សម្តេច ហ៊ុន សែន៖«មិនថាខ្មែរក្រោម ខ្មែរកណ្តាល ខ្មែរលើ! ប្រពៃណីជាតិជារឿងដ៏ធំ ដែលយើងត្រូវថែទាំងអស់គ្នា»
Mao Sopha
26 តុលា 2024 11:18 AM

រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្ញើសារជូនទៅក្រុមអ្នកសិល្បករខ្មែរនៅកម្ពុជាក្រោម ក្រោយពួកគេសហការគា្នផលិតបទចម្រៀងនានា មានអត្ថន័យពាក់ព័ន្ធនឹងអង្គកឋិនទាន ដែលនឹងត្រូវដង្ហែទៅកាន់ទឹកដីកម្ពុជាក្រោមនាពេលខាងមុខឆាប់ៗនេះ។ តាមរយៈសារជាសំឡេងដែលផ្សាយដោយហ្វ្រេសញូ (Fresh News) នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤នេះ សម្តេច ហ៊ុន សែន បង្ហាញក្តីរីករាយ ហើយក៏កោតសរសើរដល់សិល្បករខ្មែរនៅកម្ពុជាក្រោម ដែលនៅតែអាចរក្សាទំនៀមទម្លាប់ និងប្រពៃណីដូនតាបានល្អ។

ក្មេងៗ និងយុវជនខ្មែរក្រោម នាំគ្នាលេងល្បែងប្រជាប្រិយខ្មែរ ក្នុងថ្ងៃចូលឆ្នាំថ្មី។ រូបពីទំព័រហ្វេសប៊ុក៖ ​Khmer Krom Man Journalist
ក្មេងៗ និងយុវជនខ្មែរក្រោម នាំគ្នាលេងល្បែងប្រជាប្រិយខ្មែរ ក្នុងថ្ងៃចូលឆ្នាំថ្មី។ រូបពីទំព័រហ្វេសប៊ុក៖ ​Khmer Krom Man Journalist

សម្តេចប្រធានព្រឹទ្ធសភា មានប្រសាសន៍ទាំងសំឡេងស្អកយ៉ាងដូច្នេះថា៖«យើងត្រូវខិតខំរួមគ្នាការពារនូវមរតកដូនតាកុំឱ្យបាត់បង់ មិនថាខ្មែរក្រោម ខ្មែរកណ្តាល ឬខ្មែរលើទេ ខ្មែរយើងទៅរស់នៅទីណាក៏ដោយ បញ្ហាប្រពៃណីជាតិ គឺជាបញ្ហាដ៏ធំ ដែលយើងត្រូវតែថែទាំទាំងអស់គ្នា»។ សម្តេចបញ្ជាក់ថា ការរក្សាប្រពៃណីជាតិនេះ គឺជាអ្វីដែលយើងទាំងអស់គ្នាចង់បាន។ តាមរយៈសារសំឡេងនេះ សម្តេចហៅខ្លួនសម្តេចថាជាពុក ហើយហៅក្រុមអ្នកសិល្បៈទាំងនោះថាជាកូនៗ និងក្មួយៗ។ ជាមួយគ្នានេះ សម្តេចបានផ្ញើការសួរសុខទុក្ខទៅកាន់បងប្អូនខ្មែរដែលរស់នៅលើទឹកដីកម្ពុជាក្រោម។

សម្តេច ហ៊ុន សែន និងសម្តេច ប៊ុន រ៉ានី ពេលចូលរួមកាន់បិណ្ឌ នៅវត្តចំពុះក្អែក រាជធានីភ្នំពេញ នៅដើមខែតុលា ឆ្នាំ២០២៤។ រូបពីគេហទំព័រ CPP
សម្តេច ហ៊ុន សែន និងសម្តេច ប៊ុន រ៉ានី ពេលចូលរួមកាន់បិណ្ឌ នៅវត្តចំពុះក្អែក រាជធានីភ្នំពេញ នៅដើមខែតុលា ឆ្នាំ២០២៤។ រូបពីគេហទំព័រ CPP

សូមបញ្ជាក់ថា នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេច ប៊ុន រ៉ានី ភរិយាសម្តេច ហ៊ុន សែន និងលោក ហ៊ុន ម៉ានី ជាកូនប្រុសពៅ នឹងដង្ហែកឋិនទានទៅកាន់វត្តស្វាយសៀមថ្មី ខេត្តព្រះត្រពាំង ទឹកដីកម្ពុជាក្រោម ជាលើកទី១។ ថ្វីបើពុំបានទៅខ្លួនឯង តែសម្តេច ហ៊ុន សែន សង្ឃឹមថា ពេលអង្គកឋិនទានដង្ហែទៅដល់ទឹកដីកម្ពុជាក្រោម ហើយពេលជួបជុំគ្នានៅទីនោះ ក្តីសប្បាយរីករាយនឹងកើតឡើង។

កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ សម្តេច ម៉ែន សំអន និងមន្រ្តីផ្សេងទៀត នាំគ្នាទៅមើលដើមឈើទាលដែលដាំបញ្ច្រាសចុង ដោយឧកញ៉ា សឺន គុយ នៅខេត្តព្រះត្រពាំង ទឹកដីកម្ពុជាក្រោម។ រូបពីហ្វេសប៊ុករបស់សម្តេច ម៉ែន សំអន 
កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ សម្តេច ម៉ែន សំអន និងមន្រ្តីផ្សេងទៀត នាំគ្នាទៅមើលដើមឈើទាលដែលដាំបញ្ច្រាសចុង ដោយឧកញ៉ា សឺន គុយ នៅខេត្តព្រះត្រពាំង ទឹកដីកម្ពុជាក្រោម។ រូបពីហ្វេសប៊ុករបស់សម្តេច ម៉ែន សំអន 

កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យបង្កើតគណៈកម្មការរៀបចំអង្គកឋិនទានដង្ហែទៅវត្តកម្ពុជាក្រោម ដោយមាន សម្តេច ម៉ែន សំអន ជាប្រធាន។ សម្តេច ហ៊ុន សែន សរសេរលើហ្វេសប៊ុកថា គម្រោងរៀបចំអង្គកឋិនទៅកម្ពុជាក្រោមនេះ គឺជាក្តីសុបិនយូរឆ្នាំមកហើយ គឺចាប់តាំងពីឆ្នាំ២០១២មកម្លេះ រហូតដល់១២ឆ្នាំក្រោយ គឺនៅឆ្នាំ២០២៤នេះ ទើបបានសម្រេចក្តីសុបិននេះ៕  

ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ ថតរូបក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៤។ រូបពីហ្វេសប៊ុក៖ ហូសេន_Hosen
ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ ថតរូបក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៤។ រូបពីហ្វេសប៊ុក៖ ហូសេន_Hosen
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត