អង្ករខ្មែរ ជាប់លេខ១លើពិភពលោកម្តងទៀតហើយ
Mao Sopha
07 វិច្ឆិកា 2024 08:30 AM

រាជធានីភ្នំពេញ៖ អង្ករក្រអូបប្រណិតកម្ពុជា ម៉ាក «ម្លិះអង្គរ» បានឈ្នះពានរង្វាន់ «អង្ករល្អប្រណិតផ្តាច់គេលើពិភពលោក» សាជាថ្មី ដែលត្រូវបានប្រកាសក្នុងសន្និសីទស្រូវអង្ករពិភពលោក នៅរដ្ឋធានីម៉ានីល ប្រទេសហ្វ៊ីលីពីន នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ សហព័ន្ធស្រូវអង្ករកម្ពុជា បានប្រកាសព័ត៌មាននេះ លើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន។ នេះជាលើកទី៦ហើយ ដែលអង្ករខ្មែរម៉ាក «ម្លិះអង្គរ» ជាប់ចំណាត់ថ្នាក់លេខ១ ជាអង្ករល្អជាងគេលើពិភពលោក (World Best Rice)។

សហព័ន្ធស្រូវអង្ករកម្ពុជា សរសេរដូច្នេះថា៖«អង្ករម៉ាក ម្លិះអង្គរ ជាអង្ករដែលមានគុណភាព និងទុកចិត្តបានសម្រាប់អង្ករក្រអូបប្រណិតកម្ពុជា»។ សហព័ន្ធស្រូវអង្ករកម្ពុជា បានអបអរសាទរដល់ប្រជាកសិករ ដែលបានខិតខំធ្វើការងារបានយ៉ាងល្អក្នុងការដាំដុះ។ ជាមួយគ្នានេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានអរគុណដល់រោងម៉ាស៊ីនកិនស្រូវ ដែលបានខិតខំសម្រិតសម្រាំង និងកិនកែច្នៃអង្ករបានយ៉ាងល្អ រហូតទទួលបានជ័យជម្នះជូនប្រទេសជាតិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត