កឋិនខ្មែរកណ្តាល ចូលបច្ច័យជាង២,៣លានដុល្លារ ដល់វត្តជាង១០០នៅកម្ពុជាក្រោម
Mao Sopha
05 វិច្ឆិកា 2024 11:00 AM

រាជធានីភ្នំពេញ៖ អង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម ទទួលបានបច្ច័យសរុប២លាននិងជាង៣៨ម៉ឺនដុល្លារ។ បច្ច័យទាំងនេះ បានមកពីការចូលរួមរបស់ក្រុមគ្រួសារសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួន រួមទាំងប្រជាជនខ្មែរទូទៅ។ ព្រះមហាក្សត្រជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចព្រះមហាក្សក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ទ្រង់ក៏សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានបច្ច័យ២ម៉ឺនដុល្លារចូលដល់អង្គកឋិននេះដែរ។

ថវិកាទាំងអស់ ដែលសរុបមាន២លាននិងជាង៣៨ម៉ឺនដុល្លារនេះ ត្រូវបានបែងចែកជា២ផ្នែកធំៗ។ ទី១.បច្ច័យដែលចូលបុណ្យក្នុងវត្តស្វាយសៀមថ្មី មានប្រមាណ៩សែនដុល្លារកន្លះ ដោយបច្ច័យប្រមាណ៩សែនដុល្លារកន្លះនេះ ក៏មានបច្ច័យមួយផ្នែក ត្រូវបានបែងចែកសម្រាប់ប្រគេនព្រះសង្ឃ និងជូនអាចារ្យគណៈកម្មការ តាជីយាយផងដែរ។ ទី២.បច្ច័យជាង១លានដុល្លារទៀត ត្រូវបានបែងចែកសម្រាប់ចូលបុណ្យដល់វត្ត១៤២ផ្សេងទៀត ក្នុងខេត្តព្រះត្រពាំង ដោយក្នុង១វត្ត ទទួលបានជិត១ម៉ឺនដុល្លារ។ ក្នុងខេត្តព្រះត្រពាំងសព្វថ្ងៃនេះ មានវត្តខ្មែរសរុប១៤៣វត្ត។     

អង្គកឋិន ដែលដង្ហែទៅកាន់វត្តស្វាយសៀមថ្មី ទឹកដីកម្ពុជាក្រោម នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ គឺជាអង្គកឋិនលើកទី១ ដែលរៀបចំឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ហើយត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ហៅថាជា អង្គកឋិនមហាគ្រួសារខ្មែរ។ នៅលើដងផ្លូវ ពេលកំពុងធ្វើដំណើរទៅកាន់វត្តស្វាយសៀមថ្មី ប្រជាជនខ្មែរក្រោម បាននាំគ្នាឈរតាមដងផ្លូវ ដើម្បីបង្ហាញការស្វាគមន៍ដល់ក្បួនអង្គកឋិនទាននេះ។ ជាមួយគ្នានេះ គេក៏បានឃើញក្បួនរថយន្តឈប់តាមដងផ្លូវនៅកន្លែងខ្លះដែរ ដែលជាឱកាសឱ្យអ្នកចូលរួមដង្ហែអង្គកឋិន បានចុះពីរថយន្ត ហើយដើរទៅរាក់ទាក់បងប្អូនខ្មែរក្រោម ដែលកំពុងឈរតាមដងផ្លូវ។

សម្ដេច ប៊ុន រ៉ានី ប្រធានកាកបាតក្រហមកម្ពុជា ដែលដឹកនាំដង្ហែអង្គកឋិនទាននេះ មានប្រសាសន៍ជាមួយព្រះសង្ឃ និងប្រជាជនខ្មែរក្រោម នៅក្នុងវត្តស្វាយសៀមថ្មីថា រាជរដ្ឋាភិបាល និងប្រជាជនខ្មែរកណ្តាល រួមទាំងប្រជាជនខ្មែរដទៃទៀតនៅគ្រប់ទិសទី តែងនឹករឭកគ្នា និងតែងស្កាត់ជួបជុំគ្នា នៅក្នុងឱកាសពិធីបុណ្យទាន ជាពិសេសពិធីបុណ្យធំៗ ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បុណ្យភ្ជុំបិណ្ឌ និងបុណ្យកឋិន ជាដើម។ សម្តេចប្រធានកាកបាតក្រហមកម្ពុជា បានចាត់ទុកអង្គកឋិនទាននេះ ថាជាអង្គកឋិនទានប្រវត្តិសាស្រ្ត ដែលត្រូវបានរៀបចំឡើង ដើម្បីភាតរភាព មិត្តភាព និងសាមគ្គីភាព ក្នុងចំណោមមហាពុទ្ធបរិស័ទខ្មែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត