
រាជធានីភ្នំពេញ៖ ការប្រឡងបាក់ឌុបថ្ងៃដំបូង ដោយគិតចាប់តាំងពីព្រឹករហូតដល់ម៉ោងជិត៥ល្ងាច មានបេក្ខជន-បេក្ខនារីមួយចំនួន តាមមណ្ឌលប្រឡងរាជធានី-ខេត្ត បានជួបបញ្ហាសុខភាព ដូចជា ព្យួរសេរ៉ូម និងសន្លប់ ជាដើម។ បើតាមព័ត៌មានដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ យុវជន និងកីឡា មានបេក្ខជន២៥នាក់ មានបញ្ហាសុខភាពកើតឡើង ខណៈពួកគេកំពុងប្រឡងលើវិញ្ញាសាសំណេរ។ ក្នុងចំណោមបេក្ខជនដែលមានបញ្ហាសុខភាពទាំងនោះ មាន៣នាក់កើតជំងឺគ្រុនឈាម។ ជាមួយគ្នានេះ មានមន្រ្តីសន្តិសុខម្នាក់ផងដែរ ដែលជួបបញ្ហាសុខភាព។

ក្នុងចំណោមបេក្ខជនខាងលើ មានអ្នកខ្លះ អាចងើបមកប្រឡងតទៅមុខទៀតបាន បន្ទាប់ពីបានធូរស្រាលវិញ ដោយសារការមើលថែពីក្រុមគ្រូពេទ្យ ប៉ុន្តែអ្នកខ្លះទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ រូបភាពដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ បង្ហាញឱ្យឃើញពីបេក្ខជនខ្លះ បន្តសរសេរលើវិញ្ញាសាប្រឡងនៅខាងក្រៅសាលា ទាំងដែលដៃម្ខាងកំពុងព្យួរសេរ៉ូម រីឯបេក្ខជនខ្លះទៀត ត្រូវមន្រ្តីពាក់ព័ន្ធបីយកទៅដាក់ក្នុងរថយន្តដើម្បីបញ្ជូនទៅមន្ទីរពេទ្យ។

តាមរយៈសារលើទំព័រហ្វេសប៊ុកខ្លួន ក្រសួងអប់រំ លើកទឹកចិត្តឱ្យបេក្ខជនទាំងអស់ ត្រូវរក្សាសុខភាពឱ្យបានល្អ ដូចជា សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡង។ សូមបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៤នេះ មានបេក្ខជនជាង១៣ម៉ឺននាក់ ចូលរួមប្រឡងបាក់ឌុប ដោយចាប់ផ្តើមពីព្រឹកថ្ងៃ៨តុលានេះទៅ ហើយនឹងត្រូវបញ្ចប់នៅរសៀលថ្ងៃ៩តុលា៕









