មង្គលការ ដែលគ្មានកូនកំលោះ-កូនក្រមុំ!
Mao Sopha
28 តុលា 2024 06:00 AM

រាជធានីភ្នំពេញ៖ គេធ្លាប់ឮពិធីអាពាហ៍ពិពាហ៍ដែលគ្មានកូនកំលោះ ហើយគេក៏ធ្លាប់ឮពិធីអាពាហ៍ពិពាហ៍ដែលគ្មានកូនក្រមុំ។ ចំណែកពិធីអាពាហ៍ពិពាហ៍ដែលគ្មានកូនកំលោះ-កូនក្រមុំទាំងពីរនាក់ គេសឹងតែមិនធ្លាប់ឮ ហើយក៏ហាក់មិនធ្លាប់ឃើញទាល់តែសោះក្នុងសង្គមខ្មែរ ឬក្នុងប្រទេសដទៃទៀត។ ប៉ុន្តែពេលនេះមានហើយ ពិធីអាពាហ៍ពិពាហ៍ដែលគ្មានទាំងកូនកំលោះគ្មានទាំងកូនក្រមុំ...។

ឪពុកម្តាយទាំងសងខាង ធ្វើពិធីកួចចំណងដៃនៅមុខរូបថតលីសុង និងកញ្ចនា។ 
ឪពុកម្តាយទាំងសងខាង ធ្វើពិធីកួចចំណងដៃនៅមុខរូបថតលីសុង និងកញ្ចនា។ 

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ គឺជាកាលបរិច្ឆេទនៃការរៀបអាពាហ៍ពិពាហ៍កូនកំលោះ ឡុង លីសុង និងកូនក្រមុំ ឃីន កញ្ចនា ហើយពិធីអាពាហ៍ពិពាហ៍នេះ នៅតែត្រូវបានរៀបចំឡើងទៅតាមកាលបរិច្ឆេទកំណត់ទុក បើទោះបីពុំមានរូបរាងកាយកូនកំលោះ-កូនក្រមុំក៏ដោយ។ លីសុង និងកញ្ចនា បានបាត់បង់ជីវិតក្នុងពេលជាមួយគ្នា កាលពីបីបួនខែមុន ក្រោមដៃបុរសជាអ្នកមានលុយម្នាក់ ឈ្មោះ ស្រី ស៊ីណា។ ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៤ លោក ស្រី ស៊ីណា បានចូលទៅបាញ់ លីសុង និងកញ្ចនា ដល់ក្នុងផ្ទះអ្នកទាំងពីរ ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោ ដោយគ្រាន់តែខឹងនឹងការទាស់សម្តីគ្នាតិចតួច។ ឃាតករូបនេះ ប្រព្រឹត្តអំពើឃាតកម្មទាំងខ្លួនស្ថិតក្នុងគោរមងារជាឧកញ៉ា ហើយក្រោយចាប់ខ្លួន គោរមងារជាឧកញ៉ាក៏ត្រូវលុបចោល។ ពិធីអាពាហ៍ពិពាហ៍របស់លី សុង និងកញ្ចនា មានត្រឹមរូបថតអ្នកទាំងពីរប៉ុណ្ណោះ។

លីសុង និងកញ្ចនា ថតរូបអាពាហ៍ពិពាហ៍មុនថ្ងៃរៀបអាពាហ៍ពិពាហ៍មកដល់ ឬហៅថា Pre-wedding។ 
លីសុង និងកញ្ចនា ថតរូបអាពាហ៍ពិពាហ៍មុនថ្ងៃរៀបអាពាហ៍ពិពាហ៍មកដល់ ឬហៅថា Pre-wedding។ 

រូបថតស្លៀកពាក់ជាកូនកំលោះ-កូនក្រមុំ ដែលអ្នកទាំងពីរថតជាមួយគ្នានៅមុនពិធីរៀបអាពាហ៍ពិពាហ៍ ត្រូវបានដាក់តាំងក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍នេះ។ ឪពុកម្តាយ បងប្អូនសាច់ញាតិទាំងសងខាង បានដាក់តាំងរូបថតអ្នកទាំងពីរទន្ទឹមគ្នា ហើយបានរៀបចំពិធីចងដៃឱ្យពួកគេទាំងពីរនាក់ ដោយឧបកិច្ច ថាហាក់ដូចជាមានអ្នកទាំងពីរអង្គុយផ្ទឹមគ្នាក្នុងពិធីកួចចំំណងដៃអ៊ីចឹងដែរ។ ឪពុកម្តាយ បងប្អូនសាច់ញាតិ បានដាក់ប្រាក់ពីមុខរូបថតអ្នកទាំងពីរ ទុកជាការចងចំណងដៃ។ បង្អែមផ្លែឈើជាច្រើនមុខ ត្រូវបានដាក់តម្រៀមគ្នាជាធម្មតា ដូចពិធីរៀបអាពាហ៍ពិពាហ៍ទូទៅ ហើយក៏បាននិមន្តព្រះសង្ឃទៅសូត្រមន្តតាមប្រពៃណីដែរ។ អាពាហ៍ពិពាហ៍នេះ មិនមានស្នាមញញឹម និងសំឡេងសើចក្អាកក្អាយឡើយ គឺមានតែទឹកភ្នែកប៉ុណ្ណោះ។

ឃាតក ស្រី ស៊ីណា ពេលត្រូវឃាត់ខ្លួន 
ឃាតក ស្រី ស៊ីណា ពេលត្រូវឃាត់ខ្លួន 

ក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ លី សុង និងកញ្ចនា មិត្តភក្តិ និងប្រជាពលរដ្ឋទូទៅ បាននាំគ្នាបង្ហោះវីដេអូ និងរូបភាពអំពីពិធីអាពាហ៍ពិពាហ៍អ្នកទាំងពីរលើបណ្តាញសង្គម ហើយក៏មានការចែករំលែកតៗគ្នាយ៉ាងព្រោងព្រាត។ អ្នកខ្លះសរសេរសំណេរពីលើវីដេអូ និងរូបថតអាពាហ៍ពិពាហ៍នេះថា «ពួកគេទាំងពីរនាក់ បានក្លាយជាប្តីប្រពន្ធហើយ»។ ឃាតកម្មលើគូដណ្តឹងវ័យក្មេងមួយគូខាងលើនេះ បង្កើតឱ្យមានក្តីសោកសង្រេងយ៉ាងខ្លាំងដល់មនុស្សទូទៅ ពុំមែនគ្រាន់តែក្នុងរង្វង់គ្រួសារសាច់ញាតិរបស់ពួកគេទាំងពីរឡើយ។ ដំណឹងឃាតកម្មនេះ ឮខ្ចរខ្ចាយពេញផ្ទៃប្រទេស ហើយគ្មាននរណាដែលថាមិនបានដឹងនោះទេ។ ឃាតក ត្រូវបានចោទប្រកាន់បីបទចោទ គឺបទឃាតកម្ម បទប៉ុនប៉ងឃាតកម្ម និងបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត។ យោងតាមច្បាប់កម្ពុជា បទឃាកម្ម ត្រូវដាក់ពន្ធនាគារយូរបំផុត ចាប់ពី១០ឆ្នាំដល់១៥ឆ្នាំ បទប៉ុនប៉ងឃាតកម្ម ត្រូវដាក់ពន្ធនាគារយូរបំផុត ចាប់ពី១០ឆ្នាំដល់១៥ឆ្នាំដូចគ្នា ហើយបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ត្រូវដាក់ពន្ធនាគារយ៉ាងយូរ ចាប់ពី៦ខែ ដល់២ឆ្នាំ។

ព្រះសង្ឃ សូត្រមន្តក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍របស់លីសុង និងកញ្ចាន។ 
ព្រះសង្ឃ សូត្រមន្តក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍របស់លីសុង និងកញ្ចាន។ 

គួរយល់ឱ្យច្បាស់! បទឃាតកម្ម និងបទប៉ុនប៉ងឃាតកម្ម មិនដូចបទឃាតកម្មគិតទុជាមុននោះទេ។ បទឃាតកម្មគិតទុកជាមុន កំណត់ថា ឃាតកត្រូវប្រឈមការជាប់ពន្ធនាគារអស់មួយជីវិត។ អតីតឧកញ៉ា ស្រី ស៊ីណា ពុំបានជាប់ពីបទឃាតកម្មគិតទុកជាមុនឡើយ។ ក្រោយឃាតកម្មកើតឡើង លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានរៀបចំសន្និសីទកាសែត ដើម្បីបំភ្លឺពីផ្លូវច្បាប់ ហើយលោកបង្ហាញការយល់ឃើញថា ការដែលតុលាការចោទប្រកាន់លោក ស្រី ស៊ីណា ពីបទឃាតកម្ម និងបទប៉ុនប៉ងឃាតកម្ម គឺស្របតាមក្រមព្រហ្មទណ្ឌ។ ទោះឃាតកមិនត្រូវបានចោទពីឃាតកម្មគិតទុកជាមុន ឬមិនប្រឈមការជាប់ពន្ធនាគារអស់មួយជីវិត តែលោក កើត រិទ្ធ ក្នុងឋានៈជារដ្ឋមន្រ្តីយុត្តិធម៌ ធានាថា បើឃាតកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារត្រឹមតែពីរបីឆ្នាំ ហើយរួចខ្លួនវិញ លោកជាអ្នកចេញមកទទួលខុសត្រូវមុនគេ រហូតដល់ហ៊ានប្រើពាក្យថា ដើរចេញពីតំណែងទៀតផង។

លោក កើត រិទ្ធ ធ្វើសន្និសីទកាសែតជុំវិញអំពើឃាតកម្មដែលប្រព្រឹត្តដោយលោក ស្រី ស៊ីណា។ 
លោក កើត រិទ្ធ ធ្វើសន្និសីទកាសែតជុំវិញអំពើឃាតកម្មដែលប្រព្រឹត្តដោយលោក ស្រី ស៊ីណា។ 

សាធារណជនមួយចំនួន នៅតែយល់ថា អំពើឃោរឃៅរបស់ឃាតក សមតែជាប់ពន្ធនាគារអស់មួយជីវិត។ ម្យ៉ាងទៀត ទោះរដ្ឋមន្រ្តីយុត្តិធម៌ធានាពីការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់លើឃាតកក្តី តែមជ្ឈដ្ឋានខ្លះ នៅតែលួចបារម្ភខ្លាចឃាតកមានឱកាសបានរួចខ្លួនវិញ ក្រោយជាប់ពន្ធនាគារត្រឹមរយៈពេលខ្លី។ កន្លងមក មានឧកញ៉ាម្នាក់ និងគ្នីគ្នាពីរបីនាក់ ត្រូវតុលាការជាន់ទាប កាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ក្រោមបទឃាតកម្មគិតទុកជាមុនលើឧកញ៉ាម្នាក់ទៀត ប៉ុន្តែក្រោយមកបន្តិច គឺមិនដល់មួយឆ្នាំនោះទេ ស្រាប់តែសាលាឧទ្ធរណ៍ជាតុលាការជាន់ខ្ពស់ សម្រេចដោះលែងឧកញ៉ាជាជនល្មើសរូបនោះ រួមទាំងគ្នីគ្នា ឱ្យរស់នៅក្រៅឃុំបណ្តោះអាសន្នមានសេរីភាពឡើងវិញយ៉ាងរំភើយរហូតមកដល់បច្ចុប្បន្ន។ ចំពោះអតីតឧកញ៉ា ស្រី ស៊ីណា កំពុងជាប់ឃុំក្នុងពន្ធនាគារ ហើយសំណុំរឿងកំពុងស្ថិតក្នុងនីតិវិធីរបស់តុលាការ។ មានមនុស្សមិនតិចនោះទេ ដែលកំពុងរង់ចាំមើលថា តើឃាតកអ្នកមានរូបនេះ ត្រូវកាត់ទោស និងជាប់ពន្ធនាគារកម្រិតណា?...៕     

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត