អង្ករខ្មែរ ជាប់លេខ១លើពិភពលោកហើយ បន្តឈ្នះពានមាសថែមទៀត
Mao Sopha
09 វិច្ឆិកា 2024 09:00 AM

រាជធានីភ្នំពេញ៖ អង្ករខ្មែរឈ្មោះ «សែនក្រអូប០១» បានឈ្នះពានរង្វាន់មាសជាលើទី២ ក្នុងកម្មវិធីវាយតម្លៃគុណភាពរសជាតិអង្ករសគ្រាប់វែងចិន-អាស៊ាន ដែលត្រូវបានរៀបចំឡើងនៅប្រទេសចិន កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ សហព័ន្ធស្រូវអង្ករកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានអំពីការឈ្នះពានរង្វាន់មាសនេះលើទំព័រហ្វេសប៊ុករបស់ខ្លួន។ ទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តី​ ហ៊ុន ម៉ាណែត ក៏បានបង្ហោះសារអបអរសាទរផងដែរ ចំពោះជ័យជម្នះរបស់អង្ករសែនក្រអូបខ្មែរក្នុងការទទួលបានពានរង្វាន់មាសម្តងទៀត។  

អង្ករសែនក្រអូប០១ ដែលឈ្នះពានមាសពីការវាយតម្លៃនៅប្រទេសចិន (រូបពីសហព័ន្ធស្រូវអង្ករកម្ពុជា)។
អង្ករសែនក្រអូប០១ ដែលឈ្នះពានមាសពីការវាយតម្លៃនៅប្រទេសចិន (រូបពីសហព័ន្ធស្រូវអង្ករកម្ពុជា)។

កាលពីចុងឆ្នាំ២០២៣ អង្ករសែនក្រអូប០១ បានឈ្នះពានរង្វាន់មាសនេះជាលើកទី១។ សហព័ន្ធស្រូវអង្ករកម្ពុជា លើកឡើងថា អង្ករខ្មែរ ដែលផលិតចេញពីពូជស្រូវសែនក្រអូបនេះ ត្រូវបានទទួលស្គាល់ជាពូជស្រូវល្អ និងមានរសជាតិឆ្ងាញ់ ហើយបានឈ្នះពានរង្វាន់មាសជាលើកទី២ ក្នុងចំណោមពានរង្វាន់មាសនៃពូជស្រូវពីបណ្តាប្រទេសផ្សេងទៀត។ «ការទទួលបានពានរង្វាន់មាសនេះ នឹងជួយឱ្យតម្លៃអង្ករសែនក្រអូប មានការទទួលស្គាល់កាន់តែច្រើនឡើង និងមានទីផ្សារកាន់តែធំទូលាយថែមទៀត» នេះជាការវាយតម្លៃរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។

កសិករខ្មែរ កំពុងដកស្រូវ (រូបពី៖ www.worldbank.org/)។
កសិករខ្មែរ កំពុងដកស្រូវ (រូបពី៖ www.worldbank.org/)។

សហព័ន្ធស្រូវអង្ករកម្ពុជា អរគុណក្រសួងកសិកម្ម ដែលជួយដល់ការសិក្សាស្រាវជ្រាវរហូតផលិតបានពូជស្រូវមានគុណភាពល្អ ហើយក៏អរគុណប្រជាកសិករ ដែលខិតខំដាំដុះបានអង្ករយ៉ាងល្អ រហូតទទួលបានជ័យជម្នះជូនប្រទេសជាតិ។ ជាមួយគ្នានេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានអំពាវនាវឱ្យប្រជាកសិករទាំងអស់ បន្តខិតខំដាំស្រូវឱ្យមានគុណភាពតទៀត។ ពូជស្រូវសែនក្រអូប គឺជាពូជស្រូវមិនប្រកាន់រដូវកាលសម្រាប់ការដាំដុះឡើយ ហើយប្រជាកសិករខ្មែរ ចាបផ្តើមដាំដុះតាំងពីទសវត្សរ៍៩០មកម្ល៉េះ។

កសិករខ្មែរ កំពុងស្ទូងស្រូវ (រូបពីគេហទំព័រ៖ intpolicydigest.org/)។
កសិករខ្មែរ កំពុងស្ទូងស្រូវ (រូបពីគេហទំព័រ៖ intpolicydigest.org/)។

អង្ករសែនក្រអូប០១ បានឈ្នះពានរង្វាន់មាស គឺជាដំណឹងល្អទី២ បន្ទាប់ពីដំណឹងដែលទើបនឹងត្រូវបានផ្សព្វផ្សាយថា អង្ករក្រអូបប្រណិតកម្ពុជា ម៉ាក «ម្លិះអង្គរ»  បានឈ្នះពានរង្វាន់ «អង្ករល្អប្រណិតផ្តាច់គេលើពិភពលោក» សាជាថ្មី។ សូមបញ្ជាក់ថា សន្និសីទស្រូវអង្ករពិភពលោក ដែលត្រូវបានរៀបចំឡើង នៅរដ្ឋធានីម៉ានីល ប្រទេសហ្វ៊ីលីពីន កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានប្រកាសថា អង្ករខ្មែរម៉ាក «ម្លិះអង្គរ» បានឈ្នះពានរង្វាន់ «អង្ករល្អប្រណិតផ្តាច់គេលើពិភពលោក» (World Best Rice) ជាលើកទី៦។ កន្លងមក អង្ករខ្មែរម៉ាក «ម្លិះអង្គរ» បានជាប់ចំណាត់ថ្នាក់លេខ១ ជាអង្ករល្អជាងគេលើពិភពលោក ចំនួន៥លើករួចមកហើយ៕

អង្ករម្លិះអង្គរ ដែលបានឈ្នះពានរង្វាន់អង្ករល្អប្រណិតផ្តាច់គេលើពិភពលោក (រូបពីសហព័ន្ធស្រូវអង្ករកម្ពុជា)។
អង្ករម្លិះអង្គរ ដែលបានឈ្នះពានរង្វាន់អង្ករល្អប្រណិតផ្តាច់គេលើពិភពលោក (រូបពីសហព័ន្ធស្រូវអង្ករកម្ពុជា)។
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត