កម្ពុជា-ថៃពិនិត្យលទ្ធភាពបង្កើតច្រកទ្វារព្រំដែនថ្មី ដើម្បីសម្របសម្រួលពាណិជ្ជកម្ម និងការដឹកជញ្ជូន
K
Kimhuoy K.
25 តុលា 2024 12:15 AM

រាជធានីភ្នំពេញ៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងលោក អនុធីន ឆានវីរៈកូន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ បានបើកកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃលើកទី៨ ដើម្បីផ្លាស់ប្ដូរមតិយោបល់ និងពូនជ្រំកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបណ្តាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ព្រមទាំងបន្តកសាងនិងថែរក្សាការពារខ្សែបន្ទាត់ព្រំដែន។

ក្នុងកិច្ចប្រជុំនាថ្ងៃទី២២-២៤ ខែតុលា ឆ្នាំ២០២៤ ដែលធ្វើនៅរាជធានីភ្នំពេញ ភាគីទាំងពីរបានឯកភាពសហការក្នុងការពន្លឿនបើកដំណើរការជាផ្លូវការនូវច្រកទ្វារព្រំដែនដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាពគ្នារួចហើយ ព្រមទាំងពិនិត្យលទ្ធភាពបង្កើតច្រកទ្វារព្រំដែនថ្មី ដើម្បីពង្រឹងនិងសម្របសម្រួលដល់សកម្មភាពពាណិជ្ជកម្ម និងការដឹកជញ្ជូនឆ្លងកាត់ព្រំដែន។ ដើម្បីសម្រួលដល់ការឆ្លងកាត់ព្រំដែន និងដោះស្រាយបញ្ហាកកស្ទះនៅមាត់ច្រកទ្វារព្រំដែន ភាគីខ្មែរនិងថៃក៏ឯកភាពគ្នាធ្វើការយ៉ាងជិតស្និទ្ធលើការធ្វើសាមញ្ញកម្ម និងកាត់បន្ថយនូវបែបបទនីតិវិធីស្មុគស្មាញនៃការឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរផងដែរ។

ចំពោះការបង្ការទប់ស្កាត់ និងការបង្ក្រាបបទល្មើសឆ្លងកាត់ព្រំដែនវិញ ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារជាតិ សំដៅថែរក្សា ឱ្យបានរឹងមាំនូវសន្តិភាព ស្ថិរភាព សន្តិសុខរបស់ប្រទេសនីមួយៗ។ ទ្វេភាគីជំរុញឱ្យអាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីទប់ស្កាត់ និងឃាត់ខ្លួនមេខ្យល់ដែលជាប់ពាក់ព័ន្ធនឹងការនាំពលករឆ្លងដែនខុសច្បាប់ចូលប្រទេសផងដែរ រួមទាំងជំរុញការបណ្តុះបណ្តាលវិជ្ជាជីវៈជូនដល់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន ដើម្បីលើកកម្ពស់សមត្ថភាពជំនាញស្របតាមតម្រូវការទីផ្សារការងារ។ 

រីឯការគ្រប់គ្រងព្រំដែន ភាគីទាំងពីរបន្តបង្កើនកិច្ចសហការ និងផ្តល់ការគាំទ្រដល់ការងារវាស់វែង និងកំណត់ព្រំដែនគោករវាងប្រទេសទាំងពីរ ព្រមទាំងបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្ត មិនបណ្តែតបណ្តោយឱ្យបញ្ហាព្រំដែនជះឥទ្ធិពលដល់ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពគ្នាថាភាគីទាំងពីរគួរចៀសវាងចំពោះសកម្មភាពទាំងឡាយដែលរំលោភបំពានលើខ្សែបន្ទាត់ព្រំដែនដែលមានស្រាប់ និងមិនធ្វើការងារអ្វីដែលអាចធ្វើឱ្យមានការប្រែប្រួលបរិស្ថាននៃតំបន់ព្រំដែននោះឡើយ។ 

ភាគីទាំងពីរជំរុញការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនដូចជា ការផ្គូផ្គងពាណិជ្ជកម្ម ការជំរុញរៀបចំសិក្ខាសាលាវិនិយោគ ពិព័រណ៍ ពាណិជ្ជកម្ម ការលើកដាក់ទំនិញ ការនាំចេញនាំចូលផលិតផលកសិកម្ម រួមទាំងការជួយសម្រួលដល់ការដឹកជញ្ជូនកសិផលឆ្លងដែនជាពិសេសនៅរដូវប្រមូលផលជាដើម។ ជារួម ភាគីទាំងពីរវាយតម្លៃខ្ពស់ចំពោះកងកម្លាំងនិងអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសទាំងពីរ ដែលបានខិតខំប្រឹងប្រែងរក្សាសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅតំបន់ព្រំដែននៃប្រទេសទាំងពីរ ព្រមទាំងឯកភាពបង្កើនកិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត