
រាជធានីភ្នំពេញ៖ នៅទីបំផុត ទូក-ង «ខ្មែរកម្ពុជាក្រោមមានជ័យ» បានបង្កើតប្រវត្តិសាស្ត្រថ្មីរបស់ខ្លួនហើយ បន្ទាប់ពីធ្វើការប្រកួតអស់រយៈពេល៣ថ្ងៃ បានយកឈ្នះលើគូប្រកួតទាំង៦ជើង ដណ្តើមបានជ័យជម្នះក្នុងនាមជាជើងឯក ពីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រែខែ និងអកអំបុក នៅរាជធានីភ្នំពេញ...។

បើតាមលោក សាន សាង ស្ថាបនិក ទូក-ង «ខ្មែរកម្ពុជាក្រោមមានជ័យ» និងជាទីប្រឹក្សា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយ បានឱ្យដឹងថា ទូក-ង «ខ្មែរកម្ពុជាក្រោមមានជ័យ» បានចូលរួមប្រកួតប្រជែងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រែខែ និងអកអំបុក នៅរាជធានីភ្នំពេញ តាំងពីឆ្នាំ២០០២មកម៉្លេះ ពោលគឺបើគិតមកដល់បច្ចុប្បន្ននាឆ្នាំ២០២៤នេះ មានរយៈពេល២២ឆ្នាំមកហើយ។ លោកបន្តថា ឆ្នាំនេះ ទូក-ង «ខ្មែរកម្ពុជាក្រោមមានជ័យ» បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយ ដោយបានឈ្នះការប្រកួតទាំងអស់ក្នុងរយៈពេល៣ថ្ងៃ ដែលជាការដណ្តើមបានពានជើងឯកជលើកដំបូង។ លោកបន្ថែមថា ឆ្នាំនេះសំណាងណាស់ ក្រុមកីឡាករប្រណាំងទូកខ្មែរកម្ពុជាក្រោម ទទួលបានការឧបត្ថម្ភគាំទ្រ លើការផ្គត់ផ្គង់អាហារបរិភោគ និងការចំណាយផ្សេងៗ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ធ្វើឱ្យកីឡាករមានម្ហូបអាហារបរិភោគគ្រប់គ្រាន់ មិនខ្សត់ខ្សោយដូចបណ្តាឆ្នាំមុនៗ និងមានកម្លាំងចិត្តយ៉ាងមុតមាំក្នុងការប្រកួតប្រជែង។

គួរបញ្ជាក់ផងដែរថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានប្រកាសផ្តល់ទូក-ងខ្នាតវែងមួយទូកទៀតជូនដល់បងប្អូនខ្មែរកម្ពុជាក្រោម ដើម្បីចូលរួមធ្វើការប្រកួតប្រជែងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រែខែ និងអកអំបុកនៅរាជធានីភ្នំពេញនៅឆ្នាំ២០២៥ខាងមុខ ដូច្នេះ តាមរយៈសកម្មភាពខាងលើនេះ គឺនឹងជួយជំរុញឱ្យទំនាក់ទំនងរវាងបងប្អូនខ្មែរកម្ពុជាក្រោម (ខ្មែរនៅវៀតណាម) និងកម្ពុជាកណ្តាល (ខ្មែរកម្ពុជាបច្ចុប្បន្ន) នឹងកាន់តែមានភាពស្អិតល្មួតជាមួយគ្នាបន្ថែមមួយកម្រិតទៀតមិនខាន...៕








