ឪពុកម្តាយ៖ លទ្ធផលបាក់ឌុបកូនបែបណាមិនបញ្ហា សំខាន់កូនៗខ្លួនបានខំអស់ពីសមត្ថភាព
អុន សម្ផស្ស
08 តុលា 2024 12:30 PM

រាជធានីភ្នំពេញ៖ ព្រឹកព្រលឹមស្រាងៗ ក្បែររបងវិទ្យាល័យព្រះស៊ីសុវត្ថិ បុរស និងស្ត្រីវ័យកណ្តាលជាច្រើនរូបកំពុងអង្គុយសម្លឹងពីក្រៅរបងសាលាដែលកំពុងជាប់សោ សំដៅទៅរកបន្ទប់ប្រឡងរបស់កូនរៀងៗខ្លួន ជាមួយការព្រួយបារម្ភ និងអន្ទះសា..។

រូបភាព៖ មាតាបិតា អាណាព្យាបាល សិស្សានុស្សិសកំពុងរងចាំកូនដែលចូលប្រឡងបាក់ឌុប(៨ តុលា ២០២៤)
រូបភាព៖ មាតាបិតា អាណាព្យាបាល សិស្សានុស្សិសកំពុងរងចាំកូនដែលចូលប្រឡងបាក់ឌុប(៨ តុលា ២០២៤)

ជាស្ត្រីមេម៉ាយ មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ អ្នកស្រី ចាន់ ចម្រើន កំពុងអង្គុយផ្ទាល់ដីក្នុងឈុតសម្លៀកបំពាក់សាច់ក្រណាត់ពណ៌លឿង រួមជាមួយម្ហូបបាយមួយកញ្ចប់នៅក្បែរខ្លួន បានឱ្យដឹងថា អ្នកស្រីបានធ្វើដំណើរជូនកូនប្រុសមកប្រឡងតាំងតែពីម៉ោង៦ព្រឹក ជាមួយនឹងអាកាសធាតុមិនសូវអំណោយផល មានភ្លៀងរលឹម។ អ្នកស្រី ចាន់ ចម្រើន ហាក់បានបង្ហាញពីការយកចិត្តទុកដាក់ចំពោះការសិក្សា និងការប្រឡងរបស់កូន ដោយអ្នកស្រីថា ទោះបីអ្នកស្រីមិនសូវមានចំណេះដឹង ប៉ុន្តែនៅតែស្រឡាញ់ការសិក្សា ហើយតែងតែជំរុញ ណែនាំឱ្យកូនៗខិតខំប្រឹងប្រែងរៀនសូត្រ និងស្តាប់តាមការណែនាំរបស់អ្នកជុំវិញខ្លួន។

អ្នកស្រី ចាន់ ចម្រើន 
អ្នកស្រី ចាន់ ចម្រើន 

អ្នកស្រី បានរៀបរាប់ថា៖«សម្រាប់មីង..មីងអត់ចេះអក្សរទេ មានតែបងស្រី គាត់អ្នករៀនសូត្រ ទៅគាត់ដឹង គាត់ឱ្យយោបល់ប្អូនយ៉ាងមិចអីយ៉ាងមិច សម្រាប់មីង មីងអត់បានឱ្យយោបល់អីទេ បានតែប្រាប់កូនថា កូនអើយខំប្រឹងរៀនទៅ ស្តាប់តាមបងៗ ធ្លាប់មានបទពិសោធ សម្រាប់ម៉ាក់ ម៉ាក់អត់ចេះអីទេ ម៉ាក់បានតែប្រាប់កូនឱ្យខំប្រឹង»។ ជាមួយគ្នា ថ្លែងទាំងមានជំនឿចិត្តលើកូនដែលកំពុងចូលប្រឡងក្នុងមណ្ឌលយ៉ាងមុតមាំដ្បិតអ្នកស្រីបានឃើញការខិតខំរបស់កូននាពេលកន្លងមកយ៉ាងសកម្ម ជាពិសេសអំឡុងពេល១ឆ្នាំចុងក្រោយនេះ។ យ៉ាងណា អ្នកស្រីក៏បានលើកឡើងថា ប្រសិនបើលទ្ធផលនៃការប្រឡងរបស់កូនមិនដូចអ្វីដែលបានរំពឹងទុក អ្នកស្រីក៏មិនអន់ចិត្តដែរ មានតែជំរុញកូនឱ្យខិតខំបន្ថែម និងកុំបាក់ទឹកចិត្ត។ អ្នកស្រីថា«ចាស៎..មានម៉េច មានតែថា កូនអើយ..អ្វីដែលយើងខំហើយ បើវាមិនបានសម្រេចដូចចិត្តកូនប្រាថ្នាទេ កុំបាច់តូចចិត្តតូចថ្លើមអី ធ្វើមិចយើងខំប្រឹងដែរតែវាអត់បានអ៊ីចឹងទៅណា៎..ប្រាប់កូនអ៊ីចឹង!»

អ្នកស្រី ចាន់ ចម្រើន 
អ្នកស្រី ចាន់ ចម្រើន 

ហាក់មិនខុសគ្នា បុរសវ័យកណ្តាលម្នាក់កំពុងអង្គុយលើម៉ូតូក្បែររបងសាលា លោក ភុម សុភាព ក៏បានធ្វើដំណើរពីព្រលឹមជូនកូនពីក្រុងអរិយក្សត្រ មកប្រឡងនៅមណ្ឌលវិទ្យាល័យព្រះស៊ីសុវត្ថិដូចគ្នាដែរ។ លោកបានលើកឡើងថា កូនរបស់លោក ក៏មិនខុសពីសិស្សានុសិស្សដទៃ ដែលតែងតែព្យាយាម ខិតខំប្រឹងប្រែងសិក្សារៀនសូត្រជារៀងរាល់ថ្ងៃ ខណៈលោកនិងក្រុមគ្រួសារមិនដែររារាំង មានតែផ្តល់ពេលវេលា និងលើកទឹកចិត្តកូនជានិច្ច។ លោកថា៖«ខំរៀនណាស់ខំរាល់ថ្ងៃនេះ ម៉ាក់វាមិនហ៊ានប្រើឱ្យធ្វើអីផង ឱ្យខំតែរៀន ឱ្យជួយកិច្ចការផ្ទះអីតិតួច លក់ដូរអីតិចតួច»។ យ៉ាងណា ទោះលោកហាក់នៅមិនទាន់ច្បាស់ពីលទ្ធផល ថាដូចតាមការរំពឹងទុកក៏ដោយ ក៏លោកបានមើលឃើញពីការខិតខំប្រឹងប្រែងរបស់កូនស្រី ហើយជូនពរកូន រួមទាំងសិស្សានុសិស្សប្រឡងឆ្នាំនេះ ទទួលបានជោគជ័យសម្រាប់ការប្រឡងមួយនេះទាំងអស់គ្នា។

លោក ភុម សុភាព
លោក ភុម សុភាព

ដោយឡែក អ្នកស្រី តាំង សុផានី ពលរដ្ឋក្នុងខណ្ឌឫស្សីកែវ ដែលកំពុងឈរចាំលើកទឹកចិត្តកូនពីខាងក្រៅមណ្ឌលប្រឡង បានឱ្យដឹងថា មុនឈានដល់ថ្ងៃប្រឡងបាក់ឌុបនេះ កូនស្រី របស់អ្នកស្រីពិតជាបានខិតខំសិក្សារៀនសូត្រណាស់ ដោយកូនមិនចង់ឱ្យអ្នកស្រីភ័យព្រួយចំពោះរូបគេទេ។ អ្នកស្រីរៀបរាប់ថា៖«កូនខិតខំខ្លាំង ខំប្រឹងរៀន ឃើញគាត់តស៊ូ ហើយប្រាប់ម៉ាក់ថា កុំឱ្យភ័យ[..]ចំណេះកូនបានប៉ុណ្ណាកូនយកប៉ុណ្ណឹង ម៉ាក់កុំភ័យ ហើយកុំពិបាកចិត្ត»។ អ្នកស្រីក៏បានឱ្យដឹងដែរថា ថ្វីបើកូនប្រាប់បែបនេះក្ដី ប៉ុន្តែនៅតែបារម្ភ និងចង់ឃើញកូនទទួលបាននូវភាពជោគជ័យ បើទោះជាកូនធ្វើមិនបានល្អដូចការរំពឹងទុក ក៏មិនជាអ្វីដែរ ខណៈអ្នកស្រីនៅតែបន្តគាំទ្រកូនជានិច្ច។ អ្នកស្រីថា៖«ទោះបីគាត់ជាប់ក៏ដោយ មិនជាប់ក៏ដោយ ក៏ខ្ញុំជាម្តាយនៅតែលើកទឹកចិត្តដដែល»។ ហាក់មិនខុសពីអាណាព្យាបាលដទៃទៀត ក្នុងនាមជាម្តាយមួយរូប អ្នកស្រីមានតែពាក្យជូនពរដល់កូនខ្លួនឱ្យសម្រេចនៅបំណងប្រថ្នា ប្រឡងជាប់បាននិទ្ទេសល្អប្រសើរ៕

អ្នកស្រី តាំង សុផានី ពលរដ្ឋក្នុងខណ្ឌឫស្សីកែវ  
អ្នកស្រី តាំង សុផានី ពលរដ្ឋក្នុងខណ្ឌឫស្សីកែវ  
អ្នកស្រី តាំង សុផានី ពលរដ្ឋក្នុងខណ្ឌឫស្សីកែវ  
អ្នកស្រី តាំង សុផានី ពលរដ្ឋក្នុងខណ្ឌឫស្សីកែវ  
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត