
គុនខ្មែរ៖ ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរជើងឯក៨ប្រទេស ឬ 8 MEN TOURNAMENT ដែលរៀបចំឡើងដោយស្ថានីយទូរទស្សន៍ថោន និងមានទីតាំងក្បែរដីឡូតិ៍វត្តស្ងួនពេជ្រ ក្នុងខណ្ឌកំបូល ប្រជុំទៅដោយកីឡាករជើងខ្លាំងមកពី៨ប្រទេសរួមទាំងកម្ពុជាជាម្ចាស់ផ្ទះផងនោះ និងធ្វើការប្រកួតប្រជែងគ្នាជាលក្ខណៈវិលជុំជម្រុះ ដើម្បីដណ្តើមយកខ្សែក្រវាត់កម្រិតពិភពលោក និងផ្ទះវីឡាកូនកាត់មួយខ្នងសម្រាប់កីឡាករកម្ពុជា ធឿន ធារ៉ា បើឈ្នះគ្រប់ការប្រកួតទាំងអស់ នាថ្ងៃទី១៦វិច្ឆិកាឆាប់ៗខាងមុខនេះ...។

បើតាមការឱ្យដឹងពីអ្នកនៅកៀកជិតនឹងអ្នករៀបចំកម្មវិធីប្រដាល់ស្ថានីយទូរទស្សន៍ថោន ថ្លែងប្រាប់ SBM News នៅរសៀលថ្ងៃអង្គារទី១២វិច្ឆិកានេះឱ្យដឹងថា ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដ៏ធំប្រចាំឆ្នាំ គឺកម្មវិធីប្រដាល់រាជសីហ៍គុនខ្មែរ ដែលជាការរៀបចំសហការរវាងស្ថានីយទូរទស្សន៍ថោន និងដៃគូដ៏ធំរបស់ខ្លួន ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នាពេលខាងមុខផង និជាការរៀបចំប្រដាល់គុនខ្មែរកម្រិតពិភពលោកមួយ ដែលមានកីឡាករជើងខ្លាំងមកពី៨ប្រទេសចូលរួមធ្វើការប្រកួតប្រជែង ដណ្តើមខ្សែក្រវាត់ 8 MEN TOURNAMENT ជាលើកទី២នៅកម្ពុជា បន្ទាប់ពីព្រឹត្តិការណ៍ដ៏ធំនេះ ធ្លាប់ធ្វើម្ដងរួចមកហើយកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៣ ដោយទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនខ្មែរ ខណៈកាលនោះ កីឡាករ ធឿន ធារ៉ា ជាម្ចាស់ខ្សែក្រវាត់ពីព្រឹត្តិការណ៍ប្រដាល់គុនខ្មែរវើលដ៍ខាប់ ឬ (Kun Khmer World Cup 8 Men Tournament)។

សម្រាប់ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរជើងឯក៨ប្រទេស ឬ 8 MEN TOURNAMENT លើកទីពីរនេះក៏មិនធម្មតាដែរ ដ្បិតកីឡាករទាំងប្រាំពីរប្រទេសសុទ្ធតែជាជើងខ្លាំង ដែលកីឡាករ ធឿន ធារ៉ា មិនអាចប្រហែសបាន។ នេះបើតាមការបញ្ជាក់ពីអ្នករៀបចំកម្មវិធី។ កីឡាករ វីកទ័រ តីហ្សុីរ៉ា (VICTOR TEIXEIRA) មកពីប្រេស៊ីល គឺជាជើងខ្លាំងមួយរូបដែលមានបទពិសោធជោគជាំនៅសង្វៀនបរទេស និងនៅប្រទេសថៃ, កីឡាករ ដាញែល ឌីហ្សា (DANIEL DESA) មកពីប្រទេសន័រវែសក៏មិនធម្មតាដែរ រូបគេធ្លាប់ផ្តួលកីឡាករកូនខ្មែរកាត់បារាំង ចាន់ សីហា ម្ដងរួចហើយ។ ចំណែក កីឡាករ អាឡេន ឡឺវីខ្វី (ALAN LEVEQUE) មកពីប្រទេសបារាំង ក៏មានកេរ្តិ៍ឈ្មោះក្នុងពិភពប្រដាល់គុនខ្មែរ និងឃីកបុកស៊ីងខ្លាំងដែរ។ ជាមួយគ្នានោះ ក៏មានកីឡាករ លី ប៉ៃលីន (LI BAILIN) មកពីប្រទេសចិន, កីឡាករ ម៉ាវីន ហួរលី (MARWEN HOULI) មកពីទុយនេស៊ី, កីឡាករ ស្ទីវិន ម៉ាធីវ វីលៀម រីឆាត (STEVENS MATTHEW WILLIAM RICHARD) មកពីអូស្ត្រាលី និងកីឡាករ ហ្វីដារីស៊ី យ៉ាហ៊ីណៃ (FEDARYNCHYK YAUHENIY) មកពីបេឡារុស។

យ៉ាងណា អ្នកគាំទ្រថា ព្រឹត្តិការណ៍ប្រដាល់រាជសីហ៍គុនខ្មែរជើងឯក៨ប្រទេស ឬ 8 MEN TOURNAMENT លើកទីពីរនេះ ច្បាស់ជាកក្រើកប្រឹថពីខ្លាំងជាងលើកទីមួយមិនខាន់ ព្រោះ កីឡាករ ធឿន ធារ៉ា បានសម្ងំសំលៀងអាវុធរបស់ខ្លួនជាច្រើនខែមកហើយ ជាពិសេសនោះ គឺការប្រើស្នៀតពូថៅដៃពិឃាដដែលជាអាវុធមុតស្រួចសម្លាប់គូសត្រូវរបស់ខ្លួន ហើយធ្វើឱ្យកីឡាករបរទេសមួយចំនួនធំខ្លាចរអា ស្របពេលដែលបច្ចុប្បន្ន រូបគេក៏កំពុងបុកហ្វឹកហាត់ខ្លាំងផងដែរ ក្រោមការបង្វឹកផ្ទាល់ពីលោកគ្រូធំ អេ ភូថង ជាអតីតស្តេចប្រដាល់គុនខ្មែរទសវត្សរ៍ឆ្នាំ១៩៩០ និង២០០០។ ដ្បិតថា កីឡាករ ធឿន ធារ៉ា គឺជាកូនសិស្សសំណព្វចិត្ត ដែលអាចនឹងបន្តតំណែងស្តេចប្រដាល់គុនខ្មែរពីលោកនាពេលអនាគតខាងមុខ តែលោកគ្រូមិនដែលប្រហែសក្នុងការបង្វឹកសិស្សគុនរបស់ខ្លួនឡើយ...៕




