរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសំណើរបស់រាជរដ្ឋាភិបាល ដែលសុំដាក់លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ជារដ្ឋមន្រ្តីក្រសួងការបរទេស ជំនួសលោក សុខ ចិន្តាសោភា។ កិច្ចប្រជុំពេញអង្គនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា និងមានវត្តមាន សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ផងដែរ។

កៅអីរដ្ឋមន្រ្តីការបរទេសនេះ គឺជាកៅអីចាស់របស់លោក ប្រាក់ សុខុន ពីមុន។ លោកធ្លាប់កាន់តំណែងរដ្ឋមន្រ្តីការបរទេសពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៣ គឺក្នុងជំនាន់រាជរដ្ឋាភិបាលចាស់។ មុនកាន់តំណែងរដ្ឋមន្រ្តីការបរទេស លោកក៏ធ្លាប់ធ្វើជារដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ផងដែរ។ នៅឆ្នាំ២០២៣ ជាឆ្នាំដែលថ្នាក់ដឹកនាំជំនាន់ចាស់ស្ទើរទាំងអស់ត្រូវដកខ្លួន ដោយជំនួសមកវិញដោយថ្នាក់ដឹកនាំជំនាន់ថ្មី លោក សុខ ចិន្តាសោភា ក៏ឡើងកាន់តំណែងរដ្ឋមន្រ្តីការបរទេស ហើយលោក ប្រាក់ សុខុន ទៅធ្វើជាតំណាងរាស្ត្រ។

តាមពិតលោក សុខ ចិន្តាសោភា មិនមែនថ្នាក់ដឹកនាំជំនាន់ថ្មីឡើយ ពោលលោក គឺជាមន្រ្តីជាន់ខ្ពស់ម្នាក់ តាំងពីជំនាន់រាជរដ្ឋាភិបាលចាស់មកម្ល៉េះ ដោយកាលនោះ លោក ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។ លោកចូលកាន់តំណែងរដ្ឋមន្រ្តីការបរទេសជាផ្លូវការ កាលពីអំឡុងខែសីហា ឆ្នាំ២០២៣។ មកដល់ពេលនេះ គេមិនទាន់មានព័ត៌មានចេញពីរាជរដ្ឋាភិបាលឡើយថា លោកនឹងកាន់តំណែងអ្វី ក្រោយចេញពីក្រសួងការបរទេស។

ចំពោះលោក ប្រាក់ សុខុន ក្រោយធ្វើជាតំណាងរាស្ត្របានមួយរយៈពេលខ្លី លោកក៏តាមសម្តេចតេជោ ហ៊ុន សែន ទៅព្រឹទ្ធសភា ដោយសម្តេចតេជោ ជាប្រធាន ហើយលោក ជាអនុប្រធានទី១។ ជាង១ឆ្នាំកន្លងផុតទៅ កិច្ចការការបរទេសកម្ពុជាក្នុងជំនាន់រាជរដ្ឋាភិបាលថ្មីនេះ នៅតែត្រូវការរដ្ឋមន្រ្តីការបរទេសជើសចាស់ ដូចលោកប្រាក់ សុខុន ដដែល៕




