
រដ្ឋធានីមូស្គូ៖ ភារកិច្ចសំខាន់សម្រាប់រុស្ស៊ី និងចិន គឺទប់ទល់ស្កាត់សកម្មភាពគគ្លើនរបស់សហរដ្ឋអាម៉េរិក ជុំវិញការប៉ុនប៉ងដាក់គំនាបលើប្រទេសរបស់ពួកគេ។ នេះបើតាមប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីប្រាប់រដ្ឋមន្ត្រីការបរទេសចិន នៅថ្ងៃអង្គារទី១២វិច្ឆិកា..។

ការណ៍នេះ កើតឡើងបន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានគម្រាមដាក់ពន្ធលើប្រទេសចិន និងប្រទេសដទៃទៀត ដោយបង្កើនការភ័យខ្លាចនៃសង្គ្រាមពាណិជ្ជកម្ម ខណៈសហរដ្ឋអាម៉េរិកបានចាត់ទុកចិន ជាបន្លាក្នុងកែវភ្នែក និងជាដៃគូប្រកួតប្រជែងដ៏ធំបំផុតរបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ ឥន្ទ្រីអាម៉េរិក ក៏បានចាត់ទុកខ្លាឃ្មុំពណ៌ត្នោតអឺរ៉ាស៊ីជាសត្រូវគំរាមកំហែងសន្តិសុខដ៏ធំបំផុតរបស់ខ្លួនផងដែរ។

សូមរំឭកថា កាលពីខែឧសភា មេដឹកនាំចិន លោក ស៊ី ជីនពីង និងមេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានសន្យាថានឹងបង្កើត «យុគសម័យថ្មី» នៃភាពជាដៃគូវាងគូប្រជែងដ៏មានឥទ្ធិពលបំផុតទាំងពីររបស់សហរដ្ឋអាម៉េរិក ខណៈចិន-រុស្ស៊ី បានចាត់ទុកអាម៉េរិកជាមេខ្លោងអុចភ្លើងសង្គ្រាមត្រជាក់ សង្គ្រាមឈ្លានពាន និងបានសាបព្រោះភាពវឹកវរនៅទូទាំងពិភពលោក។

លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក សឺហ្គី ស៊ូហ្គូ បានប្រាប់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅរដ្ឋធានីប៉េកាំងថា ទំនាក់ទំនងដ៏រឹងមាំរវាងរដ្ឋធានីម៉ូស្គូ និងរដ្ឋធានីប៉េកាំង គឺជាឥទ្ធិពលស្ថិរភាពលើពិភពលោក។ លោក ស៊ូហ្គូ ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ីថា៖«ខ្ញុំមើលឃើញកិច្ចការសំខាន់បំផុត គឺការប្រឆាំងនឹងគោលនយោបាយរបស់អាម៉េរិក ជុំវិញការដាក់គំនាបរុស្ស៊ី និងចិន»៕




