
រាជធានីភ្នំពេញ៖ ក្រសួងអបរំ យុវជន និងកីឡា អះអាងថា បានពិនិត្យយ៉ាងយកចិត្តទុកដាក់លើក្រដាសប្រឡងរបស់បេក្ខជន ដែលដាក់ពាក្យតវ៉ាចំពោះលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៤នេះ។ តាមរយៈសេចក្តីប្រកាសព័ត៌មាន ចុះកាលបរិច្ឆេទថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងអប់រំ ប្រកាសដូច្នេះថា៖«ក្រោយពីបានបញ្ចប់ការពិនិត្យ លទ្ធផលនៃការប្រឡង មិនមានការប្រែប្រួលទេ»។

ជាមួយគ្នានេះ ក្រសួងអប់រំ ប្រកាសបញ្ចប់ការទទួលពាក្យតវ៉ារបស់បេក្ខជន ហើយក៏បញ្ចប់ការដោះស្រាយលើពាក្យតវ៉ាទៀតដែរ ចាប់ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាននេះតទៅ។ សេចក្តីប្រកាសព័ត៌មាននេះ ទើបនឹងត្រូវបានក្រសួងអប់រំ ផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី១៦ ខែវិច្ឆិកានេះ។ ក្រសួងអប់រំ បានលើកទឹកចិត្តសិស្សានុសិស្សដែលប្រឡងធ្លាក់ ឱ្យខិតខំរៀនសូត្រ ដើម្បីអាចទទួលបានជោគជ័យក្នុងការប្រឡងនៅឆ្នាំក្រោយ។

សូមបញ្ជាក់ថា ក្នុងចំណោមសិស្សសរុបជាង១៣,៤ម៉ឺននាក់ ដែលចូលរួមប្រឡងបាក់ឌុបនៅថ្ងៃទី៨ និងថ្ងៃទី៩ ខែតុលា នៅឆ្នាំ២០២៤ មានសិស្សជាង១០,៦ម៉ឺននាក់ ស្មើ៧៩ភាគរយ បានជាប់ ហើយជិត៣ម៉ឺននាក់ទៀត ស្មើ២១ភាគរយ បានធ្លាក់។ ក្នុងសេចក្តីប្រកាសព័ត៌មានខាងលើ ក្រសួងអប់រំ នៅតែប្រកាសដូចមុនៗដដែលថា ការប្រឡងបាក់ឌុបឆ្នាំ២០២៤នេះ ប្រព្រឹត្តទៅដោយរលូន ស្របតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព ហើយលទ្ធផលអាចទទួលយកបាន៕



