ខ្មែរក្រោម នាំគ្នាឈរតាមដងផ្លូវ ទទួលស្វាគមន៍ក្បួនកឋិនខ្មែរកណ្តាល
Mao Sopha
05 វិច្ឆិកា 2024 05:00 AM

រាជធានីភ្នំពេញ៖ ប្រជាជនខ្មែរក្រោមទាំងចាស់ទាំងក្មេង បាននាំគ្នាឈរតម្រៀបជាជួរតាមដងផ្លូវ ដើម្បីបង្ហាញការស្វាគមន៍ដល់រថយន្តកឋិនទាន ដែលដង្ហែចេញពីរាជធានីភ្នំពេញ ទឹកដីកម្ពុជាកណ្តាល នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ គេបានឃើញទិដ្ឋភាពនេះ តាមរយៈវីដេអូ និងរូបភាពជាច្រើនសន្លឹក ដែលត្រូវបានបង្ហោះលើបណ្តាញសង្គម។ អ្នកខ្លះ បានចែករំលែកទិដ្ឋភាពទាំងនេះ ដោយភ្ជាប់ជាមួយសំណេរដែលបង្ហាញពីក្តីរំភើបចំពោះការរាក់ទាក់គ្នារវាងខ្មែរក្រោម និងខ្មែរកណ្តាល។

អង្គកឋិនទាន ដែលរៀបចំឡើងដោយរាជរដ្ឋាភិបាលកម្ពុជាជាលើកដំបូងនេះ បានចាកចេញតាំងពីព្រលឹមមុនថ្ងៃរះ រហូតដល់ពេលរសៀល ទើបទៅដល់គោលគៅ គឺវត្តស្វាយសៀមថ្មី ស្ថិតក្នុងខេត្តព្រះត្រពាំង ទឹកដីកម្ពុជាក្រោម។ នៅលើដងផ្លូវ ពេលទៅដល់កន្លែងណា ដែលមានប្រជាជនខ្មែរក្រោមឈរស្វាគមន៍ រថយន្តកឋិនទាន ក៏បង្អង់ល្បឿនបើកយឺតៗ ហើយអ្នកចូលរួមដង្ហែកឋិនទានដែលស្ថិតក្នុងរថយន្ត និងប្រជាជនខ្មែរក្រោម ដែលកំពុងឈរតាមដងផ្លូវ បានលើកដៃសំពះគ្នា និងបានលើកដៃបក់ចុះឡើងៗ បង្ហាញការរាក់ទាក់ទៅកាន់គ្នាទៅវិញទៅមក ដោយម្ខាងកំពុងស្ថិតក្នុងរថយន្ត និងម្ខាងទៀតកំពុងឈរលើដងផ្លូវ។

បន្ថែមពីនេះ ក្បួនដង្ហែអង្គកឋិនទាន ក៏បានឈប់នៅតាមផ្លូវនៅកន្លែងខ្លះដែរ ហើយពេលឈប់នោះហើយ ដែលខ្មែរកណ្តាលជាអ្នកចូលរួមដង្ហែអង្គកឋិនទាន បានចុះពីរថយន្ត ដើរទៅសួរសុខទុក្ខ និងបាននិយាយគ្នាមួយភ្លែតជាមួយបងប្អូនខ្មែរក្រោមដែលកំពុងឈរតាមដងផ្លូវ។ ការជួបរាក់ទាក់គ្នាតាមផ្លូវនេះ មិនបានយូរឡើយ ដោយបានតែបន្តិចប៉ុណ្ណោះ អាជ្ញាធរវៀតណាម ក៏អញ្ជើញអ្នកចូលរួមដង្ហែអង្គកឋិនទានឱ្យចូលក្នុងរថយន្តវិញ។

រូបពីគណនីហ្វេសប៊ុក៖ Son Chengchon
រូបពីគណនីហ្វេសប៊ុក៖ Son Chengchon

លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលចូលរួមដង្ហែអង្គកឋិនទានដែរនោះ បានបង្ហោះលើទំព័រហ្វេសប៊ុកថា បងប្អូនខ្មែរក្រោមក្នុងខេត្តព្រះត្រពាំង ​ និងពីបណ្តាខេត្តនានានៃទឹកដីកម្ពុជាក្រោម បានទៅចូលរួមអបអរសាទរ និងទទួលស្វាគមន៍អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ។ លោករដ្ឋមន្រ្តី សរសេរយ៉ាងដូច្នេះថា៖«ទោះឆ្ងាយប៉ុនណា ក៏នៅតែស្កាត់រកគ្នាក្នុងនាមជាជាតិសាសន៍ដូចគ្នា»

ពេលទៅដល់វត្តស្វាយសៀមថ្មី សម្ដេច ប៊ុន រ៉ានី ប្រធានកាកបាតក្រហមកម្ពុជា ដែលដឹកនាំអង្គកឋិនទាននេះ មានប្រសាសន៍ទៅកាន់ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទខ្មែរក្រោមថា រាជរដ្ឋាភិបាល និងប្រជាជនខ្មែរកណ្តាល រួមទាំងប្រជាជនខ្មែរដទៃទៀតនៅគ្រប់ទិសទី តែងនឹករឭកគ្នា និងតែងស្កាត់ជួបជុំគ្នា នៅក្នុងឱកាសពិធីបុណ្យទាន ជាពិសេសពិធីបុណ្យធំៗ ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បុណ្យភ្ជុំបិណ្ឌ និងបុណ្យកឋិន ជាដើម។ ក្នុងពិធីសំណេះសំណាលនេះ សម្តេចប្រធានកាកបាតក្រហមកម្ពុជា បានហៅអង្គកឋិនទានដែលដង្ហែទៅកាន់វត្តកម្ពុជាក្រោម ថាជាអង្គកឋិនទានប្រវត្តិសាស្រ្ត ដែលត្រូវបានរៀបចំឡើងដើម្បីភាតរភាព មិត្តភាព និងសាមគ្គីភាព ក្នុងចំណោមមហាពុទ្ធបរិស័ទខ្មែរ។

ជាមួយគ្នានេះ ព្រះមហាក្សត្រជាអម្ចាស់ជីវិតតម្កល់លើត្បូង ទ្រង់សព្វព្រះរាជហឫទ័យចូលបុណ្យ១ម៉ឺនដុល្លារ ហើយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក៏ទ្រង់សព្វព្រះរាជហឫទ័យចូលបុណ្យ១ម៉ឺដុល្លារដែរ ក្នុងអង្គកឋិនទានដែលដង្ហែទៅវត្តកម្ពុជាក្រោម។ នៅចំពោះព្រះភក្រ្តព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទខ្មែរក្រោម សម្តេច ប៊ុន រ៉ានី បានថ្លែងអំណរអរព្រះរាជគុណចំពោះព្រះអង្គជាទីគោរពសក្ការៈទាំងទ្វេ ដែលទ្រង់ប្រោសព្រះរាជទានបច្ច័យជាមួយអង្គកឋិនទាននេះ។ បើតាមប្រសាសន៍សម្តេច ប៊ុន រ៉ានី មិនមែនតែវត្តស្វាយសៀមថ្មីនោះទេ គឺមាន១៤២វត្ត ក្នុងខេត្តព្រះត្រពាំង ដែលទទួលបានបច្ច័យពីអង្គកឋិនទាននេះ ដោយក្នុង១វត្ត ទទួលបានបច្ច័យជិត១ម៉ឺនដុល្លារ។

ថ្នាក់ដឹកនាំផ្សេងទៀត ដែលចូលរួមដង្ហែកឋិនទានទៅវត្តខ្មែរក្រោម រួមមាន សម្តេច ម៉ែន សំអន ប្រធានគណៈកម្មការរៀបចំដង្ហែកឋិនទានទៅវត្តខ្មែរក្រោម សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី និង លោកមេបញ្ជាការរងកងទ័ពជើងគោក ហ៊ុន ម៉ានិត ជាដើម។ បុណ្យកឋិននេះ ជាគំនិតផ្តួចផ្តើមរបស់សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេច ប៊ុន រ៉ានី ជាភរិយា តាំងពីជាង១០ឆ្នាំមុនមកម្ល៉េះ។ នៅដើមខែតុលា ឆ្នាំ២០២៤ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្កើតគណៈកម្មការរៀបចំដង្ហែកឋិនទៅវត្តខ្មែរក្រោម ដោយតែងតាំងសម្តេច ម៉ែន សំអន ជាប្រធាន។ តើនៅឆ្នាំក្រោយៗទៀត រាជរដ្ឋាភិបាលកម្ពុជា អាចនឹងរៀបចំដង្ហែអង្គកឋិនទានទៅកាន់ទឹកដីខ្មែរលើ ឬខ្មែរសុរិន្ទដែរឬទេ? 

រូបពីគណនីហ្វេសប៊ុក៖ Son Chengchon
រូបពីគណនីហ្វេសប៊ុក៖ Son Chengchon
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត