
រាជធានីភ្នំពេញ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រែខែ និងអកអំបុក បានបិតបញ្ចប់ក្រោមព្រះរាជាធិបតី ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ខណៈលទ្ធផលនៃការប្រណាំងទូករយៈពេល៣ថ្ងៃក៏បានរកឃើញជើងឯកប្រចាំឆ្នាំ២០២៤រួចហើយដែរ ក្នុងចំណោមគូពិសេសទាំង១០ ទូក «នរិន្ទរង្សីពិជ័យចិត្របុត្រ» ដែលល្បីខ្លាំងទាំងលើបណ្តាញសង្គម និងនៅខេត្តបាត់ដំបងនោះ ក៏បានជាប់ក្នុងតារាងទូកខ្លាំងទាំង១០ផងដែរ..។

មុនព្រះរាជពិធីបុណ្យអុំទូកប្រារព្ធឡើងនៅរាជធានីភ្នំពេញ តាមបណ្តាខេត្តនានា ក៏បានរៀបចំកម្មវិធីប្រកួតប្រណាំងទូកជ្រើសរើសទូកខ្លាំងប្រចាំខេត្តរបស់ខ្លួន ដើម្បីត្រៀមនាំយកមកប្រកួតថ្នាក់ជាតិនៅរាជធានី។ ក្នុងនោះ ទូក-ង ឈ្មោះ«នរិន្ទរង្សីពិជ័យចិត្របុត្រ» របស់ខេត្តបាត់ដំបងបានក្លាយជាជើងឯកប្រចាំខេត្តបាត់ដំបង និងរីកសាយភាយកេរ្តិ៍ឈ្មោះលើបណ្តាញសង្គមយ៉ាងខ្លាំង ព្រោះតែមានការរៀបចំកម្មវិធីលេងភ្លេងថ្វាយគ្រូ ការច្រៀង និងប្រគំភ្លេងអញ្ជើញបារមីថែរក្សាទូក ការប្រកួតដ៏ជក់ចិត្តជាមួយល្បឿនទូកលឿនដាច់គេប្រចាំខេត្ត និងការនិពន្ធបទចម្រៀង «ទូក-ងនរិន្ទរង្សីពិជ័យចិត្របុត្រ» ដោយរដ្ឋបាលខេត្តបាត់ដំបង ធ្វើឱ្យទូក-ងមួយនេះកាន់តែរន្ទឺកេរ្តិ៍ឈ្មោះខ្ទរខ្ទារពេញផ្ទៃប្រទេស។

ទោះយ៉ាងណា «នរិន្ទរង្សីពិជ័យចិត្របុត្រ» ទទួលបានចំណាត់ថ្នាក់ត្រឹមលេខ៥ក្នុងចំណោមទូកគូពិសេសល្បីៗទាំង១០ប្រចាំប្រទេស ក្នុងការប្រកួតរយៈពេល៣ថ្ងៃកន្លងមកនេះ។ ចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ «តេជោកែវវិជ័យបារមីចៅសែន» មកពីខេត្តពោធិ៍សាត់, ចំណាត់ថ្នាក់លេខ២ បានទៅលើទូក «សារាយតេជោសែនជ័យ» មកពីខេត្តកណ្តាល, ចំណាត់ថ្នាក់លេខ៣ បានទៅលើទូក «កោះកេរធិបតី» មកពីខេត្តព្រះវិហារ, ចំណាត់ថ្នាក់លេខ៤ បានទៅលើទូក «តាអោកតេជោសែនជ័យបារមីកំពង់ស្បូវ» របស់ខេត្តកំពង់ធំ, និងចំណាត់ថ្នាក់ទី៥ បានទៅលើទូក «នរិន្ទរង្សីពិជ័យចិត្របុត្រ» របស់ខេត្តបាត់ដំបង, ចំណាត់ថ្នាក់ទី៦ បានទៅលើទូក «រាំងទិលសាគរសែនមានជ័យបារមីវត្តកញ្ជរខាងត្បូង» របស់ខេត្តពោធិ៍សាត់,

ចំណែកចំណាត់ថ្នាក់ទី៧ បានទៅលើទូក «សម្តេចវិបុលបញ្ញាបារមីមានជ័យ» មកពីខេត្តតាកែវ, ចំណាត់ថ្នាក់ទី៨ បានទៅលើទូក «ទូភីស៊ាសែនជ័យបារមីវត្តបារុង» របស់ខេត្តកណ្តាល ចំណាត់ថ្នាក់ទី៩ បានទៅលើទូក «ខៀវតីស្អាតអណ្តាតក្រហម» របស់រាជធានីភ្នំពេញ និងចំណាត់ថ្នាក់ទី១០ បានទៅលើទូក «មហាធិបតីរស្មីជ្រៃមាស» មកពីខេត្តកំពង់ចាម។ គួរបញ្ជាក់ផងដែរថា សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រែខែ និងអកអំបុក មានទូកជិត៣៥០ចូលរួមធ្វើការប្រកួតប្រជែង។ នេះបើតាមការបញ្ជាក់ពីលោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ អនុប្រធានគណៈកម្មការបច្ចេកទេស និងជាប្រធានគណៈមេប្រយោគនៃការប្រកួតទូក-ង សម្រាប់ឆ្នាំ២០២៤នេះ..៕




