កម្ពុជាគ្រោងបើកកុងស៊ុលនៅខេត្តហឺណានប្រទេសចិន ព្រោះឃើញមានសក្តានុពលខ្ពស់
អុន សម្ផស្ស
មួយឆ្នាំមុន

រាជធានីភ្នំពេញ៖ ដោយមើលឃើញពីសក្តានុពលដ៏ធំធេងពីខេត្តហឺណាន ស្ថិតនៅភាគកណ្តាលនៃប្រទេសចិន ដែលមានប្រជាជនប្រមាណ១០០លាននាក់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃសុក្រ បានណែនាំឱ្យក្រសួងពាក់ព័ន្ធ ពិសេសក្រសួងការបរទេស ឱ្យសហការជាមួយស្ថានឯកអគ្គរដ្ឋទូតចិន ដើម្បីរៀបចំបើកស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តនេះ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលចេញផ្សាយដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖«សម្តេចធិបតី បានណែនាំឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបើកស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តហឺណាន ប្រទេសចិន ដែលជាគោលដៅសំខាន់និងមានសក្តានុពលខ្ពស់»គួរកត់សម្គាល់ថា ទំនាក់ទំនងកម្ពុជា-ចិន ក្នុងពេលថ្មីៗនេះកាន់តែល្អប្រសើរ ជាពិសេសក្នុងខេត្តហឺណានផ្ទាល់ ជាក់ស្តែងកាលពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ប្រតិភូកម្ពុជាបាននាំក្បាច់គុនល្បុកតោ ទៅសម្ដែងរួមគ្នាជាមួយក្បាច់គុណសៅលីញ នៅខេត្តហឺណាន ក្នុងព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ នៅទីក្រុងចឹងចូវ។

តាមរយៈដំណើរនោះ កម្ពុជាទទួលបាននូវលទ្ធផលមួយចំនួន។ ដោយសារ«ហឺណាន»ជាខេត្ត ដែលមានសក្តានុពលដ៏ធំធេងសម្រាប់កម្ពុជា ចាប់យកឱកាសក្នុងការជំរុញភ្ញៀវទេសចរ ដូច្នេះតបតាមការស្នើសុំរបស់លោករដ្ឋមន្ត្រីទេសចរណ៍កម្ពុជាកាលនោះ រដ្ឋបាលខេត្តហឺណាន និងក្រុងចឹងចូវ សន្យាខិតខំជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍របស់កម្ពុជាឱ្យបានទូលំទូលាយ ទាំងនៅខេត្តហឺណាន និងខេត្តក្រុងដទៃទៀតនៅប្រទេសចិន ដើម្បីកៀរគរទេសចរមកពីខេត្តហឺណាននិងខេត្តជុំវិញ មកទស្សនាកម្ពុជាក្នុងដំណាក់កាលដំបូង ឱ្យបាន ១លាននាក់ក្នុង១ឆ្នាំ។ សូមជម្រាបថា បច្ចុប្បន្ន កម្ពុជា​មាន​​ស្ថាន​កុងស៊ុលមួយរួចមកហើយ ​នៅ​ទីក្រុង ​Zhengzhou នៃ​ខេត្ត​ហឺណាន ដែលបង្ក​លក្ខណៈ​ងាយស្រួលដល់​ទេសចរ​៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត